ព័ត៌មានជាតិ

លោក ឃួង ស្រេង បញ្ជាឲ្យចាប់ ឡាន-ម៉ូតូ​ បើល្មើសបម្រាម ធ្វើដំណើរ ពីម៉ោង៨យប់ដល់៥ភ្លឺ ក្នុង២សប្តាហ៍

ភ្នំពេញ ៖ ភ្លាមៗបន្ទាប់ពីចេញសេចក្តីសម្រេច ស្ដីពីការអនុវត្តវិធានការរដ្ឋបាល ជាបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ការ រីករាលដាលជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ ដោយផ្អាកជាបណ្តោះអាសន្ន នូវការធ្វើចរាចរ និងសកម្មភាពអាជីវកម្ម ក៏ដូចការប្រមូលផ្តុំនានា នាពេលយប់ ២សប្តាហ៍ហើយនោះ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានបញ្ជាក់បន្ថែមថា បើនៅតែបន្តរឹងទទឹង ធ្វើដំណើរ ក្នុងចន្លោះម៉ោង៨យប់ ដល់ម៉ោង៥ភ្លឺ សមត្ថកិច្ចនឹងឃាត់យានជំនិះ ទុក១៤ថ្ងៃ ហើយតម្រូវឲ្យម្ចាស់ធ្វើចត្តាឡីស័ក១៤ថ្ងៃនៅផ្ទះផងដែរ ។

លោក ឃួង ស្រេង បានធ្វើការបញ្ជាក់ជាថ្មី នារសៀលថ្ងៃទី១ មេសា ទៅឲ្យគណៈបញ្ជាការឯកភាព រាជធានីភ្នំពេញ ក៏ដូចជាគណៈបញ្ជាការ ឯកភាពខណ្ឌទាំង១៤ ឲ្យពិនិត្យ និងអនុវត្តឲ្យបានម៉ឺងម៉ាត់ នូវសេចក្តីសម្រេចដោយកំណត់ថា “ក្នុងករណីណែនាំល្ងាចនេះហើយ ថ្ងៃស្អែកយើងអនុវត្តនូវ សេចក្តីសម្រេចរបស់យើង ដោយឃាត់មនុស្សដែលធ្វើចរាចរមិនអនុវត្តសេចក្តីសម្រេច យកទៅធ្វើចត្តាឡីស័ក នៅក្នុងខណ្ឌមួយៗ រៀងៗខ្លួននោះ សូមកែថា យើងកុំចាំបាច់ ឃាត់គាត់ តែយើងរក្សាទុក សម្ភារៈមធ្យោបាយរបស់គាត់” ។

លោកអភិបាលរាជធានីភ្នំពេញ បញ្ជាក់ថា “ឧទាហរណ៍ថា បើគាត់ជិះម៉ូតូ យកម៉ូតូទៅទុក ហើយឲ្យមនុស្សទៅធ្វើចត្តាឡីស័ក នៅផ្ទះរបស់គាត់ ជិះឡានយកឡានទៅទុក ហើយឲ្យមនុស្សទៅធ្វើចត្តាឡីស័កនៅផ្ទះគ្រប់១៤ថ្ងៃ ទើបឲ្យគាត់មកទទួលសម្ភារៈនេះឡើងវិញ ។ ក្នុងករណីដែលគាត់ទៅធ្វើចត្តាឡីស័ក អាជ្ញាធរមូលដ្ឋានពិនិត្យឃើញថា គាត់មិនអនុវត្ត តាមការណែនាំ របស់សមត្ថកិច្ចយើង នោះយើងនិង អនុវត្តនូវការផាកពិន័យបន្តទៀត ។ នេះជាការកែតម្រូវ នឹងសេចក្តីណែនាំបន្ថែម សូមឲ្យគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ក៏ដូចជាគណៈឯកភាព ខណ្ឌទាំង១៤អនុវត្តគោលការណ៍នេះ” ។

សូមបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញនៅថ្ងៃ១ មេសា បានចេញសេចក្តីសម្រេច ស្ដីពីការអនុវត្តវិធានការរដ្ឋាបាល ជាបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ការ រីករាលដាលជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ដ្រ រាជធានីភ្នំពេញ ក្នុងនោះ ផ្អាកជាបណ្តោះអាសន្ន នូវការធ្វើចរាចរ សកម្មភាពអាជីវកម្ម និងការប្រមូលផ្តុំនានា នាពេលយប់ ចាប់ពីម៉ោង៨យប់ ដល់ម៉ោង៥ភ្លឺ ក្នុងរយៈពេល២សប្តាហ៍ គិតចាប់ពីថ្ងៃទី១ ដល់ ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ ។

ចំពោះអាជីវកម្ម ដែលតម្រូវឲ្យផ្អាកនោះ គឺផ្នែកអាហារនិងភេសជ្ជៈ ដូចជា តូបអាហារ អាហារដ្ឋាន ភោជនីយដ្ឋាន ហាងកាហ្វេ ហាងភេសជ្ជៈ និងភោជនីយដ្ឋាន នៅតាមសណ្ឋាគារ ប៉ុន្តែទីតាំងអាជីវកម្មទាំងអស់ អាចលក់ជាលក្ខណៈវេជ្ជខ្ចប់បាន ៕

To Top