ព័ត៌មានជាតិ

រដ្ឋបាលរាជធានី បើកកិច្ចប្រជុំពិភាក្សា លើការផ្តល់ការចាក់វ៉ាក់សាំង ដល់អ្នករត់ម៉ូតូកង់បី និងកម្មករសំណង់

ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ បាននិងកំពុងរៀបចំផែនការ ដើម្បីចាក់វ៉ាក់សាំងកូវីដ-១៩ ជូនបងប្អូនអ្នករត់ម៉ូតូកង់បីនិង (Passappជាដើម) នៅក្នុងរាជធានីភ្នំពេញ ដើម្បីបង្ការទប់ស្កាត់ នូវការរីករាលដាល នៃជំងឺកូវីដ-១៩។ ក្រៅពីនេះ កម្មករសំណង់ នៅក្នុងសមាគម និងនៅក្រៅសមាគម ក៏ត្រូវបានគិតគូរ ពីរដ្ឋបាលរាជធានីភ្នំពេញផងដែរ ដើម្បីទទួលការចាក់វ៉ាក់សាំងទាំងអស់គ្នា ។

យោងតាមការលើកឡើង របស់លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំតាមរយៈ Video Conference ជាមួយអាជ្ញាធរខណ្ឌទាំង១៤ នៅព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១នេះ នៅសាលារាជធានីភ្នំពេញ បានមានប្រសាសន៍ថា នេះជាការគិតគូរ របស់រាជរដ្ឋាភិបាល ក៏ដូចជារដ្ឋបាលរាជធានីភ្នំពេញ ដើម្បីឱ្យបងប្អូនអ្នករត់ម៉ូតូកង់បី និង Passapp ព្រមទាំងកម្មករសំណង់ទាំងអស់ នៅក្នុងរាជធានីភ្នំពេញ បានទទួលការចាក់វ៉ាក់សាំង ទាំងអស់។

លោកបន្តថា ការបើកកិច្ចប្រជុំនេះឡើង គឺដើម្បីរៀបចំជាផែនការមួយ ក្នុងការចាក់វ៉ាក់សាំង ជូនទៅដល់បងប្អូនអ្នកម៉ូតូកង់បី និងបងប្អូនដែលជាកម្មករសំណង់ ហើយអ្វីដែលជាការចង់បាន នៅក្នុងកិច្ចប្រជុំនេះ គឺចង់ឱ្យបងប្អូនអ្នករត់ម៉ូតូកង់បី និង Passapp ដែលរកស៊ី នៅក្នុងរាជធានីភ្នំពេញ បានទៅចុះឈ្មោះ នៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីទទួលបានការចាក់វ៉ាក់សាំង ក្រោមការរៀបចំ របស់អាជ្ញាធរ ដែលរក្សាបាននូវគម្លាត សុវត្ថិភាពទៅតាមការណែនាំ របស់ក្រសួង សុខាភិបាល៕

To Top