ព័ត៌មានជាតិ

ក្នុងជំនួបតាមទូរស័ព្ទ ! សម្ដេចតេជោជឿជាក់ថា តួនាទីថ្មីជាប្រធានរដ្ឋវៀតណាម លោក ង្វៀង សួនហ៊្វុក និងបន្តរួមចំណែកអនុវត្តរាល់កិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានជឿជាក់ថា ក្នុងតួនាទីថ្មីជាប្រធានរដ្ឋវៀតណាម លោក ង្វៀង សួនហ៊្វុក និងបន្តរួមចំណែកជំរុញការអនុវត្តរាល់កិច្ចព្រមព្រៀងសហប្រតិបត្តិការរវាង ប្រទេសទាំងពីរ ដើម្បីរួមគ្នាការពារ និងអភិវឌ្ឍ ន៍ ទំនាក់ទំនងសាមគ្គី មិត្តភាព។

តាមសេចក្ដីប្រកាសព័ត៌មានស្ដីពី ជំនួបតាមទូរស័ព្ទរវាង សម្ដេចតេជោ ហ៊ុន សែន និងលោក ង្វៀង សួនហ៊្វុក នាថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១ សម្ដេចតេជោ បានអបអរសាទរចំពោះលោក ង្វៀង សួនហ៊្វុក ដែលសម័យប្រជុំ លើកទី១១ នីតិកាលទី១៤ នៃរដ្ឋសភាវៀតណាម បោះឆ្នោតជ្រើសតាំងជា ប្រធានរដ្ឋវៀតណាម។

សម្តេចតេជោ បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលធំៗ ដែលប្រជាជនវៀតណាមសម្រេចបាន ក្នុងរយៈពេលកន្លងទៅ ក្នុងអាណត្តិរបស់ លោក ង្វៀង សួនហ៊្វុក ជានាយករដ្ឋមន្រ្តី ព្រមទាំង បានសម្តែងនូវការជឿជាក់ថា ក្នុងតួនាទីថ្មីជា ប្រធានរដ្ឋ លោក ង្វៀង សួនហ៊្វុក រួមជាមួយនឹងថ្នាក់ដឹកនាំកំពូលរបស់បក្សកុម្មុយនីស្តវៀតណាម ដឹកនាំប្រជាជន វៀតណាមបន្តដណ្តើមបានសមិទ្ធផលធំៗថ្មីៗទៀត ក្នុងបុព្វហេតុផ្លាស់ប្តូរថ្មី កសាង និងការពារមាតុភូមិអនុវត្តដោយ ជោគជ័យសេចក្តីសម្រេចចិត្តមហាសន្និបាត លើកទី១៣ របស់បក្សកុម្មុយនីស្តវៀតណាមកសាងប្រទេសវៀតណាម ក្លាយទៅជាប្រទេសខ្លាំងក្លា ចម្រុងចម្រើននៅពាក់កណ្តាល សតវត្សទី២១។

សម្ដេចតេជោ បញ្ជាក់យ៉ាងដូច្នេះថា «ជំនឿជឿជាក់ថា ក្នុងតួនាទីថ្មីជាប្រធានរដ្ឋនៃសារធារដ្ឋសង្គមនិយមវៀតណាម ឯកឧត្តម ង្វៀង សួនហ៊្វុក នឹងបន្តគាំទ្រយ៉ាងខ្លាំងក្លា និងបន្តរួមចំណែកជំរុញការអនុវត្តរាល់កិច្ចព្រមព្រៀងសហប្រតិបត្តិ ការរវាង ថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ ដើម្បីរួមគ្នាការពារ និងអភិវឌ្ឍទំនាក់ទំនងសាមគ្គី មិត្តភាព និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរកម្ពុជា-វៀតណាម»។

ជាការឆ្លើយតប ក្នុងជំនួបសន្ទនានេះ លោក ង្វៀង សួងហ៊្វុក បានថ្លែងអំណរគុណចំពោះ សម្តេចតេជោ ហ៊ុន សែន ព្រមទាំង បានអះអាងអំពីបំណងបន្តអភិវឌ្ឍទំនាក់ទំនងជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរកម្ពុជា-វៀតណាម និងរួមវិភាគទានក្នុងសន្តិភាព ស្ថិរភាព នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងលើពិភពលោក។

ជាងនេះទៅទៀត លោក ង្វៀង សួងហ៊្វុក បានជឿជាក់ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា នឹងជំនះផលប៉ះពាល់នៃជំងឺកូវីដ១៩ នាពេលឆាប់ៗខាងមុខនេះ និងបន្តសម្រេចបានសមិទ្ធផលយ៉ាងសំខាន់ខាងសេដ្ឋកិច្ច-សង្គមកិច្ច ស្ថិរភាពជីវភាពរស់នៅ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top