ព័ត៌មានជាតិ

តំណាង ប្រទេស៣២​ ផ្ញើសារ អបអរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

ភ្នំពេញ ៖ ប្រធានស្ថានតំណាង នៃប្រទេសចំនួន ៣២ ប្រចាំកម្ពុជា មាននិវាសដ្ឋាន នៅទីក្រុងបាងកក ប្រទេសថៃ បានរួមគ្នាផ្ញើសារ អបអរក្នុងឱកាស បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំឆ្លូវ ទោស័ក ព.ស.២៥៦៤ (១៤-១៦ មេសា) ដែលនឹងចូលមកដល់ នៅក្នុងពេលឆាប់ៗខាងមុខ។ នេះបើយោងតាមស្ថានទូតខ្មែរ ប្រចាំទីក្រុងបាងកក ប្រទេសថៃនាថ្ងៃ៩ មេសា ។

តាមរយៈកាតជូនពរ ដែលមានទង់ជាតិចម្រុះពណ៌ និងឃ្លាប្រយោគ ជាភាសាខុសៗគ្នា ដែលមានខ្លឹមសារ «សួស្តីឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ២០២១» បានឆ្លុះបង្ហាញពីចំណងមិត្តភាព ជិតស្និទ្ធជាប្រពៃណី និងការគាំទ្រគ្នាទៅវិញទៅមក រវាងស្ថានទូតកម្ពុជា ប្រចាំប្រទេសថៃ និងស្ថានទូត នៃបណ្តាប្រទេសជាមិត្ត ចំនួន ៣២ ទាំងពេលបច្ចុប្បន្ន និងអនាគត។

លោក អ៊ូក សោភ័ណ ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសថៃ បានលើកឡើង នៅក្នុងទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនថា «កម្ពុជាតូចពិត ចិត្តទូលាយ និងមានមិត្តច្រើន» ហើយបានថ្លែងអំណរគុណ ដល់អង្គទូត នៃប្រទេសទាំង៣២ ដែលបានគាំទ្រ ផ្តល់ពាក្យពេជន៍ ជាភាសាជាតិរបស់ខ្លួន និងចូលរួមចុះហត្ថលេខាលើកាត ជូនពរបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ។

សូមបញ្ជាក់ថា កាតជូនពរឆ្នាំថ្មីចម្រុះភាសានេះ ត្រូវបានផ្តួចផ្តើមរៀបចំឡើង ដោយស្ថានទូតកម្ពុជា ប្រចាំប្រទេសថៃ សហការជាមួយក្រុមការងារ ការទូតសេដ្ឋកិច្ច នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ដើម្បីចូលរួមផ្សព្វផ្សាយ ពីវប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់ខ្មែរ ដែលជាផ្នែកមួយ នៃគោលនយោបាយ ទូតសេដ្ឋកិច្ចកម្ពុជា ដល់ពិភពលោក ៕

To Top