Covid-19

រាជរដ្ឋាភិបាល ណែនាំពីវិធានការលម្អិត រឹតបន្តឹងការបិទខ្ទប់ ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ

ភ្នំពេញ៖ ដើម្បីពង្រឹងប្រសិទ្ធភាព នៃការអនុវត្តសេចក្តីសម្រេចលេខ ៤៩ និងសេចក្តីសម្រេចលេខ ៥០ របស់រាជរដ្ឋាភិបាល ជាពិសេសដើម្បីកាត់ផ្តាច់ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ឱ្យបានឆាប់រហ័ស និងជាអតិបរមា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចណែនាំ ពីវិធានការលម្អិតដើម្បីរឹតបន្តឹង ការអនុវត្តសេចក្តីសម្រេចស្តីពី ការបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល ។

យោងតាមសេចក្ដីណែនាំ របស់រាជរដ្ឋាភិបាល នៅថ្ងៃទី១៩ មេសានេះ បានឲ្យដឹងថា ក្នុង “តំបន់ក្រហម” ដែលកំណត់ដោយអាជ្ញាធរអនុវត្តវិធានការបិទខ្ទប់ បុគ្គលគ្រប់រូបត្រូវបានហាមឃាត់ មិនឱ្យធ្វើដំណើរចេញពីលំនៅឋាន ឬទីសំណាក់បច្ចុប្បន្នរបស់ខ្លួន ដោយរួមទាំងការមិនអនុញ្ញាត ឱ្យធ្វើសកម្មភាពកីឡានៅខាងក្រៅលំនៅឋាន ឬទីសំណាក់របស់ខ្លួន លើកលែងតែការធ្វើដំណើរ ក្នុងមូលហេតុសុខភាពបន្ទាន់ និងការធ្វើដំណើរទៅជួបមន្ត្រីសុខាភិបាល ដើម្បីយកសំណាកទៅវិភាគរកមេរោគកូវីដ-១៩ ឬចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី២ នៅទីតាំងជិតបំផុតក្នុងតំបន់ក្រហមតាមការកំណត់ និងដោយមានការអនុញ្ញាតពី អាជ្ញាធរមានសមត្ថកិច្ចតែប៉ុណ្ណោះ!

ជាមួយគ្នានោះអាជ្ញាធរអនុវត្តវិធានការបិទខ្ទប់ នឹងចាត់ចែងជាបន្ទាន់ ដើម្បីចែកចាយនូវជំនួយសង្គ្រោះបន្ទាន់ រួមមានអង្ករ មី ត្រីខកំប៉ុង ទឹកត្រី និងទឹកស៊ីអ៊ីវ ជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះ ប្រជាពលរដ្ឋក្រីក្រ និងមានការលំបាកក្នុង ជីវភាពនៅក្នុងតំបន់ក្រហម ។

ក្រសួងពាណិជ្ជកម្ម នឹងរៀបចំឱ្យមានការផ្គត់ផ្គង់ ដឹកជញ្ជូន និងចែកចាយស្បៀង រួមមាន អង្ករ មី ត្រីខកំប៉ុង ទឹកត្រី ទឹកស៊ីអ៊ីវ និងទឹកបរិសុទ្ធ ព្រមទាំងគ្រឿងឧបភោគបរិភោគ ដែលចាំបាច់ផ្សេងទៀត ដើម្បីលក់ឱ្យប្រជាពលរដ្ឋរស់នៅក្នុងតំបន់ក្រហម ដោយអនុវត្តសេវាលក់តាមប្រព័ន្ធទូរស័ព្ទ ឬអនឡាញ និងការដឹកជញ្ជូនចែកចាយដល់មុខផ្ទះ ៕

To Top