Covid-19

លោកស្រី ម៉ែន សំអន អំពាវនាវឱ្យពលរដ្ឋអត់ធ្មត់ ក្នុងដំណាក់កាលបិទខ្ទប់

ភ្នំពេញ៖ លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះជួយរាជធានីភ្នំពេញ បានអំពាវនាវ ឲ្យបងប្អូនប្រជាពលរដ្ឋ មានការអត់ធ្មត់ ក្នុងរយៈពេល ១៤ថ្ងៃ ដើម្បីទប់ស្កាត់ ការរីករាលដាល ជំងឺកូវី-១៩ ។

លោកស្រី ម៉ែន សំអន បានអំពាវនាវបែបនេះ ក្នុងឱកាសចុះចែកអំណោយ​ដល់បងប្អូនប្រជាពលរដ្ឋក្រីក្រ ចំនួន៦០០គ្រួសារ ដែលត្រូវបានបិទខ្ទប់ ដើម្បីបង្ការទប់ស្កាត់ជំងឺ-១៩ នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ដោយមានការចូលរួមពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ លោកទេសរដ្ឋមន្ត្រី ឱម យិនទៀង ប្រធានក្រុមការងារ ចុះពង្រឹងមូលដ្ឋាន​ខណ្ឌទួលគោក នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១នេះ ។

ក្នុងឱកាសនោះ លោកស្រី ម៉ែន សំអន លើកឡើងថា សម្ដេចតេជោ ហ៊ុន សែន​បានគិតគូរនិងព្រួយបារម្ភ យ៉ាងខ្លាំងបំផុត ចំពោះសុខទុក្ខបងប្អូន ប្រជាពលរដ្ឋ ពិសេសក្នុងដំណាក់កាល កូវីដ-១៩នេះ ដោយសម្ដេច បានចេញ នូវសេចក្តីសម្រេច ជាច្រើនលើក ច្រើនសារ ក្នុងការបិទខ្ទប់ រាជធានីភ្នំពេញ ដើម្បីបង្ការ និងទប់ស្កាត់ នូវជំងឺដ៏កាចសាហាវនេះ ។ ដូច្នេះសូមបងប្អូន ប្រជាពលរដ្ឋ ទាំងអស់មេត្តា ចូលរួមអនុវត្ត ឲ្យបានខ្ជាប់ខ្ជួន ទៅតាមការណែនាំ របស់ក្រសួងសុខាភិបាល ក៏ដូចជាអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្ដេចតេជោ ហ៊ុន សែន គឺ៣កុំនិង៣ការពារ ។

ផ្ទាំងពាណិជ្ជកម្ម

លោកស្រីបញ្ជាក់ផងដែរថា ជំងឺដ៏កាចសាហាវនេះ​នៅក្នុងពេលដែលយើង បានឆ្លងវាហើយ គឺមិនមានបងប្អូន សាច់ញាតិណាមើលថែទេ ហើយពេលស្លាប់ទៅ ក៏មិនមានអ្នកទៅធ្វើបុណ្យ ដូចកាលពីមិនទាន់មាន កូវីដ-១៩ដែរ ។ ដូច្នេះយើងទាំងអស់គ្នា ត្រូវតែរួមគ្នា ដើម្បីទប់ស្កាត់ឲ្យបាន ជំងឺកូវីដ-១៩នេះ ខណៈដែលរាជរដ្ឋាភិបាល បានចេញសេចក្តីសម្រេច ជាបន្តបន្ទាប់ នៃការបិទខ្ទប់ រាជធានីភ្នំពេញ រយៈពេល ១៤ថ្ងៃ ។ ក្នុងរយៈពេល១៤ថ្ងៃនេះ សូមបងប្អូនទាំងអស់អត់ធ្មត់ ។ ក្រោយ១៤ថ្ងៃ បើយើងអាចបិទខ្ទប់ បានជោគជ័យ បងប្អូនប្រជាពលរដ្ឋ អាចនឹងដើរហើរ​និងប្រកបរបររកស៊ី ប្រចាំជីវិត ដូចធម្មតាឡើងវិញហើយ ។

សូមបញ្ជាក់ថា បងប្អូនប្រជាពលរដ្ឋ ដែលទទួលអំណោយ របស់សម្ដេចតេជោ នៅពេលនេះ គឺជាប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិ១៤ ភូមិ១៦ និង១៧ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក មានចំនួន ៦០០គ្រួសារ ដោយក្នុងមួយគ្រួសារ ទទួលបានអង្ករ មី ទឹកត្រីនិងទឹកស៊ីអ៊ីវ ដើម្បីចូលរួមរំលែក នូវការលំបាក ពេលដែលបងប្អូន ត្រូវបានរដ្ឋាភិបាលក៏ដូចជា រដ្ឋបាលរាជធានីភ្នំពេញ បិទខ្ទប់មិនឲ្យចាកចេញពីផ្ទះ ដើម្បីទប់ស្កាត់ ការរីករាលដាល នៃជំងឺកូវីដ-១៩៕

To Top