ព័ត៌មានជាតិ

រដ្ឋមន្ដ្រីកសិកម្ម៖ ពុំទាន់បិទការនាំស្រូវ ចេញពីតាកែវ ទៅវៀតណាមទេ

ភ្នំពេញ៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា នាពេលបច្ចុប្បន្ននេះ ពុំទាន់មានការបិទការ នាំស្រូវចេញពីខេត្តតាកែវ ទៅកាន់ប្រទេសវៀតណាម នៅឡើយទេ ។

តាមរយៈបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុករបស់ លោក វេង សាខុន នាថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១នេះ បានឲ្យដឹងថា ខេត្តតាកែវនៅតែបន្តការនាំស្រូវ ចេញពីកម្ពុជាទៅវៀតណាមដដែលទេ ដោយគ្រាន់តែវៀតណាមមានការតឹងតែង នៅតាមមាត់ច្រកទាក់ទងទៅនឹង ការអនុវត្តវិធានការទប់ស្កាត់ ការរីករាលនៃមេរោគកូវីដ១៩ប៉ុណ្ណោះ។

លោករដ្ឋមន្ដ្រីបន្ដថា ជាក់ស្តែង កាលពីថ្ងៃ៤ មេសា កម្ពុជាបាននាំចេញស្រូវពីតាកែវទៅវៀតណាមចំនួន ៣ ៨៤៨ តោន តាមច្រកកំពង់អំពិល ក្នុងស្រុកបូរីជលសារ និងតាមច្រកភ្នំដិន ក្នុងស្រុកគិរីរង់ ។ រីឯតម្លៃស្រូវសើមវិញ នៅតែទទួលបានតម្លៃល្អដដែលទេ គឺតម្លៃស្រូវទិញដល់ស្រែ ៨៥០ រៀល ក្នុង១គីឡូក្រាម និងលក់ដល់មាត់ច្រកមានតម្លៃ៩៣០ រៀល ក្នុង១គីឡូក្រាម៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top