ព័ត៌មានជាតិ

រដ្ឋមន្ដ្រីសាធារណការ សំណូមពរថៅកែរោងចក្រ រៀបអប់រំកម្មករឲ្យយល់ដឹង សុវត្ថិភាពចរាចរណ៍

ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានសំណូមពរម្ចាស់ក្រុមហ៊ុន រោងចក្រ សហគ្រាស រៀបចំកម្មវិធីអប់រំកម្មករនិយោជិករបស់ខ្លួន ឲ្យយល់ដឹងពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដើម្បីចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ។

ក្នុងបទបង្ហាញពីការវិនិយោគលើ វិស័យហេដ្ឋារចនាសម្ព័ន្ធ តាមប្រព័ន្ធវីដេអូពីចម្ងាយជូនក្រុមហ៊ុនជាតិ និងអន្តរជាតិ ប្រមាណ៥០ក្រុមហ៊ុន ដែលស្វែងរកឱកាសវិនិយោគនៅកម្ពុជា កាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២១ លោក ស៊ុន ចាន់ថុល បានថ្លែងថា «សំណូមពរឱ្យក្រុមហ៊ុន រោងចក្រ សហគ្រាស ក្នុងវិស័យធុរកិច្ចឯកជនរៀបចំកម្មវិធីអប់រំ កម្មករនិយោជិករបស់ខ្លួនឲ្យយល់ដឹង អំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដែលកំពុងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់សេដ្ឋកិច្ចជាតិជារៀងរាល់ឆ្នាំ»។

នាឱកាសនោះ លោករដ្ឋមន្ដ្រីក៏គូសបញ្ជាក់ពី ការតភ្ជាប់បណ្តាញផ្លូវថ្នល់នៅទូទាំងប្រទេស ជាពិសេស គម្រោងផ្លូវថ្នល់ដែលបាននិងកំពុង ធ្វើឲ្យប្រសើរឡើងពីផ្លូវ ២គន្លងទៅ ៤គន្លង ការធ្វើឲ្យប្រសើរឡើង ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ពីកៅស៊ូពីរស្រទាប់ស្តើង (DBST) ទៅជាផ្លូវបេតុងកៅស៊ូ (AC) និងការតភ្ជាប់នៅគ្រប់ច្រកល្ហក ដើម្បីពង្រីកទំនាក់ទំនង និងវិសាលភាពសេដ្ឋកិច្ចរបស់ ប្រជាពលរដ្ឋក្នុងក្របខណ្ឌទូទាំងប្រទេស ឲ្យមានជីវភាពសំបូររុងរឿង និងមានការងារធ្វើគ្រប់ៗគ្នា ។

លោករដ្ឋមន្ដ្រីលើកឡើងថា រាជរដ្ឋាភិបាលបានបន្តខិតខំប្រឹង ប្រែងកសាងផ្លូវ និងបណ្តាញតភ្ជាប់បន្ថែមទៀត រួមមាន៖ គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៤ខ្សែនៅខេត្តព្រះសីហនុ គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៨ខ្សែនៅក្រុងសៀមរាប ខេត្តសៀមរាប គម្រោងសាងសង់ផ្លូវពីបាត់ដំបងទៅខេត្តកោះកុង ដើម្បីកាត់បន្ថយពេលវេលា នៃការដឹកជញ្ជូនពីខេត្តប៉ៃលិន សំឡូត ទៅកាន់កំពង់ផែទឹកជ្រៅ គម្រោងសាងសង់ផ្លូវក្រវាត់ក្រុងទីបួន គម្រោងសាងសង់ផ្លូវកាត់ពី ខេត្តបាត់ដំបងទៅខេត្តសៀមរាប និងគម្រោងសាងសង់ផ្លូវពីខេត្តកំពង់ឆ្នាំង ទៅខេត្តកំពង់ធំ ៕

To Top