ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើការ យ៉ាងជិតស្និទ្ធជាមួយលោក ផាម មិញជិញ (Pham Minh Chinh) នាយករដ្ឋមន្ត្រីថ្មីរបស់វៀតណាម ក្នុងគោលបំណងធ្វើឲ្យកាន់តែស៊ីជម្រៅនូវ ទំនាក់ទំនងដ៏យូរលង់រវាងប្រទេសទាំងពីរ។
លោក ផាម មិញជិញ អតីតមេបញ្ជាការកងកម្លាំងរក្សាសន្តិសុខវៀតណាម ត្រូវបានជ្រើសតាំងជានាយក រដ្ឋមន្ត្រីថ្មីរបស់វៀតណាមថ្មី នៅក្នុងសម័យប្រជុំសភាជាតិវៀតណាម នាថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១ បន្តពីលោក ង្វៀង សួនហ៊្វុក ដែលត្រូវបានជ្រើសតាំងជាប្រធានាធិបតីវៀតណាម។
តាមសារលិខិតផ្ញើទៅកាន់ លោក ផាម មិនជិញ នាថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «តួនាទីដ៏សក្តិសមនេះ ឆ្លុះបញ្ចាំងនូវជំនឿជឿជាក់ និងទំនុកចិត្តរបស់បក្សកុម្មុយនីស្ត និងប្រជាជនវៀតណាម មកលើឯកឧត្តម ចំពោះការខិតខំប្រឹងប្រែងយកចិត្តទុកដាក់របស់ឯកឧត្តម ក្នុងការជំរុញការអភិវឌ្ឍ និងវិបុលភាពរបស់វៀតណាម»។
សម្ដេចតេជោបន្ដថា ចាប់តាំងពីបង្កើតទំនាក់ទំនងការទូតក្នុងរយៈពេល៥៤ឆ្នាំកន្លងមកនេះ កម្ពុជា និងវៀតណាម មានទំនាក់ទំនងជាប្រពៃណីដែលកំពុងតែរីកចម្រើនយ៉ាងខ្លាំង និងកិច្ចសហប្រតិប្តតិការដ៏ជិតស្និទ្ធលើគ្រប់វិស័យ។សម្ដេចថា ទំនាក់ទំនងដ៏ស្និទ្ធស្នាល និងការផ្លាស់ប្តូរទស្សនកិច្ចដ៏ញឹកញាប់គ្រប់លំដាប់ថ្នាក់កន្លងមកនេះ បានរួមចំណែកយ៉ាងសំខាន់ ក្នុងការពង្រឹងសាមគ្គីរវាងប្រជាជនប្រទេសទាំងពីរ។
សម្ដេចតេជោ បញ្ជាក់យ៉ាងដូច្នេះថា «ក្នុងស្មារតីនេះ ខ្ញុំត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើការយ៉ាងជិតស្និទ្ធជាមួយឯកឧត្តម ក្នុងគោលបំណងធ្វើឱ្យកាន់តែស៊ីជម្រៅនូវ ទំនាក់ទំនងដ៏យូរលង់របស់យើង ផ្អែកលើគោលការណ៍ភាពជាអ្នកជិតខាងល្អ ចំណងមិត្តភាពជាប្រពៃណី ការយោគយល់គ្នាទៅវិញទៅមក និងលើកកម្ពស់កិច្ចសហប្រតិបត្តិការពហុវិស័យរវាងប្រទេសយើងទាំងពីរ»។
ជាងនេះទៅទៀត នាយករដ្ឋមន្ដ្រីកម្ពុជា ក៏មានជំនឿ យ៉ាងមុតមាំថា ជាមួយនឹងកិច្ចខិតខំប្រឹងប្រែង និងការ ប្តេជ្ញាចិត្តធ្វើការយ៉ាងជិតស្និទ្ធទាងនៅក្នុងក្របខណ្ឌ ទ្វេភាគី និងពហុភាគី កម្ពុជា និងវៀតណាមអាចជម្នះបាននូវបញ្ហាប្រឈមជាច្រេីន ដែលមិនធ្លាប់បានជួបប្រទះកន្លងមក បណ្តាលមពីការរាតត្បាតជំងឺកូវីដ១៩ ដើម្បីផលប្រយោជន៍របស់ប្រទេសទាំងពីរ ព្រមទាំងដើម្បីសន្តិភាព ស្ថិរភាព ការអភិវឌ្ឍប្រកបដោយចីរភាព និងវិបុលភាពនៅក្នុងតំបន់ និងពិភពលោក៕