ព័ត៌មានជាតិ

ក្រសួងពាណិជ្ជកម្ម ស្នើម្ចាស់ផ្សារទំនើប ដាក់លក់ទំនិញ របស់ខ្លួន ក្នុងវេបសាយក្រសួង ឬដឹកជញ្ជូនជូនពលរដ្ឋ ស្ថិតតំបន់បិទខ្ទប់

ភ្នំពេញ ៖ លោក ស៊ាង ថៃ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងពាណិជ្ជកម្ម បានស្នើម្ចាស់ផ្សារទំនើបសហការជាមួយ ក្រសួងដើម្បីដាក់លក់ ទំនិញរបស់ខ្លួន ក្នុងវេបសាយក្រសួង ឬសហការដឹកជញ្ជូនទំនិញ ជូនប្រជាពលរដ្ឋ ស្ថិតនៅតំបន់បិទ ខ្ទប់ និងតំបន់ក្រហម ។ នេះបើយោងតាម គេហទំព័រហ្វេសប៊ុក របស់ ក្រសួងពាណិជ្ជកម្ម។

ក្នុងប្រជុំជាមួយតំណាង ផ្សារទំនើប ដើម្បីជួយសម្របសម្រួលរកដំណោះស្រាយ និងផលវិបាក ក្នុងការធ្វើអាជីវកម្ម កំឡុងពេលបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ តាមប្រព័ន្ធ ZOOM លោក ស៊ាង ថៃ បានថ្លែងថា ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការរួមចំណែកជាមួយ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារ ទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវី-១៩ និងរក្សារស្ថេរភាពតម្លៃទំនិញផលិតផលនៅលើទីផ្សារ ជាពិសេស ផលិតផលស្បៀង អាហាររបស់ប្រជាពលរដ្ឋ។

លោក បញ្ជាក់ថា «សូមស្នើដល់ម្ចាស់ផ្សារទំនើបទាំងអស់ ចូលរួមសហការជាមួយ ក្រសួងពាណិជ្ជកម្ម ក្នុងការដាក់លក់ ទំនិញរបស់ខ្លួន ក្នុងវេបសាយ របស់ក្រសួងពាណិជ្ជកម្ម ឬសហការ ដឹកជញ្ជូនទំនិញជូនប្រជាពលរដ្ឋ ដែលស្ថិត នៅក្នុងតំបន់បិទខ្ទប់ និងតំបន់ក្រហម។ ជាមួយគ្នានោះ សូមថ្លែងអំណរគុណ និងកោតសរសើរ ដល់ម្ចាស់ផ្សារទំនើបទាំងអស់ ដែលកន្លងមកបានរក្សារស្ថេរភាព ថ្លៃទំនិញបានល្អ ទោះបីស្ថិតក្នុងគ្រាលំបាកយ៉ាងណាក៏ដោយ» ។

នាឱកាសនោះ ភាគីតំណាងផ្សារទំនើប ក៏បានសំណូមពរ ដល់ក្រសួងពាណិជ្ជកម្ម ក្នុងការជួយសម្របសម្រួល ចំពោះបញ្ហាធំៗមួយចំនួន ដែលខ្លួនកំពុង តែប្រឈមមុខ ក្នុងនោះរួមមាន ៖ ការធ្វើដំណើរ របស់បុគ្គលិកទៅ-មកដើម្បីបំពេញការងារ ការលំបាកក្នុងការ ដឹកជញ្ជូនទំនិញធ្លងពីខេត្តចូលមករាជធានីភ្នំពេញ និងការនាំចូលទំនិញពីក្រៅប្រទេស ដើម្បីផ្គត់ផ្គង់តម្រូវការនៅក្នុងស្រុក។

សូមរំលឹកថា កិច្ចប្រជុំនេះមានតំណាងផ្សារទំនើបចូលរួម ដូចជា ៖ Aeon Mall, តំណាងផ្សារទំនើប Makro Phnom Phenh, តំណាងផ្សារទំនើប Lucky, តំណាងផ្សារទំនើប Bayon, តំណាងផ្សារទំនើប Supper Store, តំណាងផ្សារទំនើប Chip Mong និងតំណាងផ្សារទំនើប Bio Mart ផងដែរ៕

To Top