ព័ត៌មានជាតិ

ប្រមុខការពារជាតិ ៖ ក្នុងពេលវេលាកាន់ តែលំបាកនិងគ្រោះថ្នាក់ សម្តេចតេជោ កាន់តែចូលកៀក ដើម្បីការពារអាយុជីវិត និងភាពសុខសាន្ត របស់ជនរួមជាតិ

ភ្នំពេញ ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានលើកឡើងថា ក្នុងពេលវេលាកាន់តែ លំបាកនិងគ្រោះថ្នាក់ សម្តេចតេជោ ហ៊ុន សែន កាន់តែចូលកៀក ដើម្បីការពារអាយុជីវិត និងភាពសុខសាន្ត របស់ជនរួមជាតិ ។

តាមរយៈសំណេរនៅលើបណ្ដាញ សង្គមហ្វេសប៊ុក នាព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១នេះ ប្រមុខការពារជាតិ បានរៀបរាប់ថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មិនដែលមានទម្លាប់ទុក ប្រជាពលរដ្ឋចោល ដោយមិនខ្វល់ខ្វាយនោះឡើយ ។

ប្រមុខការពារជាតិបញ្ជាក់ថា «ក្នុងពេលវេលាកាន់តែលំបាក និងគ្រោះថ្នាក់ សម្តេចតេជោ កាន់តែចូលកៀក ដើម្បីការពារអាយុជីវិត និងភាពសុខសាន្ត របស់ជនរួមជាតិយើង។ ជាក់ស្តែង សម្តេចតេជោ បានប្រើអស់កម្លាំងកាយចិត្ត ប្រយុទ្ធប្រឆាំង ជាមួយនឹងជំងឺកូវីដ-១៩ ដោយបានដាក់ចេញនូវវិធានការ បង្ការនានាបាននិងកំពុងផ្តល់ការ ឧបត្ថម្ភដល់ដំណើរការធ្វើចត្តាឡីស័ក និងអ្នកទទួលផលប៉ះពាល់ បានទទួលនិងកំពុងបន្តស្វែង រកការផ្គត់ផ្គង់វ៉ាក់សាំងបន្ថែម បាននិងកំពុងចាក់វ៉ាក់សាំងជូនប្រជាជនជារៀងរាល់ថ្ងៃ និងបាននិងកំពុងបង្កើត មណ្ឌលព្យាបាលជំងឺកូវីដ-១៩ ថ្មីៗបន្ថែម» ។

សូមរំលឹកថា គិតត្រឹមថ្ងៃទី៤ ខែមេសា កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩ សរុបកចំនួន ២៦៨៩ នាក់ក្នុងនោះបានព្យាបាលជាសះស្បើយសរុប ១៦៥៣ នាក់
និងអ្នកកំពុងព្យាបាល១០១២ នាក់ (ស្លាប់២០នាក់)។

ជាមួយគ្នានេះតាមការបញ្ជាក់ពី អ្នកនាំពាក្យក្រសួងសុខាភិបាល លោក ស្រី ឱ វណ្ណឌីន ប្រធានគណកម្មការចំពោះកិច្ចចាក់សាំងកូវីដ១៩ បានអោយដឹងថា រយ:ពេលពីថ្ងៃទី០១ ដល់ទី០៤ ខែមេសា ឆ្នាំ២០២១ គ.វ.ក-១៩ បានចាត់ចែងយុទ្ធនាការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់បានចំនួន ១៤០.៧៧៣នាក់ ហើយ ដែលធ្វើឱ្យចំនួនប្រជាជន ដែលបានចាក់វ៉ាក់សាំង ស៊ីណូហ្វាម ស៊ីណូវ៉ាក់ និងកូវីសែល សរុបទាំងបីមុខវ៉ាក់សាំងនេះ គឺបានកើនឡើងដល់ ៤១៨.៥៦៩នាក់ នៅទូទាំងប្រទេស ៕

To Top