Covid-19

ក្រសួងសុខាភិបាល ដាក់ ចេញ ពាក្យស្លោក «ចូលឆ្នាំនៅផ្ទះ » ជាមួយនិងការអនុវត្ត ៣ការពារ ៣កុំ និងចាក់វ៉ាក់សាំង

ភ្នំពេញ ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងសុខាភិបាល បានបង្កេីតពាក្យស្លោក «ចូលឆ្នាំនៅផ្ទះ » ឬហៅថា New Year at Home ជាមួយនិងការអនុវត្តវិធានការ ៣ការពារ ៣កុំ និងចាក់វ៉ាក់សាំង អាចឱ្យបុគ្គលវាយបកទៅនឹងការវាយលុកធ្ងន់ធ្ងរលេីសរីរាង្គរបស់ខ្លួន ចៀសផុតពីការចម្លង ជំងឺកូវីដ-១៩។

លោក ស្រី ឱ វណ្ណឌីន បានសរសេរ សារក្នុងតេឡេក្រាម នៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ ២០២១ ថា លោកស្រី នៅតែមិនអស់ចិត្ត ចោទសួររិះគិតថា ហេតុអ្វីបានជាបុគ្គលខ្លះ គាត់មិនអនុវត្តន៍បាននូវវិធានការការពារ ដែលអាចកាត់ផ្តាច់ខ្សែចម្លងវីរុសកូវីដ-១៩បាន? បេីលោកស្រី អាចអនុវត្តន៍ជំនួសពួកគាត់បាន លោកស្រីប្រាកដជាធ្វេីជូនពួកគាត់ តែបេីលោកស្រី ធ្វេី គឺការពារបានតែរូបលោកស្រី និងការពារមិនចម្លងជំងឺសាហាវនេះ ទៅក្រុមគ្រួសារលោកស្រីតែប៉ុណ្ណោះ។

លោកស្រី បន្ដថា ចុះបេីសុខចិត្តលំបាកក្នុងរយ:ពេលខ្លី នាំគ្នាអនុវត្តន៍វិធានការការពារទាំងអស់គ្នា នឹងចៀសផុតនូវការលំបាកក្នុងរយ:ពេលវែង។

លោកស្រី បញ្ជាក់យ៉ាងដូច្នេះ ថា «អ្នកឆ្លងរកឃេីញកេីនឡេីងច្រេីន បង្កេីតនូវការព្រួយបារម្ភ ដល់ផលប៉ះពាល់សុខភាពសាធារណ: ក្នុងរយ:ពេលយូរដែលយេីងកំពុងប្រឈមទៅនឹងហានិភ័យខ្ពស់ណាស់សម្រាប់ឈានចូលដល់ការរាតត្បាតទ្រង់ទ្រាយធំ នៅក្នុងសហគមន៍ និងផលរំខានដល់កំណេីនសេដ្ឋកិច្ចគ្រួសារ និងសង្គម »។

លោកស្រី បន្ថែមថា «ដូច្នេះ ខ្ញុំសូមបង្កេីតពាក្យថា ចូលឆ្នាំនៅផ្ទះ ឫ New Year at Home ជាមួយនិងការអនុវត្តវិធានការ ៖ ៣ការពារ + ៣កុំ + ចាក់វ៉ាក់សាំងកូវីដ-១៩ ដែលអាចឱ្យបុគ្គលអាចវ៉ៃបកបានទៅនឹងការវាយលុកធ្ងន់ធ្ងរលេីសរីរាង្គកាយរបស់ខ្លួន ចៀសផុតនូវការចម្លង ជំងឺកូវីដ-១៩ និងឆាប់បានវិលត្រឡប់ទៅរកការរស់នៅធម្មតាតាមបែបគន្លងថ្មីវិញបាន និងឆាប់បានធ្វេីឱ្យមានការងេីបឡេីងវិញនូវសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចសង្គមជាតិយេីងផងដែរ»។

អ្នកនាំពាក្យ ក្រសួងសុខាភិបាល ក៏បានជូនពរឆ្នាំថ្មីឲ្យប្រជាពលរដ្ឋទាំងអស់នូវពាក្យថា “ចូលឆ្នាំនៅផ្ទះ” មិនប៉ះកូវីដ-១៩ សុខភាពមាំមួន មានសុខសិរី ជ័យមង្គលក្នុងក្រុមគ្រួសាររៀងៗខ្លួន។ រីករាយឆ្នាំថ្មី ! សួស្តីឆ្នាំថ្មី ! ជាឆ្នាំប្រយុទ្ធនឹងជំងឺកូវីដ-១៩ ឱ្យឈ្នះទាំងអស់គ្នា៕

To Top