នយោបាយ

ក្នុងលិខិតអបអរ​ សាទរ ប្រធានរដ្ឋវៀតណាម ! សម្ដេចតេជោ ប្ដេជ្ញាធ្វើការយ៉ាងជិតស្និទ្ធ ជាមួយអ្នកបន្ដវេន ពីលោក ង្វៀន សួនហ្វ៊ុក ពិសេសជម្នះបញ្ហា ប្រឈមកូវីដ១៩

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានប្ដេជ្ញាចិត្តធ្វើការងារយ៉ាងជិតស្និទ្ធ ជាមួយអ្នកបន្ដវេនពីលោក ង្វៀង សួនហ៊្វុក (Nguyen Xuan Phuc) ដែលត្រូវបានតែងតាំង ជាប្រធានាធិបតីថ្មី របស់វៀតណាម ដើម្បីលើកកម្ពស់ភាពជាដៃគូ យូរអង្វែង ជាពិសេសនោះ ជម្នះរាល់ប្រឈមនានា ដែលជួបប្រទះបណ្ដាលមក ពីការរាតត្បាតនៃជំងឺកូវីដ១៩ ។

នៅថ្ងៃទី៥ មេសា នេះ លោក ង្វៀង សួនហ៊្វុក អតីតនាយករដ្ឋមន្រ្តវៀតណាម ត្រូវបានសភាវៀតណាម បោះឆ្នោតជ្រើសតាំង ជាប្រធានាធិបតីវៀតណាម បន្ទាប់ពីលោក ង្វៀង សួនហ៊្វុក បានបញ្ចប់តំណែងជានាយករដ្ឋមន្រ្តីប៉ុន្មានថ្ងៃ ។ ការបោះឆ្នោតនេះ បានធ្វើឡើង ក្នុងសម័យប្រជុំលើកទី១៤ នៃរដ្ឋសភាវៀតណាម ។

ក្នុងលិខិតរបស់សម្ដេចតេជោ នាថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១ បានឲ្យដឹងថា «ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជន នៃព្រះរាជាណាចក្រកម្ពុជា និងខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមផ្ញើជូនឯកឧត្តម នូវការអបអរសាទរយ៉ាងជ្រាលជ្រៅអស់ពីដួងចិត្ត ចំពោះការតែងតាំង ឯកឧត្តម ជាប្រធានាធិបតីវៀតណាម ។ ការទទួលបាន នូវតំណែងដ៏ឧត្តុង្គឧត្តម និងស័ក្កសមបំផុត សម្រាប់ឯកឧត្តម បានបង្ហាញអំពីជំនឿជឿជាក់ និងទំនុកចិត្តយ៉ាងខ្លាំង របស់បក្សកុម្មុយនិស្ត និងប្រជាជនវៀតណាម ទាំងមូលមកលើភាព ជាអ្នកដឹកនាំដ៏វាងវៃរបស់ឯកឧត្តម» ។

សម្ដេចតេជោ ជឿជាក់យ៉ាងមុតមាំថា ក្រោមការគ្រប់គ្រង និងការដឹកនាំ ដ៏ឈ្លាសវៃ របស់ លោក ង្វៀង សួនហ៊្វុក សាធារណរដ្ឋសង្គម និយមវៀតណាមនឹងបន្តទទួល បាននូវការ រីកចម្រើនផ្នែកសេដ្ឋកិច្ច និងសង្គមកាន់តែធំធេង ថែមទៀត ឈានទៅសម្រេច បាននូវគោលដៅក្លាយ ទៅជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ ២០៤៥ និងបន្តបំពេញតួនាទី ដ៏សកម្មទាំងនៅលើឆាកតំបន់ និងអន្តរជាតិ។

សម្ដេចតេជោ មានប្រសាសន៍ថា «ខ្ញុំសូមអះអាងជាថ្មី នូវការប្តេជ្ញាចិត្ត ដ៏មុតមាំនឹងធ្វើការយ៉ាងជិតស្និទ្ធ ជាមួយនឹងអ្នកបន្តវេន របស់ឯកឧត្តម ដើម្បីលើកកម្ពស់ភាពជាដៃគូ យូរអង្វែងផ្អែកលើស្មារតីភាព ជាអ្នកជិត ខាងល្អ សាមគ្គីភាព ការយោគយល់គ្នា និងកិច្ចសហប្រតិបត្តិការ ដែលមានផលប្រយោជន៍ ទៅវិញទៅមក ជាពិសេសការជម្នះ បាននូវបញ្ហាប្រឈមនានា ដែលមិនធ្លាប់បានជួបប្រទះកន្លងមក បណ្តាលមកពីការរាតត្បាត នៃជំងឺកូវីដ-១៩ ដើម្បីរួមចំណែកដល់សន្តិភាព ស្ថិរភាព ការអភិវឌ្ឍប្រកបដោយចីរភាព និងវិបុលភាព របស់ប្រជាជាតិយើងទាំងពីរ តំបន់ និងសាកលលោកទាំងមូល»៕

To Top