ភ្នំពេញ :វីរុសកូរ៉ូណាបានសម្លាប់មនុស្ស អស់ជាងបីលាននាក់មកហើយគិតត្រឹមថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ ។ ជំងឺឆ្លងដ៏កាចសាហាវនេះ បានធ្វើឱ្យពិភពលោកញាប់ញ័ររន្ធត់និងនាំឱ្យមនុស្សស្ទើរគ្រប់ជាតិសាសន៍ នាំគ្នារិះរកមធ្យោបាយ រកវ៉ាក់សាំង និងរកថ្នាំដើម្បីការពារនិងព្យាបាល បើទោះបីជារហូតមកទល់ពេលនេះពុំទាន់ ទទួលបានជោគជ័យនៅឡើយ ។ ទន្ទឹមនឹងផ្នែកវិទ្យាសាស្រ្តកំពុងបន្តស្រាវជ្រាវ ផ្នែកជំនឿរបស់មនុស្សលោកក៏ចេះតែ លេចចេញប្លែកៗនិងផ្សេងៗគ្នាទៅតាមតំបន់ តាមភូមិសាស្រ្ត និងជនជាតិនីមួយៗ ។ ដោយឡែកសំរាប់ស្រុកខ្មែរ ច្រើនជំនាន់មកហើយ ចាស់ៗតែងតំណាលអំពីការបន់ស្រន់ និងបួងសួងសូមឱ្យឆ្លងផុតវាលបី ដោយសារតែវាលបីនេះបានសម្លាប់ មនុស្សរាប់រយលាននាក់មកហើយនៅទូទាំងពិភពលោក ។
តើវាលបីជាអ្វីទៅ?
ព្រះមហាវិមលធម្ម ពិន សែម ជាព្រះគ្រូចៅអធិការវត្តរាជបូណ៌ នៅខេត្តសៀមរាប បានសម្តែងព្រះធម៌ទេសនាកាលពីខែឧសភា ឆ្នាំ២០២០ថា ចាស់ៗបន់ស្រន់ឱ្យឆ្លងផុតវាលបី ដោយសារតែពួកគាត់បានឆ្លងកាត់និងបានជួបប្រទះរួចមកហើយ ពោលគឺតាំងពីសម័យមុនរហូតដល់សង្រ្គាមលោកលើកទីពីរនិងតៗមកទៀត ច្បាំងរហូតដល់អត់បាយក្រហាយទឹក កើតគ្រោះទុរ្ភិក្សរាំងស្ងួត កើតជំងឺរាគរូសចុកក្អួត និងកើតជំងឺអុតធំ ដែលបានផ្តាច់ផ្តិលជីវិតមនុស្សរាប់មិនអស់ ស្លាប់រង្គាលដូចសត្វធាតុ ដែលគេហៅថា “ចម្បាំងរាំងជល” ។ គ្រោះអត់ឃ្លានដោយសាររាំងស្ងួតក៏ព្រោះពេលនោះប្រទេសកម្ពុជាយើងមានប្រព័ន្ធធារាសាស្រ្តមិនទាន់គ្របដណ្តប់ទូទាំងប្រទេស ហើយរោគក៏យាយីបង្កើតជាវាលធំចងប្រទាក់ក្រឡាមនុស្សដែលកំពុងរស់នៅលើលោកយើងនេះ ។ ព្រះតេជគុណ ពិន សែម បានសម្តែងសង្ឃដីកាបន្ថែមថា ការធ្វេសប្រហែស គ្មានអនាម័យ គ្មានវិន័យ និងខ្វះសីលធម៌ក្នុងការរស់នៅ ក៏នាំទៅដល់ការកើតជំងឺតម្កាត់នានា គ្មាននរណាជួយនរណាបាន ជំងឺទាំងនោះបានសម្លាប់មនុស្សស្តែងៗណាស់ រហូតដល់រកកន្លែងកប់គ្មាន ។ បច្ចុប្បន្ននេះ វាលទីបីដែលកំពុងជួបប្រទះគឺ “ជំងឺកូវីដ” នេះឯង ។
វាលបី៖
១- វាលគ្រោះដោយសង្គ្រាម
២- វាលគ្រោះដោយទុរ្ភិក្ស
៣- និងវាលគ្រោះដោយរោគរាតត្បាត
ជំនឿឱបជើងសសរ៖
ជុំវិញការបន់ស្រន់ និងជំនឿរបស់ចាស់ៗដើម្បីឱ្យឆ្លងផុតគ្រោះវាលទីបី អ៊ំស្រី ខាវ ថងញ៉ុត ភរិយាអតីតអធិរាជចម្រៀង ស៊ីន ស៊ីសាមុត បានមានប្រសាសន៍ថា ចាស់ៗតែងតំណាលឱ្យកូនចៅនិងក្រុមគ្រួសារ “ឱបជើងសសរឱ្យជាប់” មានន័យថាត្រូវស្ថិតនៅតែក្នុងផ្ទះ កុំចេញក្រៅ ឬប្រតិបត្តិការរស់នៅតាមគន្លងថ្មីក្នុងសម័យកូវីដ ដូចរាជរដ្ឋាភិបាលកម្ពុជាណែនាំ “៣ការពារ ៣កុំ” ។
សូមឱ្យពលរដ្ឋខ្មែរទាំងអស់ ឆ្លងផុតទុក្ខផុតភ័យ ពីវាលគ្រោះទីបីនៃរោគរាតត្បាតពីទឹកដីកម្ពុជានាពេលឆាប់ៗខាងមុខនេះ ៕ ដោយ លោក ពុយ គាអ្នកឆ្លើយឆ្លងសារព័ត៌មានក្យូដូជប៉ុន