ព័ត៌មានជាតិ

ខ្មោចនាវាចម្បាំង លិចក្នុងសម័យសង្គ្រាម នៅកម្ពុជា ត្រូវបានស្រង់ ចេញមកលើគោកហើយ

ភ្នំពេញ ៖ នាវាចម្បាំងលិចអំឡុង សម័យសង្គ្រាមនៅកម្ពុជា នាទសវត្សឆ្នាំ១៩៧០ ដែលគិតមកទល់ពេលនេះ មានអាយុកាលប្រមាណជា៥០ឆ្នាំ ត្រូវបានស្រង់ចេញ មកដល់លើគោកហើយ នាថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ ។

នាវាលិចនេះ ស្ថិតនៅភូមិវាល ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ក្រោយប្រតិបត្តិការ រយៈពេល៦ខែ ។ ខ្មាចនាវាចម្បាំង គឺមានសភាពចាស់ទ្រុឌទ្រោមខ្លាំង និងមានស្នាមធ្លុះធ្លាយជាច្រើនកន្លែង ដោយការបាញ់ ពន្លិចក្នុងពេលប្រយុទ្ធគ្នា។

ក្នុងឱកាសប្រតិបត្តិ ស្រង់វាចម្បាំងចេញពីទន្លេនោះ នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាប្រចាំការ ក្រសួងការពារជាតិ និងប្រធានក្រុមការងារអន្តរក្រសួង ដើម្បីចុះសិក្សា និងដោះស្រាយករណីរកឃើញគ្រាប់ យុទ្ធភណ្ឌមិនទាន់ផ្ទុះ ក្នុងនាវាលិចក្នុងទន្លេ បានបញ្ជាក់ថា ប្រតិបត្តិការបោសសម្អាតគ្រាប់ យុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលបានកប់នៅក្រោមផ្ទៃទឹក នៅចំណុចនេះ គឺជាស្នាដៃប្រវត្តិសាស្ត្រ មិនធ្លាប់មានកន្លង មកសម្រាប់ កម្ពុជា ហើយ ចំពោះប្រតិបត្តិការនេះ ក៏បានបង្ហាញឲ្យពីកម្ពុជា មានសមត្ថភាព គ្រប់គ្រាន់ មិនត្រឹមតែបោសសម្អាតគ្រាប់ យុទ្ធភណ្ឌ មិនទាន់ផ្ទុះនៅលើដីគោកនោះទេ តែជាមោទកភាពមួយទៀត សម្រាប់ប្រជាជាតិកម្ពុជា ។

ដោយឡែក ឧត្តមសេនីយ៍ទោ ម៉ី សុភា មេបញ្ជាការនៃទីបញ្ជាការដ្ឋាន កងបោសសំអាត គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ក្រោមទឹកបានឲ្យដឹងដែរថា គ្រាប់យុទ្ធភ័ណ្ឌប្រមាណ៩០ភាគរយ ដែលមានទ្រង់ទ្រាយល្អ នឹងត្រូវដោះបន្សាបសម្រាប់ទុក ដាក់តាំងក្នុងសារមន្ទីរ និង១០% ដែលជាគ្រាប់ខូចទ្រង់ទ្រាយ ពុកផុយ មិនអាចធ្វើការដោះបន្សាបបាន នឹងធ្វើការកំទេចចោល ។

សូមបញ្ជាក់ថា នាវាម៉ារីន ដែលលិចក្នុងកំឡុងសង្គ្រាមស៊ីវិល នៅកម្ពុជា កាលពីទសវត្សឆ្នាំ១៩៧០នេះ បានលិចកប់ ក្នុងបាតទន្លេមានជម្រៅរហូតដល់ ២៧,៥ម៉ែត្រ ព្រមទាំងគ្រប់ដណ្តប់ដោយដីខ្សាច់នៅលើយ៉ាងច្រើនផងដែរ ។ ក្នុងរយៈពេល៦ខែមកនេះ កម្លាំងជំនាញបានប្រមូល និងស្រង់គ្រាប់យុទ្ធភ័ណ្ឌ មកលើគោកជាបន្តបន្ទាប់ ។ បើតាមរបាយការណ៍ គឺចាប់ពីខែតុលា ឆ្នាំ២០២០ រហូតដល់ដើមខែមីនា ឆ្នាំ២០២១ ក្រុមការងារស្រង់បានគ្រាប់យុទ្ធភណ្ឌ សរុបប្រមាណ ១៦តោន ព្រមទាំងបំណែកឆ្អឹងសពមនុស្ស ចំនួន៦ និងសម្ភារសឹកមួយចំនួនទៀត ៕

To Top