ព័ត៌មានជាតិ

ធនាគារ នឹងមិនផាកពិន័យ ចំពោះអតិថិជនទទួលរងផលប៉ះពាល់ ដោយជំងឺកូវីដ-១៩

ភ្នំពេញ ៖ សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានបញ្ជាក់ថា ក្នុងរយៈពេលដ៏លំបាកនេះ ធនាគារ នឹងមិនផាកពិន័យ ចំពោះអតិថិជនដែលរងផលប៉ះពាល់ ដោយសារជំងឺកូវីដ-១៩។

យោងតាមសេចក្ដីថ្លែងការណ៍បន្ថែមរបស់ សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ចេញផ្សាយនា ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ បាន ថ្លែងអំណរគុណ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគាំទ្រដល់វិស័យ ធនាគារ និងមីក្រូហិរញ្ញវត្ថុ ក្នុងកិច្ចខិតខំប្រឹងប្រែងជួយអតិថិជន ដែលរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩។

សមាគមទាំងពីរ ទទួលយក និងអនុវត្តតាម ដោយធ្វើបច្ចុប្បន្នភាពកែសម្រួលបន្ថែមនូវគោលការណ៍ ដែលបានចេញ ផ្សាយ កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ ដល់អតិថិជនដែលឆ្លងជំងឺកូវីដ-១៩ ដោយបានលើកលែងការបង់ការ ប្រាក់រយៈពេល២ខែ ហើយសម្រាប់អតិថិជនដែលជាប់ធ្វើចត្តាឡីស័កនឹងផ្ដល់ការរៀបចំឥណទានឡើង វិញដោយស្វ័យប្រវត្តិ (ប្រសិនបើអតិថិជនយល់ព្រម) រួមទាំងពន្យារការបង់ទាំងប្រាក់ដើមរយៈពេល៣ ខែ។ ដោយឡែកក្នុងការចាំបាច់នានា ដែលជាតម្រូវការរបស់អតិថិជនដែលរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩ ធ្វើការពិភាក្សាដោយផ្ទាល់ជាមួយគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ។

សមាគម បញ្ជាក់ជំហរជាថ្មីថា «ក្នុងរយៈពេលដ៏លំបាកនេះ នឹងមិនមានការផាកពិន័យ ចំពោះអតិថិជនដែលរងផលប៉ះ ពាល់ដោយជំងឺកូវីដ-១៩»៕

To Top