ព័ត៌មានជាតិ

នាយឧត្តមសេនីយ៍ វង្ស ពិសេន ណែនាំដល់យោធិន​ ដែលពុំទាន់ចាក់វ៉ាក់សាំងកូវីដ ត្រូវប្រញាប់ប្រញាល់ ទៅចាក់ជាបន្ទាន់

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមភូមិន្ទ បានធ្វើការណែនាំយោធិន ដែលពុំទាន់ចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ ត្រូវប្រញាប់ប្រញាល់ ទៅចាក់ជាបន្ទាន់ លើកលែងតែយោធិន មានបញ្ហាសុខភាព ហើយគ្រូពេទ្យចេញលិខិត បញ្ជាក់មិន អនុញ្ញាតឲ្យចាក់ ។

នាយឧត្តមសេនីយ៍ វង្ស ពិសេន ណែនាំបែបនេះ ក្រោយពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ប្រកាសថា នៅពេលខាងមុខ កងកម្លាំងប្រដាប់អាវុធ និងមន្រ្តីរាជការ ដែលគេចវេសមិនចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ អាចនឹងត្រូវបាត់បង់ ការងារតែម្តង។

តាមរយៈសេចក្ដីណែនាំរបស់ នាយឧត្តមសេនីយ៍ វង្ស ពិសេន នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ បានឲ្យដឹងថា មេបញ្ជាការប្រភេទ ទ័ពជំនាញ និងនាយកស្ថានប័ន ចំណុះអគ្គបញ្ជាការដ្ឋានទាំងអស់ ត្រូវត្រៀមរៀបចំទីតាំង សម្រាប់ព្យាបាលអ្នក ជំងឺកូវីដ-១៩ កម្រិតស្រាល នៅតាមបណ្ដាកងឯកភាព ស្ថានប័ន នៃកងយោធពលខេមរភូមិន្ទ។

នាយឧត្តមសេនីយ៍ បន្ដថា អនុវត្តតាមការណែនាំរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលកំពុងរីករាលដាលក្នុង សហគមន៍ នៅកម្ពុជា អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ណែនាំដល់មេបញ្ជាការប្រភេទទ័ព ទ័ពជំនាញ និងនាយកស្ថាប័នចំណុះអគ្គបញ្ជាការដ្ឋានទាំងអស់ ដូចខាងក្រោម៖

ទី១-រៀបចំទីតាំងព្យាបាល អ្នកជំងឺកូវីដ-១៩ កម្រិតស្រាល នៅក្នុងបរិវេណ នៃអង្គភាពនីមួយៗ ដោយ មានបំពាក់គ្រែអ្នកជំង និងសម្ភារៈពេទ្យចាំបាច់មួយចំនួន។

ទី២-រៀបចំកម្លាំងសុខាភិបាល និងត្រៀមហ្វឹកហ្វឺនបំប៉នគ្រូពេទ្យ ដើម្បីថែទាំនិងព្យាបាល អ្នកជំងឺកូវីដ កម្រិតស្រាល នៅក្នុងអង្គភាពរបស់ខ្លួន។

ទី៣-បន្តរៀបចំទីតាំងសម្រាប់ធ្វើចត្តាឡីស័ក ដោយឡែកនៅក្នុងអង្គភាព ដើម្បីធ្វើចត្តាឡីស័កយោធិន ដែលសង្ស័យ មានការពាក់ព័ន្ធ ជាមួយនឹងអ្នកជំងឺកូវីដ-១៩។

និងទី៤-យោធិនដែលពុំទាន់ បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ត្រូវប្រញាប់ប្រញាល់ទៅចាក់ វ៉ាក់សាំងជាបន្ទាន់ នៅតាមទីតាំង ដែលបានកំណត់ លើកលែងតែយោធិន ដែលមានបញ្ហាសុខភាព ហើយគ្រូពេទ្យបានចេញលិខិត បញ្ជាក់មិនអនុញ្ញាតឱ្យចាក់ ។ ចំពោះមុខ មូលដ្ឋានកងទ័ពទាំងអស់ ត្រូវត្រួតពិនិត្យ យោធិនណាដែលមិន ទាន់បានចាក់វ៉ាក់សាំង និងមិនត្រូវបានអនុញ្ញាត ឱ្យចូលក្នុងមូលដ្ឋានកងទ័ព៕

To Top