ព័ត៌មានជាតិ

កូរ៉េ ផ្តល់ជំនួយបន្ថែមទៀត ទៅកាន់ក្រសួង សុខាភិបាល ដើម្បីប្រយុទ្ធប្រឆាំងជំងឺ កូវីដ19

ភ្នំពេញ ៖ រដ្ឋាភិបាល នៃសាធារណៈរដ្ឋកូរ៉េ បានផ្តល់សម្ភារៈបរិក្ខាពេទ្យ ទៅកាន់ក្រសួងសុខាភិបាល តាមរយៈកម្មវិធីប្រយុទ្ធ ប្រឆាំងជំងឺកូវីដ19 ។ ការផ្តល់ជំនួយនេះត្រូវបានធ្វើឡើង តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការ អន្តរជាតិកូរ៉េ (KOICA) ក្នុងគោលបំណង ដើម្បីជួយក្រសួងសុខាភិបាល ក្នុងការប្រយុទ្ធប្រឆាំង ជំងឺកូវីដ19 នៅក្នុងប្រទេសកម្ពុជា ។

តាមសេចក្តីប្រកាសព័ត៌មានរបស់ KOICA នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ បានអោយដឹងថា សម្ភារៈបរិក្ខាពេទ្យដែលផ្តល់ឲ្យនៅពេលនេះរួមមាន RNA ExtractionKits ចំនួន18,750 SD Biosensor ចំនួន14,400 សំលីដើម្បីធ្វើការប្រមូល យកសំណាក (swap) ចំនួន42,000 និងសំភារះមួយចំនួនទៀត ដើម្បីចាំបាច់សម្រាប់ប្រើប្រាស់ ក្នុងបន្ទប់ពិសោធន៏ ដើម្បីពិនិត្យរកមេរោគកូវីដ19 ដែលមានទឹកប្រាក់ សរុបប្រមាណ ជា350,000ដុល្លារ អាមេរិច ។
សម្ភារៈបរិក្ខាពេទ្យទាំងនេះ នឹងត្រូវបានប្រើប្រាស់ដោយមន្ទីពិសោធន៍ជាតិ នៃវិទ្យាស្ថានជាតិសុខភាព សាធារណៈដើម្បីពិនិត្យរកមេរោគកូវីដ19។

នេះមិនមែនជាលើកទី១ ក្នុងការផ្តល់ជំនួយនោះទេ ទីភ្នាក់ងារកយការ បានបន្តផ្តល់ជំនួយចាប់តាំងពីជំងឺកូវីដ19បាន កើតឡើង នៅក្នុងប្រទេសកម្ពុជា ខណៈ´ដែល SD Biosensor ចំនួន8,640 ត្រូវបានផ្តល់ជូន តាមរយៈទីភ្នាក់ងារនេះ កាលពីដើមឆ្នាំ2020 ។ ការផ្តល់ជំនួយនេះត្រូវបានធ្វើឡើង តាមរយៈកម្មវិធីការឆ្លើយតប ចំពោះកូវីដ19 របស់ទីភ្នាក់ងារកយការ (របៀបវីរៈដើម្បីកសាងភាពល្អប្រសើរ ក្នុងការប្រឆាំងកូវីដ១៩ តាមរយៈកិច្ចសហប្រតិបត្តការអភិវឌ្ឍន៏) ។
កម្មវិធីនេះជាគំនិតផ្ទួចផ្តើម របស់សាធារណៈរដ្ឋកូរ៉េ ដែលធ្វើអន្តរគមន៏ដើម្បីឆ្លើយតបទៅនឹងការរីករាលដាល នៃជំងឺកូវីដ19 តាមការគាំទ្រផ្សេងៗ ។ ក្រៅពីជំនួយ ដែលបានរៀបរាប់ខាងលើ ទីភ្នាក់ងារកយការបានផ្តល់ជំនួយ ជាច្រើនទៀតតាមរយៈកម្មវិធីនេះ ដូចជា៖ 1) ការផ្តល់ជាទូយកសំណាក ជំងឺកូវីដ19ចំនួន២០គ្រឿង និងគ្រែសែងអ្នកជំងឺកូវីដចំនួន៦២គ្រែ ។ 2) ការផ្តល់សំភារៈការពារខ្លួនផ្សេងៗដូចជា ម៉ាសចំនួន100,000 ម៉ាសពេទ្យចំនួន 4,500 ជែលលាងដៃ ចំនួន2,000 ទៅកាន់មន្ទីពេទ្យកុមារជាតិ និង មន្ទីពេទ្យមិត្តភាពខ្មែរសូវៀត ។ 3) ការជួយទ្រទ្រង់ ជនងាយរងគ្រោះ តាមរយៈការឧបត្តម្ភ នូវស្បៀងអាហារ និង សំភារៈសង្គ្រោះបឋម នៅក្នុងរាជធានីភ្នំពេញ និង ខេត្តចំនួន5រួមមាន កំពង់ស្ពឺ ក្រចេះ ឧត្តមានជ័យ បាត់ដំបង និងសៀមរាប ។ 4) ការសហការជាមួយអង្គការ ជនភាសខ្លួនអន្តរជាតិ លើការពង្រឹងលើការឆ្លើយតបទៅនឹងកូវីដ19 ចំពោះអ្នកចំណាកស្រុក នៅច្រកចេញចូល និង មណ្ឌលចត្តាឡីសក្ក នៅក្នុងខេត្តចំនួន5 រួមមាន បាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ សៀមរាប និង ព្រៃវែង ៕

To Top