ភ្នំពេញ ៖ “ខ្ញុំរីករាយអ្នកដឹកនាំខ្មែរស្តីបន្ទោស តែខ្ញុំមិនឲ្យអ្នកឯងឈ្លើយដាក់មេដឹកនាំរបស់ខ្ញុំទេ ។ នេះជាភាសារបស់ខ្ញុំដែលធ្លាប់បាននិយាយកន្លងមក និងសំដៅទៅលើរដ្ឋមន្ត្រីការបរទេសវៀតណាមទំនើងចេញពីតំណែង លោក ផាម ប៊ិញមិញ (Pham Binh Minh)” ។ នេះជាសំដីរបស់លោក សយ សុភាព ដែលបានបញ្ចេញមតិរិះគន់យ៉ាងចាស់ដៃទៅលើលោក ផាម ប៊ិញមិញដែលជាអតីតរដ្ឋមន្រ្តីការបរទេសវៀតណាម ក្រោយបានធ្លាក់ចេញពីតំណែង ។
លោក Pham Binh Minh ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីការបរទេសវៀតណាមត្រូវបានផ្លាស់ចេញ ដោយដាក់លោក Bui Thanh Son អនុរដ្ឋមន្រ្តីជំនួស ធ្វើជារដ្ឋមន្រ្តីការបរទេសវិញ ។ លោក Pham Binh Minh នេះបានដើរបញ្ចុះបញ្ចូល (lobby) កកូរកកាយ និងសកម្មជាងគេបំផុតជាមួយដៃគូ ហ្វីលីពីន ក្រោមកិច្ចសហការរបស់អាមេរិក ក្នុងការលើកឡើងនូវបញ្ហាសមុទ្រចិនខាងត្បូង នាសមយ័ប្រជុំលើកទី៤៥ នាឆ្នាំ២០១២ នៅភ្នំពេញ ក្នុងគោលបំណងបំបាក់មុខសាកល្បងភាពភក្តីរបស់កម្ពុជាចំពោះវៀតណាមដោយពុំបានគិតដល់ផលប្រយោជន៍ និងកិត្យានុភាពរបស់កម្ពុជាឡើយ ។
លោក សយ សុភាព បានថ្លែងនៅថ្ងៃ ៨ មេសាថា ក្នុងក្របខណ្ឌអាស៊ានរដ្ឋមន្ត្រី ចេញពីតំណែងទំនើងមួយនេះ ក៏មិនទទួលបានការរាប់អានទេ ហេតុដូច្នេះហើយ បានជានៅក្នុងសម័យសន្និបាតបក្សលើកទី១៣ របស់វៀតណាមសម្រេចដូរចេញ ដាក់មន្រ្តីក្រោមបង្គាប់ ឲ្យឡើងជំនួស ដើម្បីឆ្លើយតបសភាព ការណ៍ជាក់ស្តែង ។
ដោយឡែក ជាមួយកម្ពុជាវិញ លោក ផាម ប៊ិញមិញ រដ្ឋមន្ត្រីការបរទេសចេញពីតំណែងរូបនេះ សម្តែងឬកពារមិនសមរម្យដាក់មេដឹកនាំខ្មែរ (ភាសាខ្មែរសាមញ្ញថា «ឈ្លើយ៩»។
លោកថា កន្លងមកលោកធ្លាប់រិះគន់ លោក ផាម ប៊ិញមិញ ដោយមិនខ្លាចទេ ព្រោះមើលងាយអ្នកដឹកនាំខ្មែរ។ លោកសង្ឃឹមថា រដ្ឋមន្ត្រីការបរទេសវៀតណាមថ្មី នឹងគោរពមេដឹកនាំខ្មែរ ក្នុងន័យប្រទេសទាំង២ឯករាជ្យ និងស្គាល់ចាស់ទុំខាងនយោបាយ ។
លោកបានបញ្ជាក់យ៉ាងច្បាស់ៗថា “ខ្ញុំត្រៀមនឹងទទួលយកការស្តីបន្ទោសតែដាច់ខាតត្រូវតែហ៊ានថាឲ្យបុគ្គលរដ្ឋមន្ត្រីកាបរទេសវៀតណាមរូបនេះ។ ផាម ប៊ិញមិញ និងកាស៊ីត ភីរម្យា អតីតរដ្ឋមន្ត្រីការបរទេសថៃ ឈ្លើយដូចគ្នា។ ដោយសាររដ្ឋមន្ត្រីការបរទេសទាំង២ទំនើងនេះ ហើយបានជាពេលខ្លះទំនាក់ទំនង ការទូតជួបភាពរអាក់អួល។ ពេលនេះពួកគេទៅហើយ ខ្ញុំក៏លែងដៀមដាម ឲ្យអ្នកឯងទៀតដែរ ។ អញ្ជើញទៅចុះឲ្យសុខសប្បាយហើយ ឈប់ឈ្លើយដាក់មេដឹកនាំខ្មែរទៀត” ៕