ព័ត៌មានជាតិ

កុមារអាយុ១០ឆ្នាំ ដែលបាត់ខ្លួន ជាករណីចាប់ជម្រិត និង សម្លាប់ចោល

ភ្នំពេញ ៖ កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ នៅវេលាម៉ោង៧ល្ងាច ឪពុកម្តាយ របស់ក្មេងអាយុ១០ឆ្នាំម្នាក់ បានរាយការណ៍ មកកម្លាំងសមត្ថកិច្ចខណ្ឌច្បារអំពៅ បន្ទាប់ពីក្មេងនេះ មិនបានត្រលប់មកផ្ទះ បន្ទាប់ពីបានទៅលេងទាត់បាល់ ។

សាក្សីបញ្ជាក់ប្រាប់ក្រុមគ្រួសារថា បានឃើញក្មេងរងគ្រោះជិះម៉ូតូឌុប មុនពេលបាត់ខ្លួន ។ អង្គភាពការពារកុមារ បានទទួលព័ត៌មាន នៅថ្ងៃទី១ ខែមេសា និងបានផ្តល់ជំនួយ ដល់កម្លាំងសមត្ថកិច្ច ក្នុងការស្វែងរកកុមាររងគ្រោះ។ ក្រុមការងារចម្រុះ ក៏បានពិនិត្យមើលកាមេរ៉ាសុវត្ថិភាព នៅតាមដងផ្លូវ ។ នៅវេលាម៉ោង៨យប់ ថ្ងៃទី០១ ខែមេសា កុមាររងគ្រោះ នៅក្នុងស្ថានភាពបាត់ខ្លួន នៅឡើយ ហើយការស៊ើបអង្កេតក៏បន្ត ។

យោងតាមតាមអង្គការការពារ កុមារបានបញ្ជាក់ថា នៅវេលាម៉ោង៤ និង៣០នាទីល្ងាច ថ្ងៃទី២ ខែ មេសា ឆ្នាំ២០២១ សាកសពកូនក្មេងមួយ ត្រូវបានរកឃើញនៅក្នុងគុម្ភព្រៃ ក្បែរផ្លូវធំមួយ នៅសង្កាត់ព្រែងឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

ក្រុមការងារស៊ើបអង្កេត បទល្មើសមនុស្សឃាត (HIT) និងក្រុមការងារបច្ចេកទេស និងវិទ្យាសាស្រ្ត (FST) នៃអង្គភាពការពារកុមារ (CPU) បានចូលរួមពិនិត្យកន្លែងកើតហេតុ និងទាក់ទងជាមួយមន្ត្រី នគរបាលពីនាយកដ្ឋានព្រហ្មទណ្ឌ និងនាយកដ្ឋានបច្ចេកទេស និងវិទ្យាសាស្រ្ត នៃនគរបាលដ្ឋានរាជធានីភ្នំពេញ ។ កន្លែងកើតហេតុត្រូវបានហ៊ុមព័ទ្ធ និងការត្រួតពិនិត្យកន្លែង កើតហេតុ ក៏បានធ្វើឡើង ។ អត្តសញ្ញាណសាកសពនេះ ត្រូវបានបញ្ជាក់ថា ជាសាកសពរបស់កុមាររងគ្រោះ ដែលបានបាត់ខ្លួន ឈ្មោះ ជា ផែនហេង អាយុ១០ឆ្នាំ ។

អង្គភាពការពារកុមារ (CPU) រួមជាមួយនឹងក្រសួងមហាផ្ទៃ និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបង្កើតជាក្រុមការងារចម្រុះ CHARLIE21 ដើម្បីធ្វើការស៊ើបអង្កេត ទៅលើករណីជម្រិតសម្លាប់ ទៅលើកុមារឈ្មោះ ជា ផែនហេង ។ មន្ត្រីស៊ើបអង្កេត បានបន្តការស៊ើបអង្កេត និងពិនិត្យមើលកាមេរ៉ាសុវត្ថិភាពបន្ថែម ហើយសូមស្នើទៅដល់មហាជន ដែលបានឃើញក្មេងនេះនៅជិតវត្តជ្រោយអំពិល កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ សូមមេត្តារាយការណ៍ទៅដល់កម្លាំង សមត្ថកិច្ច ឬអង្គភាព ការពារកុមារ (CPU) ។
ក្រុមការងារចម្រុះ នឹងធ្វើគ្រប់យ៉ាង ថែមទាំងប្រើប្រាស់គ្រប់ ធនធាន ដែលយើងមាន ដើម្បីកំណត់អត្តសញ្ញាណជនល្មើស ទាំងឡាយដែលមានការពាក់ព័ន្ធ ក្នុងការណីឃាតកម្មទៅលើកុមារនេះ ៕

To Top