ភ្នំពេញ ៖ ក្នុងន័យផ្លូវច្បាប់ លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលសារព័ត៌មាន ដើមអម្ពិល បានលើកឡើងថា អ្នកកុំតវ៉ា យុត្តិធម៌មានហើយ! ។ ការលើកឡើងបែបនេះបន្ទាប់ពី មានបុគ្គលពីររូប ម្នាក់មានឋានៈជាឧត្តមសេនីយ៍ទោ ពាក់ផ្កាយពីរ និងម្នាក់ទៀតបន្លំធ្វើជាមន្រ្តីនគរបាល បើកឡានទំនើប ពាក់ស្លាកលេខ ន.ប បានល្មើសទៅនឹងបំរាម របស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ១៩ ។

តាមរយៈបណ្ដាញសង្គម ហ្វេសប៊ុក លោក សយ សុភាព បានបង្ហោះនូវរូបភាព ភ្ជាប់ជាមួយ ខ្លឹមសារថា «អ្នកកុំតវ៉ា យុត្តិធ៍ម មានហើយសម្រាប់អ្នកគឺដកស័ក្ត បណ្តេញពីក្របខណ្ឌ បញ្ជូនទៅតុលាការ កាត់ទោស ជាប់គុក ចុងក្រោយ ទណ្ឌិត។ អ្នកត្រូវបានអ្នកវិភាគ ចាត់ទុកថាចូលរួម បំរើឧបាយកល របស់គេបំផ្លាញ សេចក្តីសុខរបស់ប្រជាជនឯង»។

ចំណែកចំពោះបុគ្គលមួយរូបផ្សេងទៀត ដែលបានបន្លំ ធ្វើជាមន្រ្តីនគរបាល លោក សយ សុភាព បានលើកឡើងថា «តើអ្នកអាងស្អី បានជាព្រហើនម្ល៉េះ? អ្នកឯងព្រហើន ទៅនឹងបំរាម របស់នាយករដ្ឋមន្ត្រីណាស់។ សង្ឃឹមថាគ្មាន នរណាហ៊ាន អន្តរាគមន៏ទេ»។

សូមរំលឹកថា ក្នុងថ្ងៃតែមួយ សមត្ថកិច្ចក្រុងភ្នំពេញ បានធ្វើការឃាត់ខ្លួនបុគ្គលពីររូប ដែលបានល្មើសទៅនឹងវិធានការ របស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ ការឆ្លងរីករាលដាល នៃជំងឺកូវីដ១៩ បញ្ជួនទៅតុលាការ ដើម្បីអនុវត្តន៍និតិវិធីច្បាប់ ។
បុរសដែលក្លែងបន្លំធ្វើជា មន្រ្តីនគរបាល បើកឡានទំនើប ពាក់ស្លាកលេស ន.ប មានឈ្មោះ សៀង រង្សី ភេទប្រុស អាយុ៣៥ឆ្នាំ បានក្លែងបន្លំជានគរបាលជាតិ និងបេីករថយន្តឡាយល្មេីស នឹងសេចក្តីសម្រេចបិទរាជធានីភ្នំពេញ ត្រូវបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ នៅវេលាម៉ោង ៣:០០រសៀលនេះ ។

ដោយឡែកចំពោះលោក ផ្កាយ២ អ៊ុង ថាន់ធូក ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ ដកឋានន្តរស័ក្តិនាយនគរបាលថ្នាក់ឧត្តមសេនីយ៍ និងបណ្ដេញចេញពីក្របខណ្ឌនគរបាល ហើយត្រូវតុលាការ សម្រេចឃុំខ្លួន ក្រោយចោទប្រកាន់ពីបទ «ការរារាំងដល់ការអនុវត្តវិធានការ»៕

