Covid-19

កិច្ចសហការ និងជំនួយរបស់ចិន ក្នុងការទប់ស្កាត់កូវីដ១៩ នៅកម្ពុជា សំណួរទៅកាន់លោក Wang Wentian ឯកអគ្គរដ្ឋទូតចិន

សំណួរទី១៖ ឯកឧត្តមឯកអគ្គរដ្ឋទូត ជាសំណួរបឋមរបស់ខ្ញុំ តើឯកឧត្តមយល់យ៉ាងណា ចំពោះវិធានការទប់ស្កាត់កូវីដ ១៩ និងការពន្លឿនការចាក់វ៉ាក់សាំងដល់ពលរដ្ឋ របស់ រដ្ឋាភិបាលកម្ពុជានាពេលកន្លងមកនិងបច្ចុប្បន្ននេះ?

ឆ្លើយ៖ ក្នុងនាមជាមន្រ្តីការទូតមួយរូប ខ្ញុំតាមពិតទៅមិនគួរអត្ថាធិប្បាយ អំពីកិច្ចការផ្ទៃក្នុងរបស់ប្រទេសកម្ពុជាទេ ប៉ុន្តែលោកបានលើកឡើងជាសំណួរហើយ ខ្ញុំនឹងលើកពីអារម្មណ៍ផ្ទាល់របស់ខ្ញុំ៖
ដំបូង ខ្ញុំយល់ថាស្ថិតក្រោមការដឹកនាំ ដ៏ឈ្លាសវៃរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន កិច្ចទប់ស្កាត់លើជំងឺវីរុសនៅក្នុងប្រទេសកម្ពុជា ត្រូវបានអនុវត្តយ៉ាងល្អប្រសើរ។ ហើយកម្ពុជាគឺជាប្រទេសមួយក្នុងចំណោមជាច្រើនដែលមានលទ្ធផលល្អបំផុតលើកិច្ចទប់ស្កាត់នឹងជំងឺវីរុស ក៏ទទួលបានការទទួលស្គាល់ពីសហគមន៍អន្តរជាតិ។

ទី២គឺ ការប្រកាន់ខ្ជាប់នូវគោលការណ៍”យកប្រជាជនជាធំ”។ ដើម្បីកាត់បន្ថយបន្ទុករបស់ប្រជាពលរដ្ឋ រដ្ឋាភិបាលបានដាក់ចេញ នូវគោលនយោបាយដោយផ្តល់ការធ្វើចត្ថាឡីស័ក ព្យាបាល និងចាក់វ៉ាក់សាំងដោយ ឥតគិតថ្លៃជូនដល់ប្រជាជន បានផ្តល់ប្រាក់ឧបត្ថម្ភដល់គ្រួសារ ដែលទទួលរងផលប៉ះពាល់ នៃជំងឺវីរុសកូវីដ និងបានខិតខំជួយសង្គ្រោះអ្នក ដែលមានផ្ទុកជំងឺវីរុសកូវីដ-១៩។

ទី៣គឺ កម្ពុជាយកចិត្តទុកដាក់លើ កិច្ចសហប្រតិបត្តិការអន្តរជាតិ លើការទប់ស្កាត់នឹងជំងឺវីរុសកូវីដ-១៩។ កម្ពុជាបានយកចិត្តទុកដាក់ខ្លាំង ជាមួយកិច្ចសហប្រតិបត្តិការ ជាមួយការិយាល័យអង្គការ សុខភាពពិភពលោកប្រចាំកម្ពុជា ក៏ដូចជាប្រទេសចិននិងបណ្តាប្រទេសជាមិត្តផងដែរ។ ខណៈពេលដែលមានការផ្ទុះឡើងនូវជំងឺវីរុស កម្ពុជាក៏បានផ្តល់ជំនួយជាសម្ភារទប់ស្កាត់នឹងជំងឺវីរុសជាច្រើនដល់ ប្រទេសជាមិត្តមានដូចជា ប្រទេសចិនជាដើម។ សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអនុញ្ញាតឲ្យនាវាបរទេស ដែលគ្មានទីចុះចតអាចចុះចតបានក្នុងកំពង់ផែខេត្តព្រះសីហនុ នេះបានបង្ហាញពីស្មារតីមនុស្សធម៌ អន្តរជាតិដ៏ថ្លៃថ្លារបស់កម្ពុជាទៅកាន់ពិភពលោក។

ជារួម ស្ថានភាពជំងឺវីរុសនៅក្នុងប្រទេសកម្ពុជា អាចគ្រប់គ្រងបានល្អ ទោះបីជាមានការផ្ទុះឡើងសាជាថ្មីនៃជំងឺវីរុសក៏ពិតមែន ប៉ុន្តែខ្ញុំជឿជាក់ថា ក្រោមការដឹកនាំរបស់សម្ដេចនាយករដ្ឋមន្រ្តី ប្រទេសកម្ពុជាប្រាកជាអាចយកឈ្នះ លើការប្រយុទ្ធប្រឆាំងនឹងជំងឺវីរុសមួយនេះ យ៉ាងជោគជ័យជាមិនខាន។

ចំពោះការងារចាក់វ៉ាក់សាំង នៅក្នុងប្រទេសកម្ពុជាវិញ ខ្ញុំយល់ថាត្រូវបានដំណើរការយ៉ាងរលូនបំផុត។ ប្រទេសកម្ពុជា គឺជាប្រទេសមួយក្នុងចំណោមប្រទេសអាស៊ាន មួយចំនួនដែលបានចាក់វ៉ាក់សាំងកូវីដមុនគេ។ ដើម្បីអនុវត្តការងារចាក់វ៉ាក់សាំង ប្រកបដោយសណ្ដាប់ធ្នាប់ រដ្ឋាភិបាលបានបង្កើតគណកម្មាធិការ បញ្ជាទិញវ៉ាក់សាំង (ឬគណកម្មាធិការលទ្ធកម្មវ៉ាក់សាំង) និងគណកម្មាធិការចាក់វ៉ាក់សាំង។ បានខិតខំយ៉ាងសកម្ម ក្នុងការទទួលបានវ៉ាក់សាំងកាន់តែច្រើន ម្យ៉ាងវិញទៀតបានរៀបចំការងារ ចាក់វ៉ាក់សាំងដោយផ្អែក តាមក្រុមអាទិភាព និងតាមលំដាប់លំដោយ។ យើងជឿជាក់ថា ដោយមានការសម្របសម្រួល ពីរដ្ឋាភិបាលកម្ពុជានិងកិច្ចសហការយ៉ាងសកម្មពីប្រជាជន ភាគីកម្ពុជានឹងអាចសម្រេចបាន នូវផែនការចាក់វ៉ាក់សាំងកូវីដដែលបានកំណត់ដោយរាជរដ្ឋាភិបាល ក្នុងពេលឆាប់ៗនេះ។

សំណួរទី២៖ ចិនត្រូវបានគេមើលឃើញថា ជាប្រទេសដែលបានចូលរួម យ៉ាងសកម្មជាមួយ រដ្ឋាភិបាលកម្ពុជាក្នុងការទប់ស្កាត់កូវីដ ១៩ ដោយចិនបានជួយទាំងសម្ភារ និងក្រុមគ្រូពេទ្យជំនាញ ហើយថ្មីៗនេះទៀត ចិនក៏ផ្តល់វ៉ាក់សាំង Sinopharm ដល់កម្ពុជា ដំបូងគេផងដែរ។ តើមានកត្តាអ្វីខ្លះ បានជារដ្ឋាភិបាលចិនប្រឹងប្រែង ជួយដល់កម្ពុជាបែបនេះ? ហេតុអ្វីបានចិនផ្តល់វ៉ាក់សាំងដល់កម្ពុជាមុនគេ?

ឆ្លើយ៖ចិននិងកម្ពុជាគឺជាមិត្តដែកថែប និងជាសហគមន៍ជោគវាសនារួម ដែលតែងគាំទ្រគ្នានិងជួយគ្នាទៅវិញទៅមក។ ចាប់តាំងពីមានការផ្ទុះឡើងនៃជំងឺវីរុសកូវីដ-១៩មក ប្រជាជនទាំងពីរប្រទេសបានរួមសុខទុក្ខជាមួយគ្នា ជួយយកអាសាគ្នាទៅវិញទៅមក បង្កើតបានជាគំរូនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ លើកិច្ចទប់ស្កាត់នឹងជំងឺវីរុស។

ខណៈពេលដែលចិនស្ថិតក្នុងគ្រាលំបាកបំផុត នៃកិច្ចទប់ស្កាត់នឹងជំងឺវីរុសកូវីដ-១៩ ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គលដែលព្រះអង្គទាំងទ្វេ បានសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានជាសម្ភារ និងព្រះរាជទ្រព្យដ៏ឧត្តុង្គឧត្តម ជូនដល់ប្រជាជនចិន។ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានបំពេញទស្សនកិច្ចជាបន្ទាន់ទៅកាន់ប្រទេសចិនខណៈពេលដែល កំពុងតែធ្លាក់ព្រិលយ៉ាងខ្លាំង។ សម្ភារៈសម្រាប់កិច្ចទប់ស្កាត់នឹងជំងឺវីរុសដែលទីក្រុងអ៊ូហាន់ទទួលបាន មុនគេពីក្រៅប្រទេសគឺ មកពីប្រទេសកម្ពុជា។

ក្រោយពីកម្ពុជាមានការ ផ្ទុះឡើងនូវជំងឺវីរុសកូវីដ-១៩មក ដើម្បីសងគុណ រដ្ឋាភិបាលចិននិងកងទ័ពរំដោះប្រជាជនចិន បានចាត់បញ្ជូនក្រុមអ្នកជំនាញ វេជ្ជសាស្រ្តមកកាន់ប្រទេសកម្ពុជាដែលជាប្រទេសដំបូងគេក្នុងតំបន់ និងនៅលើពិភពលោក និងបានផ្តល់ជំនួយជាសម្ភារ ទប់ស្កាត់នឹងជំងឺវីរុសយ៉ាងច្រើនផងដែរ។ ក្រោយពីវ៉ាក់សាំងចិន មានលក្ខខណ្ឌគ្រប់គ្រាន់ ក្នុងការប្រើប្រាស់នៅលើទីផ្សារ ភាគីចិនបានផ្តល់ជំនួយជា វ៉ាក់សាំងមុនគេមកកាន់ប្រទេសកម្ពុជា។ នេះគឺជាអត្ថន័យនៃមិត្តភាពដែកថែប រវាងប្រទេសទាំងពីរ និងសហគមន៍ជោគវាសនារួម។

សំណួរទី៣៖ និយាយដល់ចំណុចនេះ ខ្ញុំចង់បើករង្វង់ក្រចកឆ្លៀត សួរឯកឧត្តមទាក់ទង នឹងដំណើរទៅកាន់ប្រទេសចិនកាលពីថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ ២០២០ របស់សម្តេចតេជោ ក្នុងពេលដែលប្រទេសខ្លះរើសអើងចិនពេលនោះ ដោយសារកូវីដ ១៩។ តើដោយសារដំណើរ ទៅកាន់ប្រទេសចិនពេលនោះរបស់សម្តេច ហ៊ុន សែន ធ្វើឲ្យរដ្ឋាភិបាលនិងប្រជាជនចិនរំភើប ទើបក្លាយជាមូលហេតុសំខាន់មួយក្នុងចំណោម មូលហេតុផ្សេងទៀត ដែលចិន ជួយជ្រោមជ្រែងកម្ពុជានៅពេលនេះ?

ឆ្លើយ៖ សម្តេចតេជោនាយករដ្ឋមន្រ្តី ជាប្រមុខរដ្ឋនៃរដ្ឋាភិបាលបរទេស ដំបូងគេដែលបានបំពេញទស្សនកិច្ចក្នុងប្រទេសចិន ខណៈពេលដែលចិនកំពុងផ្ទុះឡើងនូវជំងឺវីរុសកូវីដ-១៩។ នាពេលនោះ រដ្ឋធានីប៉េកាំងកំពុងតែធ្លាក់ព្រិលយ៉ាងខ្លាំង ក្រោយពីសម្តេចតេជោអញ្ជើញចុះពីយន្តហោះ ឯកឧត្តម Wang Yi ទីប្រឹក្សារដ្ឋចិនបានឱបស្វាគមន៍ យ៉ាងស្និទជាមួយសម្តេចតេជោ បានធ្វើឱ្យបេះដូងប្រជាជនចិន ទូទាំងប្រទេសមានភាពកក់ក្តៅជាខ្លាំង។ មិត្តក្នុងបណ្ដាញប្រព័ន្ធអ៊ីនធើណេតបានវាយតម្លៃខ្ពស់ ជាមួយដំណើរទស្សនកិច្ច ជាបន្ទាន់របស់សម្តេចតេជោ និងបានប្រសិទ្ធនាមថា សម្តេចជាវីរបុរសសង្ហារ ក្នុងដំណើរបញ្រ្ចាសទិស។ សម្តេចក៏ទទួលបានការកោតសរសើរខ្ពស់ពីសហគមន៍អន្តរជាតិ។

ដំណើរជាក់ស្តែងនៃ ដំណើរទស្សនកិច្ចលើកនេះ បានបង្ហាញពីការគាំទ្ររបស់សម្ដេចនាយករដ្ឋមន្រ្តីនិងប្រជាជនកម្ពុជា ជូនចំពោះភាគីចិនក្នុងការ ប្រយុទ្ធប្រឆាំងនឹងជំងឺវីរុស បានបញ្ជាក់ពីអត្ថន័យស្នូលនៃ សហគមន៍ជោគវាសនារួមរវាងចិន និងកម្ពុជា ដូចសុភាសិតមួយតែងពោលថា ស្គាល់មិត្តល្អក្នុងគ្រាលំបាក។ ក៏ត្រូវបានចារក្នុងប្រវត្តិសាស្ត្រ នៃទំនាក់ទំនងចំណងមិត្តភាពរវាងចិននិងកម្ពុជា។

ផ្ទាំងពាណិជ្ជកម្ម

សំណួរទី៤៖ វ៉ាក់សាំងដែលចិនផ្តល់ដល់កម្ពុជា បានទទួលការសាទរពីពលរដ្ឋខ្មែរជាទូទៅ ក៏ប៉ុន្តែវ៉ាក់សាំងចិននេះ ក៏ក្លាយជាប្រធានបទរបស់ ជនកេងចំណេញនយោបាយខ្លះ បានយក រឿងវ៉ាក់សាំងចិននេះ ជាប្រធានបទវាយប្រហារ និងបំភ័យថា វ៉ាក់សាំងចិនធ្វើឲ្យមាន គ្រោះថ្នាក់ដល់ស្លាប់ និងស្តីបន្ទោសរដ្ឋាភិបាលកម្ពុជាថា យកវ៉ាក់សាំងចិនមកសម្លាប់ ប្រជាជនឯង។ តើអ្វីជាការពន្យល់របស់ឯកឧត្តមចំពោះបញ្ហានេះ?

ឆ្លើយ៖ សុវត្ថិភាពនិងប្រសិទ្ធភាពនៃវ៉ាក់សាំងចិន ត្រូវបានបញ្ជាក់យ៉ាងច្បាស់លាស់។ នាពេលបច្ចុប្បន្ននេះ ជាង ៧០ ប្រទេសបានអនុញ្ញាតឱ្យប្រើ វ៉ាក់សាំងចិនជាបន្តបន្ទាប់។ តាមតួលេខវ៉ាក់សាំងដែលត្រូវបានចាក់ នៅក្នុងប្រទេសចិនមានចំនួនលើសពី ១២០ លានដូស ប្រទេសកម្ពុវិញអ្នកចាក់វ៉ាក់សាំងចិន មានចំនួនរាប់សិបម៉ឺននាក់ ក៏មិនទាន់ឃើញមាន ករណីប្រតិកម្មណាធ្ងន់ធ្ងរកើតឡើងដែរ។ បុគ្គលមួយចំនួនបានបង្កើតពាក្យ ចចាមអារ៉ាមលើបណ្ដាញអ៊ីនធើណេតថា វ៉ាក់សាំងចិនមិនមានសុវត្ថិភាព បុគ្គលមួយចំនួនធ្វើបែបនេះ ក្នុងគោលបំណងចង់ទាក់ទាញ ក្រសែភ្នែកដោយតាមរយៈព័ត៌មានមិនពិតទាំងនេះ ក៏មួយចំនួនទៀតមានគោលបំណង នយោបាយចង់បង្ខូចឈ្មោះចិន និងចង់ជ្រៀតជ្រែកការងារទប់ស្កាត់ នឹងជំងឺវីរុសនៅក្នុងប្រទេសកម្ពុជា។ ចិនមានសុភាសិតមួយតែងពោលថា ការពិតនៃរឿងរ៉ាវអាចយកឈ្នះ រាល់ពាក្យចចាមអារ៉ាមទាំងឡាយ សុវត្ថិភាពនិងប្រសិទ្ធភាពនៃវ៉ាក់សាំងចិន នឹងបង្ហាញបញ្ជាក់ជូនអ្នកទាំងអស់គ្នា នាពេលក្រោយនេះ។ ទាក់ទងនឹងពាក្យចចាមអារ៉ាមថា រដ្ឋាភិបាលកម្ពុជាប្រើប្រាស់វ៉ាក់សាំងចិន ដើម្បីសម្លាប់ប្រជាជនខ្លួនជាពាក្យផ្តេសផ្ដាស មិនគួរនិយាយបែបនេះនោះទេ។ ពាក្យចចាមអារ៉ាមតាមប្រព័ន្ធអ៊ីនធើណេត អាចបង្កឱ្យមានផលប៉ះពាល់អវិជ្ជមានមួយចំនួន។ ដោយសារតែជំងឺវីរុសកូវីដ-១៩គឺជាបញ្ហាថ្មីមួយ ហើយវ៉ាក់សាំងក៏ជារឿងរ៉ាវថ្មីមួយដែរ។ អ្នកទាំងអស់គ្នាប្រហែលជា ត្រូវចាំមួយរយៈពេលទៀត។ យល់ល្អ រដ្ឋាភិបាលគួរបន្តពង្រឹងការងារ ផ្សព្វផ្សាយស្តីអំពីការចាក់វ៉ាក់សាំង ដើម្បីឲ្យប្រជាជនយល់ កាន់តែច្បាស់អំពីវ៉ាក់សាំង ដែលជាឧបករណ៍ដ៏មានប្រសិទ្ធភាពមួយ ក្នុងការបញ្ឈប់ការរីករាលដាល នៃជំងឺវីរុសកូវីដ-១៩ ដ៏ធ្ងន់ធ្ងរមួយនេះបាន។

សំណួរទី៥៖ ឯកឧត្តមអគ្គរដ្ឋទូត ប្រហែលជាធ្លាប់ឮដែរថា គ្រាន់តែសម្តេចតេជោ ប្រកាស មិនចាក់វ៉ាក់សាំងស៊ីណូហ្វាមរបស់ចិនក្រោមហេតុផលលើសអាយុ ក៏មានជនខ្លះបរិហារថា សម្តេចតេជោ មិនចាក់វ៉ាក់សាំងចិន ទៅចាក់វ៉ាក់សាំង AstraZeneca នឹងធ្វើឲ្យចិនខឹង។ តើសម្រាប់ឯកឧត្តម ចាត់ទុកការចោទប្រកាន់នេះ ក្នុងរូបភាពបែបណា?

ឆ្លើយ៖ មតិដែលតែងពោលថា សម្តេចតេជោមិនចាក់វ៉ាក់សាំងចិន នឹងធ្វើឲ្យចិនខឹងគឺជាពាក្យសម្តីដែលមិនសមហេតុផលបំផុត។ អ្នកទាំងអស់គ្នាប្រាកដជាដឹងហើយថា ក្រោយពីសម្ដេចបានចាក់វ៉ាក់សាំងរួច ស្ថានទូតចិនប្រចាំកម្ពុជា បានបង្ហោះសារអបអរសាទរលើ page ផ្លូវការរបស់ស្ថានទូតផ្ទាល់។ ចិនតែងមានសុភាសិតមួយពោលថា “មិនថាឆ្មាសឬឆ្មាខ្មៅទេឱ្យតែចេះ ចាប់កណ្ដុរសុទ្ធតែជាឆ្មាល្អ”។

ដូច្នេះហើយ មិនថាជាវ៉ាក់សាំងចិន ឬវ៉ាក់សាំងផ្សេងទៀត ឱ្យតែអាចជួយប្រជាជនកម្ពុជាក្នុងការទប់ទល់ជាមួយការយាយី នៃជំងឺវីរុសកូវីដ-១៩ អាចដើរតួយ៉ាងសកម្ម ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺវីរុស ការចាក់វ៉ាក់សាំងប្រភេទណាក៏ដោយ សុទ្ធតែជាបញ្ហាបច្ចេកទេសទាំងស្រុង មិនគួរយកវាធ្វើជាឈ្នាន់នៃនយោបាយឡើយ។

សំណួរទី៦៖ តើរដ្ឋាភិបាលចិន មានផែនការឬផ្តល់ជំនួយ អ្វីបន្ថែមទៀតសម្រាប់ជួយ ទប់ស្កាត់កូវីដ ១៩ នៅកម្ពុជានេះ? តើចិនអាចនឹងផ្តល់ជំនួយ ឥតសំណងនៅវ៉ាក់សាំង បន្ថែមទៀតដល់កម្ពុជា ក្រៅតែពីផ្តល់មួយលានដូសឲ្យរួចហើយនោះ?

ឆ្លើយ៖ នាថ្ងៃទី៧ ខែកុម្ភៈ វ៉ាក់សាំងដែលជាជំនួយ ជំហានដំបូងរបស់ចិនចំនួន ៦០ម៉ឺនដូសត្រូវបានដឹកជញ្ជូនមកកាន់រាជធានីភ្នំពេញ។ ភាគីចិនបានផ្តល់វ៉ាក់សាំងដែលជាជំនួយជំហានទី២ចំនួន ៧០ម៉ឺនដូស ត្រូវបានដឹកជញ្ជូនមកដល់រាជធានីភ្នំពេញ កាលពីម្សិលមិញនេះ។ តាមពិតទៅ ជំនួយឥតសំណងជាវ៉ាក់សាំងមានចំនួន ១,៣លានដូសហើយ។ ខ្ញុំជឿជាក់ថា ប្រទេសចិននឹងបន្តផ្តល់ជំនួយឥតសំណង ជាវ៉ាក់សាំងដល់ប្រទេសកម្ពុជា នាពេលខាងមុខនេះ។ ខ្ញុំសង្ឃឹមថា នៅពេលមិនយូរខាងមុខនេះ ខ្ញុំនឹងអាចមកទទួលស្វាគមន៍ វ៉ាក់សាំងចិនបន្តទៀតនៅក្នុងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។

កាលពីយប់មិញ ខ្ញុំនិងរដ្ឋមន្រ្តីសុខាភិបាលបាន ចូលរួមពិធីប្រគល់និងទទួលវ៉ាក់សាំង ហើយខ្ញុំក៏បានលើកឡើងថា ភាគីចិននឹងមិនត្រឹមតែបន្តផ្តល់ ជំនួយឥតសំណងជាវ៉ាក់សាំងនោះទេ នឹងបន្តផ្តល់អាទិភាពលើកិច្ចការ បញ្ជាទិញវ៉ាក់សាំងសម្រាប់ ភាគីកម្ពុជាផងដែរ។

ក្រៅពីនេះ មន្ទីរពិសោធន៍តេស្តរកជំងឺវីរុសកូវីដ ក្នុងខេត្តព្រះសីហនុដែល បានជួយសាងសង់ដោយភាគីចិននឹងបញ្ចប់ការដ្ឋានសាងសង់ ក្នុងពាក់កណ្ដាលខែមេសាខាងមុខនេះ បរិក្ខារដែលពាក់ព័ន្ធបានបញ្ជូនមកដល់ ប្រទេសកម្ពុជាហើយ ហើយសមត្ថភាពនៃ ការតេស្ដរកជំងឺវីរុសក្នុងមន្ទីរពិសោធន៍នេះអាចរហូតដល់ ១០០០នាក់/ថ្ងៃ។ ទន្ទឹមនឹងនេះ ភាគីចិននឹងបញ្ជូនអ្នកជំនាញវេជ្ជសាស្ត្រទៅកាន់ខេត្តព្រះសីហនុ ដើម្បីធ្វើការតំឡើងបរិក្ខារ និងបណ្តុះបណ្តាលជូនដល់បុគ្គលិកនៅទីនោះ។ សរុបសេចក្តីមក ភាគីចិនផ្តល់ជំនួយក្នុងកិច្ច ទប់ស្កាត់នឹងជំងឺវីរុសដល់ភាគីកម្ពុជា ដោយទាន់ពេលវេលាទៅតាម លទ្ធភាពដែលធ្វើបាន និងស្របតាមតម្រូវការ របស់ភាគីកម្ពុជា។

សំណួរទី ៧៖ ចុងក្រោយ តើឯកឧត្តម Wang Wentian មានសារអ្វីទៅកាន់ប្រជាជនកម្ពុជា និងប្រជាជនចិនកំពុងរស់នៅកម្ពុជា?

ឆ្លើយ៖ ខ្ញុំចង់ជម្រាបជូនមិត្តភក្តិកម្ពុជា ឱ្យបានជ្រាបថា ចិននិងកម្ពុជាជាបងប្អូនល្អនឹងគ្នាដែលប្រៀបដូចដៃនិងជើង គឺជាមិត្តល្អនឹងគ្នា ដែលតែងជួយគ្នាទៅវិញទៅមក។ ដរាបណាជំងឺកូវីដនៅក្នុងប្រទេសកម្ពុជាមិនទាន់បញ្ចប់ ការផ្តល់ជំនួយរបស់ចិនមកកាន់ ប្រទេសកម្ពុជាក៏មិនអាចបញ្ឈប់បានឡើយ។ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺវីរុសកូវីដ ប្រជាជនចិនបន្តគាំទ្រជាមួយប្រជាជនកម្ពុជាជានិច្ច។

ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមជម្រាបជូនដល់ប្រជាពលរដ្ឋចិន ដែលរស់នៅក្នុងប្រទេសកម្ពុជាឲ្យបានជ្រាបថា មជ្ឈិមបក្សនិងរដ្ឋាភិបាលចិន បានយកចិត្តដាក់ខ្ពស់ ចំពោះសុខភាពរបស់អ្នកទាំងអស់គ្នា។ រដ្ឋាភិបាលកំពុងតែជំរុញ សកម្មភាពនៃចាក់វ៉ាក់សាំងនិទាឃរដូវ (Spring vaccination) ជូនដល់ប្រជាពលរដ្ឋចិនដែលកំពុង រស់នៅក្រៅប្រទេស។ បច្ចុប្បន្ននេះ ស្ថានទូតចិនប្រចាំកម្ពុជាបានអនុវត្តតាមសេចក្តីតម្រូវការ របស់ក្រសួងសុខាភិបាលកម្ពុជា និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានសម្រេចផ្តល់ការចាក់វ៉ាក់សាំង ជូនដល់ប្រជាពលរដ្ឋចិនដែលរស់នៅក្នុងប្រទេសកម្ពុជា ដោយការស្ម័គ្រចិត្ត រួមទាំងជនរួមជាតិហុងកុង ម៉ាកាវ និងតៃវ៉ាន់ បញ្ជីឈ្មោះបានប្រគល់ជូនភាគីកម្ពុជារួចហើយ។ ជាជំហានបន្ទាប់ ស្ថានទូតចិននឹងបន្តកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ជាមួយភាគីកម្ពុជា អាចដំណើរការសកម្មភាព នៃចាក់វ៉ាក់សាំងនិទាឃរដូវ (Spring vaccination) ដែលជាការលើកឡើងដោយ រដ្ឋាភិបាលចិនបានយ៉ាងឆាប់រហ័សនៅក្នុងប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះ ខ្ញុំក៏សង្ឃឹមថាអ្នកទាំងអស់គ្នា នឹងគោរពយ៉ាងខ្ជាប់ខ្ជួននូវគោលនយោបាយ និងវិធានការរបស់កម្ពុជា ស្តីពីការការពារជំងឺវីរុសកូវីដ-១៩ ដើម្បីជាពលរដ្ឋចិនដែលមានទំនួលខុសត្រូវ និងប្រកបដោយអរិយធម៌ និងគោពច្បាប់បានយ៉ាងល្អ។
ជាចុងបញ្ចប់នេះ ខ្ញុំសូមជូនពរមិត្តភក្តិទាំងអស់គ្នា មានសុខភាពល្អ ជោគជ័យរាល់ភារកិច្ចទាំងឡាយ ៕

To Top
×