ព័ត៌មានជាតិ

ទិវាជាតិ លើកកម្ពស់ផលិតផលខ្មែរ គឺជាការទូងស្គរ ដាស់ស្មារតី ពលរដ្ឋឲ្យនាំគ្នា ប្រើប្រាស់ និងទិញផលិតខ្មែរ

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងប្រធានកិត្តិយស គណៈកម្មាធិការជាតិ ជំរុញចលនាភូមិ មួយ ផលិតផលមួយ បានថ្លែងថា ទិវាជាតិលើកកម្ពស់ការប្រើប្រាស់ ផលិតផលខ្មែរ ៩ មេសា លើកទី៤ ឆ្នាំ២០២១ នាពេលខាងមុខនេះ គឺជាការទូងស្គរ ដាស់ស្មារតីប្រជាពលរដ្ឋ នាំគ្នាលើកកម្ពស់ការប្រើប្រាស់ និងទិញផលិតផលខ្មែរ ។

តាមរយៈ សារលិខិតរបស់ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសអបអរសាទរទិវាជាតិ លើកកម្ពស់ការប្រើប្រា ស់ផលិតផលខ្មែរ ៩ មេសា លើកទី៤ ឆ្នាំ២០២១ ក្រោមប្រធានបទ «រួមគ្នាទិញ និងប្រើប្រាស់ផលិតផលខ្មែរ គឺរួមគ្នា លើកកម្ពស់កិត្យានុភាពជាតិ» បានឲ្យដឹងថា រាជរដ្ឋាភិបាល ពិតជាមានមោទនភាពចំពោះការខិតខំរបស់ គណៈកម្មាធិ ការជាតិជំរុញចលនាភូមិមួយ ក្រសួងពាណិជ្ជកម្ម និងបណ្តាក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលរួមសហការគ្នា បំផុសចលនាការទិញ និងប្រើប្រាស់ផលិតផលខ្មែរទូទាំងប្រទេស ជាពិសេស ក្នុងឱកាសនៃជំងឺរាតត្បាតមេរោគកូវីដ-១៩ ដែលត្រូវពង្រឹង និងពង្រីកផលិតផលក្នុងស្រុក ទាំងវិស័យកសិកម្ម កសិ-ឧស្សាហកម្ម និងសេវាកម្ម។

សម្ដេចតេជោ បញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមឲ្យការ អបអរសាទរទិវាជាតិ លើកកម្ពស់ការប្រើប្រាស់ ផលិតផលខ្មែរ លើកទី៤ គឺជាការទូងស្គរ ដាស់ស្មារតីបងប្អូន ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប នាំគ្នាលើកកម្ពស់ការប្រើប្រាស់ និងទិញ ផលិតផលខ្មែរ ក្នុងស្មារតីខ្មែរជួយខ្មែរ»។

សម្ដេចតេជោ អំពាវនាវឲ្យ គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ ក្រសួងពាណិជ្ជកម្ម និងក្រសួង ពាក់ព័ន្ធត្រូវ បន្តកិច្ចសហការ និងសម្របសម្រួលជាមួយគ្នា ឲ្យបានរលូនបន្តទៀត ដើម្បីលើកកម្ពស់ការ ប្រើប្រាស់ ផលិតផលខ្មែរ ការយល់ដឹងឲ្យបានទូលំទូលាយ ពីគុណភាពនៃផលិតផលខ្មែរ ដោយនាំគ្នាផ្តល់ជំនាញនានា ដល់ផលិតករលើដំណើរការ ខ្សែចង្វាក់ផលិតកម្ម ការពង្រឹងគុណភាព សុវត្ថិភាពផលិតផល ការកែច្នៃ និងការវេចខ្ចប់។

សម្ដេចតេជោ បន្ថែមថា គណៈកម្មាធិការ ជំរុញចលនាភូមិមួយ ផលិតផលមួយ រាជធានី-ខេត្ត ក្រសួងពាណិជ្ជកម្ម និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ត្រូវសហការជាមួយនឹងវិស័យឯកជន រៀបចំទីផ្សារតាមបច្ចេកវិទ្យាអនឡាញ ជួយផលិតផលខ្មែរ ក្នុងការលក់និងដាក់បង្ហាញក្នុង ព្រឹត្តិការណ៍ពិព័រណ៍ផលិតផលនានា ទាំងក្នុងប្រទេស និងក្រៅប្រទេស និងតាមស្ថានតំណាងកម្ពុជា ប្រចាំនៅបរទេស។

ជាងនេះទៅទៀត សម្ដេចតេជោ ហ៊ុន សែន លើកឡើងថា គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ រាជធានី-ខេត្ត និងក្រសួងពាណិជ្ជកម្ម ត្រូវរួមគ្នា បង្កើតផែនទីចង្អុលផ្លូវ នៃផលិតផលភូមិមួយ ផលិតផលមួយ ក្នុងគោលបំណង ធានានិរន្តរភាពនៃភាពពិសេស ដែលផលិតឡើងដោយប្រជាជន តាមភូមិឋានមួយឬច្រើន ជាផលិតផលឆ្លុះបញ្ចាំងពីលក្ខណៈវប្បធម៌ប្រពៃណី ទាំងបែបបុរាណ និងតាមបែបសម័យ៕

To Top