ព័ត៌មានជាតិ

អភិបាលរាជធានី៖ ការបិទខ្ទប់ រាជធានីភ្នំពេញទាំងស្រុង មិនអោយចេញ ពីភូមិមួយ​ ទៅភូមិមួយ តែផ្សារបន្លែ ត្រីសាច់ មិនត្រូវបានបិទនោះទេ

ភ្នំពេញ៖ លោក ឃួង ស្រេង ប្រធានគណៈបញ្ជាការឯកភាព រាជធានីភ្នំពេញ បានបញ្ជាក់ថា ការសម្រេចបិទខ្ទប់ រាជធានីភ្នំពេញទាំងស្រុង ដោយមិនអោយបងប្អូន ប្រជាពលរដ្ឋចេញចូល ពីផ្ទះមួយទៅផ្ទះមួយ និងពីភូមិមួយ ទៅភូមិមួយ ប៉ុន្តែត្រូវបានលើកលែង ចំពោះបញ្ហាសុខភាព ដែលមានការអនុញ្ញាត ពីអាជ្ញាធរ ខណៈដែលទីផ្សារ បន្លែ ត្រីសាច់ ហូប ចុក មិនត្រូវបានបិទនោះទេ ។

ខ្លឹមសារខាងលើនេះ ជាការបញ្ជាក់ របស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការ ឯកភាពរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំបន្ទាន់មួយ តាមរយៈ Video Conference នៅរាត្រីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១នេះ ជាមួយអាជ្ញាធរខណ្ឌទាំង១៤ នគរបាលរាជធានីភ្នំពេញ និងកងរាជអាវុធហត្ថ រាជធានីភ្នំពេញ ដែលធ្វើឡើងនៅសាលារាជធានីភ្នំពេញ ។

ក្នុងកិច្ចប្រជុំនោះ លោក ឃួង ស្រេង បានបញ្ជាក់ថា ការសម្រេច របស់គណៈបញ្ជាការឯកភាព រាជធានីភ្នំពេញ គឺបិទខ្ទប់រាជធានីភ្នំពេញទាំងស្រុងតែម្តង ដូចដែលយើងបានបិទខ្ទប់ ខណ្ឌ៣កន្លងមកអញ្ចឹងដែរ ដោយមិនអោយបងប្អូន ប្រជាពលរដ្ឋចេញ ចូលពីផ្ទះមួយទៅផ្ទះមួយ និងពីភូមិមួយ ទៅភូមិមួយឡើយ។

លោកបន្តថា ចំពោះទីផ្សារលក់គ្រឿងឧបភោគបរិភោគ បន្លែត្រីសាច់ យើងមិនបាន បិទទេ ហើយបងប្អូនប្រជាពលរដ្ឋ អាចចេញពីផ្ទះ ទៅផ្សារបានក្នុង១សប្តាហ៍ ម្តងឬ២ដង ជាក់ស្តែង ទៅតាមការអនុញ្ញាត របស់អាជ្ញាធរ ។ ប្រជាពលរដ្ឋ ក៏អាចចេញទៅទិញថ្នាំពេទ្យ ឬទៅទទួលសេវា ព្យាបាលបាន បើមានជម្ងឺជាក់ស្តែង ។

លោកឃួង ស្រេងបន្តថា ចំពោះគោលដៅ ដែលត្រូវដាក់បិទការធ្វើដំណើរ ចេញ ចូលរាជធានី មានច្រើនគោលដៅ ក្នុងនោះមាន ផ្លូវជាតិលេខ១ នៅព្រំប្រទល់ខេត្តកណ្តាល ផ្លូវជាតិលេខ២ នៅព្រំប្រទល់ខេត្តកណ្តាល ផ្លូវជាតិលេខ៣ នៅព្រំប្រទល់ ខេត្តកណ្តាល ផ្លូវជាតិលេខ៤ នៅព្រំប្រទល់ ស្រុកអង្គស្នួលខេត្តកណ្តាល ផ្លូវជាតិលេខ៥ នៅព្រំប្រទល់ ស្រុកពញ្ញាឮ ខេត្តកណ្តាល ផ្លូវជាតិលេខ៦ នៅព្រំប្រទល់ ស្រុកមុខកំពូល ខេត្តកណ្តាល ។

ប៉ុន្តែទោះបីជាយ៉ាងណាក្តី លោក ឃួង ស្រេង បានជ្រុញឱ្យអាជ្ញាធរ យកចិត្តទុកដាក់ ចំពោះបងប្អូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានរបស់ខ្លួន ដោយមិនឱ្យមានការពិបាក រហូតគ្មានអ្វីហូបចុកនោះទេ ៕

To Top