ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ណែនាំឲ្យរៀបចំចាក់​ វ៉ាក់សាំងកូវីដ-១៩ ជូនអ្នកលក់ដូរ តាមផ្សារជាបន្ទាន់

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានណែនាំឲ្យភាគីពាក់ព័ន្ធ រៀបចំទីតាំងឲ្យបានត្រឹមត្រូវ ដើម្បីចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ ជូនអ្នកលក់ត្រី បន្លែសាច់ តាមទីផ្សារ (ក្រៅប្រព័ន្ធជាពិសេស) ហើយក៏ត្រូវរៀបចំចាក់ វ៉ាក់សាំងជូន អ្នករត់កង់បី តាក់ស៊ី និងអ្នកដឹកជញ្ជូនតាមអនឡាញ ព្រោះពួកគាត់មានហានិភ័យខ្ពស់ ក្នុងការឆ្លងជំងឺកូវីដ-១៩ ។

តាមរយៈសារសំឡេងពិសេស នារសៀលថ្ងៃទី២ ខែមេសា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា រាជធានីភ្នំពេញ ក្លាយជាចំណុចសំខាន់ នៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ជាពិសេសនោះ រាជធានីភ្នំពេញ គឺជាទីកន្លែងត្រូវទប់ស្កាត់ ហើយវ៉ាក់សាំង ក៏បានប្រើប្រាស់គ្រប់ រាជធានី-ខេត្ត។

សម្ដេចតេជោ មានប្រសាសន៍ថា «ប៉ុន្ដែសម្រាប់ទីក្រុងភ្នំពេញ ត្រូវប្រើប្រាស់ឲ្យបានច្រើនបំផុត តាមអាចធ្វើទៅបាន។ កន្លងទៅ ខ្ញុំបានអនុញ្ញាតរួចហើយ ឲ្យប្រើប្រាស់វ៉ាក់សាំងស៊ីណូហ្វាម៤០ម៉ឺនដូស ដើម្បីតម្រង់ឆ្ពោះទៅរកអ្នកមានហានិភ័យ ដូចជាអ្នករត់កង់បី តាក់ស៊ី និងរកស៊ីដទៃទៀត ទាំងអ្នកលក់ត្រី លក់បន្លែបង្ការ តាមផ្សារដែលហៅថា សេដ្ឋកិច្ចក្រៅប្រព័ន្ធ»។

សម្ដេចតេជោ បន្ដថា «ខ្ញុំគិតថា ចំនួន៤០ម៉ឺនដូសនេះ អាចប្រើប្រាស់បាន បន្ថែមទៅលើដែលយើងបាន ចាក់អាស្ដ្រា ហ្សឺណិការ ទៅឲ្យមនុស្សចាស់អាយុលើសពី៦០ឆ្នាំ ហើយតម្រង់ឆ្ពោសទៅអ្នកដែលរងហានិភ័យ ទាក់ទិនជាមួយនឹងមុ ខរបរក្រៅប្រព័ន្ធ ជាពិសេស នៅតាមទីផ្សារតែម្ដង។ ខ្ញុំស្នើ លោកជំទាវ ឱន វណ្ណឌីន ក៏ដូចជា ឯកឧត្តម ឃួង ស្រេង រៀបចំជាបន្ទាន់ទៅការចាក់ឲ្យ អ្នកលក់ត្រី អ្នកបន្លែបង្ការ អ្នករកស៊ីដែលមានផលប៉ះពាល់ ដែលអាចងាយឆ្លង តាមទីផ្សារឲ្យបានឆាប់រហ័ស»។

សម្ដេចតេជោ ក៏បានណែនាំឲ្យ អភិបាលរាជធានីភ្នំពេញ ត្រូវប្រមូលបញ្ជីឈ្មោះ និងរៀបចំទីតាំងសម្រាប់ចាក់វ៉ាក់សាំង ជូនអ្នកលក់ដូរ និងរកស៊ី តាមផ្សារ។
សម្ដេចថា ធ្វើយ៉ាងណាចាក់វ៉ាក់សាំងឲ្យបាន ២០ម៉ឺននាក់ ជូនអ្នកសេដ្ឋកិច្ច ក្រៅប្រព័ន្ធ ។

សម្ដេចតេជោ បញ្ជាក់ថា វ៉ាក់សាំងស៊ីណូហ្វាម គឺវ៉ាក់សាំងឆាប់ទទួលរវាង ដូសទី១ និងដូសទី២ ។ ដោយឡែក សម្ដេច និងភរិយា នឹងត្រូវចាក់វ៉ាក់សាំង អាស្ដ្រាហ្សឺណេការ នាថ្ងៃទី២៩ មេសា ខាងមុខនេះ នៅដូសទី២ ខណៈសម្ដេច និងភរិយា ចាក់ដូសទី១ កាលពីថ្ងៃទី៤ កុម្ភៈកន្លងទៅ៕

To Top