ព័ត៌មានជាតិ

រដ្ឋបាលរាជធានីភ្នំពេញ ឲ្យបុគ្គលិក កម្មករ ទៅបញ្ជាក់ សិទ្ធិអនុញ្ញាត ពីអាជ្ញាធរ ដើម្បីធ្វើដំណើរ ពេលបិទខ្ទប់

ភ្នំពេញ៖ ក្នុងកិច្ចប្រជុំ គណៈបញ្ជាការឯកភាព រាជធានីភ្នំពេញ តាមរយៈ Video Conference ស្ដីពីការងាររឹតបណ្ដឹង ការបិទខ្ទប់ តាមច្រកចេញ-ចូលនានា ក្នុងរាជធានីភ្នំពេញ ក្រោមវត្តមាន លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានកំណត់ និងបានណែនាំ ឲ្យម្ចាស់ក្រុមហ៊ុន រោងចក្រ សហគ្រាសស្ថិតក្នុង ភាពអនុគ្រោះ ឲ្យដំណើរការអាជីវកម្ម ពេលអនុវត្តវិធានការ បិទខ្ទប់រាជធានីភ្នំពេញ ១៤ថ្ងៃនេះ រៀបចំបញ្ជីឈ្មោះបុគ្គលិក កម្មករ កម្មការិនីរបស់ខ្លួន ទៅបញ្ជាក់ជាមួយ រដ្ឋបាលរាជធានីភ្នំពេញ និងនៅតាមខណ្ឌទាំង១៤ ដើម្បីបង្កភាពងាយស្រួល ក្នុងការធ្វើដំណើរ។

កិច្ចប្រជុំ គណៈបញ្ជាការឯកភាពនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១។

លោក ឃួង ស្រេង បានបញ្ជាក់ថា ដោយមានបញ្ហា ស្មុគស្មាញមួយចំនួន នៅតាមគោលដៅដែលកម្លាំង សមត្ថកិច្ចដាក់កម្លាំង ដើម្បីបិទខ្ទប់ ពិសេសលើការ ពិនិត្យឯកសារ នៃការអនុញ្ញាត ឲ្យចេញ-ចូល បង្កឲ្យមានការកកស្ទះ ចរាចរណ៍ជាអន្លើនោះ ទើបរដ្ឋបាលរាជធានីភ្នំពេញ ធ្វើការណែនាំ ឲ្យខណ្ឌទាំង១៤ ចេញលិខិតអនុញ្ញាត។

លោកបន្តថា ដើម្បីធានាប្រក្រតីភាព នៃជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ ស្របតាមសេចក្តីសម្រេច របស់រាជរដ្ឋាភិបាល ក្នុងការធ្វើដំណើរ ក្នុងភូមិសាស្រ្ត រាជធានីភ្នំពេញ អំឡុងពេលបិទខ្ទប់ តាមរយៈសេចក្តីណែនាំថ្មីមួយ នៅថ្ងៃ១៨ មេសា នេះ រដ្ឋបាលរាជធានីភ្នំពេញ បានណែនាំដល់អ្នកដែល ត្រូវផ្តល់អាទិភាពធ្វើដំណើរ ត្រូវបំពេញលក្ខខណ្ឌដូចខាងក្រោម៖

១៖ រៀបចំបញ្ជីឈ្មោះបុគ្គលិក កម្មករ-កម្មការិនីនៃទីតាំង អាជីវកម្មរបស់ខ្លួន ដោយត្រូវកាត់បន្ថយនូវចំនួន មកនៅត្រឹមកម្រិត អប្បបរមាមិនឱ្យលើសពី ០២ភាគរយ នៃចំនួនបុគ្គលិក ឬកម្មករ-កម្មការិនីសរុប (ភ្ជាប់បញ្ជីឈ្មោះ បុគ្គលិកនិងកម្មករសរុប) និងត្រូវភ្ជាប់មកជាមួយ នូវឯកសារបញ្ជាក់ធានា អះអាងចំនួន ០២ភាគរយ នៃបុគ្គលិក កម្មករ-កម្មការិនី ពីម្ចាស់សហគ្រាស ឬម្ចាស់អាជីវកម្មដ្ឋាន។

២៖ ត្រូវស្នើសុំទៅអង្គភាព ច្រកចេញចូលតែមួយ នៃរដ្ឋបាលរាជធានីភ្នំពេញ ឬនៅការិយាល័យ ច្រកចេញចូល តែមួយនៃរដ្ឋបាលខណ្ឌទាំង១៤ ពិសេស ក្នុងមូលដ្ឋានខណ្ឌ ដែលទីតាំងអាជីវកម្មរបស់ខ្លួនតាំងនៅ ដើម្បីចេញលិខិត បញ្ជាក់អំពីការ ធ្វើដំណើរចេញចូល ក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ ជូនដល់ម្ចាស់អាជីវកម្ម និងបុគ្គលិក កម្មករ-កម្មការិនី។

ក្រៅពីបញ្ហាខាងលើនេះ លោក ឃួង ស្រេង ក៏បានក៏បានជម្រុញ ឲ្យអាជ្ញាធរខណ្ឌទាំងអស់ ពិសេសខណ្ឌ៣ដែល កំពុងចត្តាឡីស័ក ត្រូវកំណត់ទីតាំងឲ្យបានច្បាស់លាស់ ចំពោះប្រជាពលរដ្ឋ កម្មករ កម្មការិនីដែលមានបញ្ហា ប្រឈមជីវភាពខ្លាំង ដើម្បីបានយកអំណោយ ទៅចែកជូនពួកគាត់ បានទាន់ពេលវេលា៕

To Top