ព័ត៌មានជាតិ

ប្រពន្ធស្លាប់ ដោយស្នាដៃប្តីរាយខ្សែភ្លើង ខណៈប្តីស្លាប់ដោយការ ជក់គ្រឿងញៀនលើសកម្រិត

ភ្នំពេញ៖ ប្តីប្រពន្ធមួយគូបានស្លាប់ មុនក្រោយគ្នាប្រហែលប៉ុន្មាន ម៉ោងប៉ុណ្ណោះក្នុងថ្ងៃតែមួយ។ ប្រពន្ធស្លាប់ដោយសារស្នាដៃប្តីរបស់ខ្លួន រាយខ្សែភ្លើងមានចរន្ត ក្នុងគោលបំណងសម្លាប់ប្រពន្ធ ដោយសារប្រចណ្ឌនិងខឹងសុំលែងលះ។ ចំណែកប្តីស្លាប់ដោយឥទ្ធិពលនៃគ្រឿងញឿន ពោលគឺជក់លើសកម្រិត។ នេះបើតាមក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានស្រាយបំភ្លឺ។

ការស្រាយបំភ្លឺរបស់ក្រុមការងារនេះ បន្ទាប់ពីមានគណនីហ្វេសប៊ុកឈ្មោះ Dara khan បានផ្សព្វផ្សាយរូបភាពនិងសរសេរខ្លឹមសារ ចោទប្រកាន់ទៅលើសមត្ថកិច្ចនគរបាល ទាក់ទងនឹងការស្លាប់របស់ឈ្មោះពេជ្រ ធារ៉េត ហៅស្នា(ជាប្តី) ភេទប្រុស អាយុ៣១ឆ្នាំរស់នៅភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុក សង្កែ ខេត្តបាត់ដំបង នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១ ។

បើតាមការរៀបរាប់របស់ក្រុមការងារ ប្រតិកម្មរហ័សនៃស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង កាលពីថ្ងៃ៣ មេសា វេលាម៉ោង ២រសៀល ប្តីរាយខ្សែអគ្គិសនីដែលមានចរន្ត ក្នុងលំនៅដ្ឋានធ្វើឲ្យឆ្លងចរន្តបណ្តាល ឲ្យស្លាប់ប្រពន្ធរបស់ខ្លួនឈ្មោះ ជា ច័ន្ទរចនា អាយុ ៣០ឆ្នាំ ខណៈប្រពន្ធឡើងទៅខាងលើផ្ទះ។ ក្នុងពេលកើតហេតុភ្លាមៗ ប្តីជាជនសង្ស័យ ក្នុងករណីនេះបានមកដល់ទីកន្លែងកើតហេតុ ហើយត្រូវបានសមត្ថកិច្ច និងប្រជាពលរដ្ឋនៅទីនោះឃាត់ខ្លួន បន្ទាប់មកបាននាំខ្លួនទៅកាន់ អធិការដ្ឋាននគរបាលស្រុកសង្កែ ដើម្បីធ្វើការសាកសួរ ស្រាវជ្រាវ។

ក្នុងពេលសាកសួរស្រាវជ្រាវ ជនសង្ស័យបានឆ្លើយសារភាពថា រូបគាត់ពិតជាបានប្រព្រឹត្តសកម្មភាពរាយខ្សែអគ្គិសនី មានចរន្តនៅលើផ្ទះក្នុងបំណងឲ្យឆក់ សម្លាប់ប្រពន្ធរបស់ខ្លួន ដោយសារតែរឿងប្រចណ្ឌ ហើយក្នុងអំឡុងពេលចុងក្រោយនេះ គឺរូបគាត់ត្រូវបានប្រពន្ធប្តឹងសុំលែងលះទៀតផង ។

ជាមួយគ្នានេះ គាត់ក៏បានសារភាពថា រូបគាត់ជាអ្នកប្រើប្រាស់គ្រឿងញៀនជាប់ប្រចាំផងដែរ ជាក់ស្តែងក្នុងថ្ងៃកើតហេតុរូបគាត់ បានប្រើប្រាស់គ្រឿងញៀន ប្រភេទមេតំហ្វេតាមីនម៉ាទឹកកក ICE ចំនួន២លើកក្នុងចន្លោះ ពេលតែជាងមួយម៉ោងប៉ុណ្ណោះ ហើយក្នុងពេលសាកសួរនេះ សមត្ថកិច្ចក៏បានកត់សម្គាល់ឃើញស្ថានភាព គាត់មានសភាពដូចគ្នានឹង អ្នកប្រើប្រាស់គ្រឿងញៀនជោគជាំ។

ក្រោយការសារសួររួច សមត្ថកិច្ចនគរបាលបាននាំ ទៅកាន់បន្ទប់ឃាត់ខ្លួន ក្នុងពេលនោះ រូបគាត់បានស្រែកឡូឡា ដោយស្មារតីមិនប្រក្រតី និងបន្តិចក្រោយមកក៏ស្ងាត់សំឡេងឡូឡា ហើយនគរបាលបានដើរទៅមើល ក៏ឃើញលែងនិយាយស្តី ក្នុងស្ថានភាពឡេះឡះក្នុងខ្លួន ដោយឃើញស្ថានភាពបែបនេះ សមត្ថកិច្ចនគរបាលបានយករថយន្តនាំ បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ តែដោយសារស្ថានធ្ងន់ធ្ងររូបគាត់ បានស្លាប់នៅតាមផ្លូវបាត់ទៅ។

នៅព្រឹកថ្ងៃទី៤ ខែ មេសា ឆ្នាំ ២០២១តំណាងអយ្យការអមសាលាដំបូង ខេត្តបាត់ដំបង បានដឹកនាំបង្កើតគណៈកម្មាការធ្វើ កោសល្យវិច្ឆ័យចំពោះសាកសព ដោយមានសមាសភាពចូលរួមពីគ្រូពេទ្យ មន្ត្រីនគរបាលការិយាល័យ បច្ចេកទេសវិទ្យាសាស្ត្រ មន្ត្រីនគរបាលមូលដ្ឋាន អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធរួមទាំងក្រុមគ្រួសារ លទ្ធផលនៃការវាយតម្លៃសន្និដ្ឋានគឺបុរសឈ្មោះ ពេជ្រ ធារ៉េត ពិតជាស្លាប់ដោយគាំងបេះដូង “ប្រើប្រាស់សារធាតុញៀនហួសកម្រិត” ។

ផ្អែកតាមលទ្ធផលខាងលើ ក្រុមការងារប្រតិកម្មរហ័សនៃ ស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបងបដិសេធ ចោលទាំងស្រុងចំពោះខ្លឹមសារ បានផ្សព្វផ្សាយដោយម្ចាស់គណនី ហ្វេស ប៊ុកខាងលើ ។ ជាក់ស្តែងការផ្សព្វផ្សាយរបស់ម្ចាស់គណនីនេះ ជាចេតនាដើម្បីបំពុលបរិយាកាសសង្គម និងទម្លាក់កំហុសដោយចេតនាទុច្ចរិត មកលើសមត្ថកិច្ចនគរបាលប៉ុណ្ណោះ ៕

To Top