នយោបាយ

វិភាគ ៖ តើមេដឹកនាំមីយ៉ានម៉ា មួយណា នឹងទៅចូលរួម កិច្ចប្រជុំអាស៊ាន នៅថ្ងៃសៅរ៍ ក្នុងប្រទេស ឥណ្ឌូនេស៊ី ?

បច្ចុប្បន្នភាព

ប្រព័ន្ធផ្សព្វផ្សាយ NHK របស់ប្រទេសជប៉ុន បានចុះផ្សាយថា សមាគមប្រជាជាតិ អាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន (ASEAN) គ្រោងនឹងបើកកិច្ចប្រជុំ វិសាមញ្ញមួយ នៅថ្ងៃសៅរ៍ ទី២៤ ខែមេសានេះ នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី ដោយមានការចូលរួម ពីប្រមុខដឹកនាំ នៃប្រទេស ជាសមាជិកទាំង១០ប្រទេស ។

ប្រភពដដែលបានអោយដឹងថា កិច្ចប្រជុំអាស៊ានលើកនេះ នឹងលើកយកប្រធានបទសំខាន់ ពីវិបត្តិនយោបាយ នៅសហភាពមីយ៉ានម៉ា ទៅពិភាក្សាដេញដោល ក្នុងការស្វែង រកដំណោះស្រាយ ដើម្បីបញ្ចប់ វិបត្តិនយោបាយ នៅក្នុងប្រទេសមួយនេះ ដែលបានអូសបន្លាយ អស់រយៈពេលជាង២ខែ កន្លងមកនេះ ។

ក្នុងកិច្ចប្រជុំអាស៊ាន នៅថ្ងៃសៅរ៍ខាងមុខនេះ មានមតិជាច្រើន ត្រូវបានលើកឡើងខុសៗគ្នា ពាក់ព័ន្ធនឹងបេក្ខជន នៅសហភាពមីយ៉ានម៉ា ដែលត្រូវទៅចូលរួម ក្នុងកិច្ចប្រជុំនោះ ថាតើភាគីណាមួយ ដែលគួរតែអាស៊ាន ទទួលយក តើបេក្ខជនមកពីរដ្ឋាភិបាលស៊ីវិល ដែលត្រូវបានផ្តួលរំលំ ដោយរដ្ឋប្រហារ ឬបេក្ខជនមកពីរបបសឹក ដែលកំពុងកាន់អំណាច ?

ក្រុមសិទ្ធមនុស្សនៅមីយ៉ានម៉ា (Human Rights Groups in Myanmar) សហរដ្ឋអាមេរិក និង សម្ព័ន្ធមិត្ត បានលើកឡើងថា អាស៊ានគួរតែទទួលស្គាល់ មេដឹកនាំខាងរដ្ឋាភិបាលស៊ីវិល អោយចូលរួម ក្នុងកិច្ចប្រជុំនោះ ទោះបីជារដ្ឋាភិបាលស៊ីវិល គ្រាន់តែជាស្រមោល ដែលត្រូវបានរំលាយចោល ដោយរបបសឹកមីយ៉ានម៉ា ក៏ដោយ ។

ក្រុមខាងលើដដែលបានបន្តថា ប្រមុខដឹកនាំរដ្ឋាភិបាលស៊ីវិល នៅមីយ៉ានម៉ា មានសិទ្ធិគ្រប់គ្រាន់ក្នុងការដោះស្រាយវិបត្តិនៅក្នុងប្រទេស ដោយសារតែរដ្ឋាភិបាលនេះ ត្រូវបានបង្កើតឡើង ដោយឆន្ទៈ របស់ប្រជាពលរដ្ឋ តាមរយៈការបោះឆ្នោត និងជាការសម្រេចចិត្ត ស្របទៅតាមការចង់ បានរបស់ប្រជាពលរដ្ឋនៅទូទាំង ប្រទេស ទោះបីជារដ្ឋាភិបាលស៊ីវិល ត្រូវបានផ្តួលរំលំ និងបាត់បង់រចនាសម្ព័ន្ធទៅហើយក្តី ។

ចំណែកលោក Zaw Min Tun អ្នកនាំពាក្យ របបសឹក មីយ៉ានម៉ា បាននិយាយថា មិនមានឥស្សរជនណាមួយ នៅក្នុងប្រទេសនេះ អាចទៅចូលរួមប្រជុំអាស៊ាន នៅឥណ្ឌូនេស៊ី នៅថ្ងៃសៅរ៍ខាងមុខនេះបានទេ គឺមានតែមេដឹកនាំខាងយោធា ប៉ុណ្ណោះ ដែលអាចទៅចូលរួមបាន និងអាចសម្រេចចិត្តលើបញ្ហាពាក់ព័ន្ធ នឹងប្រទេសជាតិបាន ។

លោក Zaw Min Tun បានបន្ថែមថាឧត្តមសេនីយ៍ Min Aung Hlaing ដែលជាប្រមុខដឹកនាំកំពូល ខាងយោធា និងជាក្បាលម៉ាស៊ីន នៃរដ្ឋាភិបាលរបបសឹក បានបង្ហាញជំហរ រួចជាស្រេចទៅហើយ ក្នុងការធ្វើដំណើរទៅចូលរួមក្នុងកិច្ចប្រជុំនោះ ហើយឧត្តមសេនីយ៍រូបនេះ នឹងបង្ហាញមេដឹកនាំអាស៊ាន អោយដឹងច្បាស់ពីបុព្វហេតុ នៃវិបត្តិនយោបាយ ។

សូមបញ្ជាក់ជូនថា គិតត្រឹមថ្ងៃព្រហស្បតិ៍ ទី២២ ខែមេសានេះ កំណើនចំនួនមនុស្សស្លាប់ ក្នុងអំពើហិង្សា នៅសហភាពមីយ៉ានម៉ា បានកើនឡើងដល់ ជិត៨០០នាក់ហើយ ហើយការប៉ះទង្គិចគ្នា រវាងក្រុមបាតុករ ចលនាប្រដាប់អាវុធរបស់ជនជាតិភាគតិច និងកងកម្លាំងប្រដាប់អាវុធ នៅតែបន្តកើតមានឡើង ជារៀងរាលថ្ងៃនៅទូទាំងប្រទេស ។

ផ្ទាំងពាណិជ្ជកម្ម

ក្រុមបាតុករ បានរួមសហការជាមួយជនជាតិភាគតិច ការ៉ែន និងកាជីនជាដើម ក្នុងការប្រយុទ្ធប្រឆាំង ជាមួយកងកម្លាំងយោធា ដោយក្រុមបាតុករ និងជនជាតិភាគតិច បានបំបែកខ្លួនប្រមាណជាង៤០ក្រុម នៅទូទាំងប្រទេស និងបានវាយបកទៅលើកងកម្លាំង យោធាដោយប្រើប្រាស់កាំភ្លើងច្នៃ និងចាំពានកៅស៊ូជាដើម ។

ចំណែករបបសឹកក៏មិន បានបន្ធូរដៃដែរ ដោយនៅតែបន្តបង្ក្រាបយ៉ាងចាស់ដៃ លើក្រុមបាតុករ ដែលនៅតែបន្តចេញធ្វើបាតុកម្មនៅតាមដងផ្លូវ និងបានប៉ះទង្គិចជាញឹកញាប់ ជាមួយកងកម្លាំង ប្រដាប់អាវុធ ដោយមានកាំភ្លើងច្នៃ និងសម្ភារៈជាអាវុធផ្សេងទៀត ដែលរុញច្រានវិបត្តិនយោបាយ នៅក្នុងប្រទេសនេះអោយធ្លាក់ចុះដុនដាបជាលំដាប់ ។

រហូតដល់មកដល់ពេលនេះ ជំហររបស់របបសឹក និងរដ្ឋាភិបាលស៊ីវិលមីយ៉ានម៉ា នៅតែមិនប្រែប្រួលដដែល គឺក្រុមបាតុករមានជំហរប្រឆាំងដាច់ខាត និងកងកម្លាំងយោធាមានជំហរ បង្ក្រាបលើក្រុមបាតុករដាច់ខាតដូចគ្នា ។

ដើមចមនាំអោយកើតរឿង

លោក Charles Santiago ប្រធានសភាអាស៊ាន ទទួលបន្ទុកសិទ្ធិមនុស្ស បាននិយាយថា ដើមចមដែលនាំអោយអាស៊ាន បើកកិច្ចប្រជុំនៅថ្ងៃសៅរ៍ ទី២៤ ខែមេសានេះ នៅប្រទេសឥណ្ឌូនេស៊ី គឺដោយសារអាស៊ាន ជាកូនសោរចាក់បើកទ្វារវិបត្តិនយោបាយ នៅមីយ៉ានម៉ា ។

លោក Charles Santiago បានបន្តថា របបសឹកមីយ៉ានម៉ា ជាច្រកទ្វារដ៏សំខាន់ ក្នុងការទម្លុះទម្លាយភាពជាប់គាំង ផ្នែកនយោបាយ ដែលជាហេតុនាំអោយអាស៊ាន ត្រូវតែទទួលស្វាគម៏ឧត្តមសេនីយ៍ Min Aung Hlaing ក្នុងកិច្ចប្រជុំ ខាងមុខនេះ ។
បើអាស៊ានមិនទទួលស្វាគមន៍ ប្រមុខដឹកនាំរបបសឹក និងទទួលស្វាគមន៍ តំណាងមកពីរដ្ឋាភិបាលស៊ីវិល ដែលត្រូវបានធ្វើរដ្ឋប្រហារផ្តួលរំលំ មិនអាចដោះស្រាយបញ្ហាបានទេ ពីព្រោះតំណាងរដ្ឋាភិបាលស៊ីវិល នឹងមិនអាចសម្រេច ជោគ វាសនាប្រទេសបានទេ ។

គេរំពឹងថា ក្នុងកិច្ចប្រជុំនៅថ្ងៃសៅរ៍ខាងមុខនេះ អាស៊ាននឹងពិភាក្សាលើការបង្កើត ក្រុមប្រេសិតពិសេសមួយ ទទួលបន្ទុកកិច្ចការនៅមីយ៉ានម៉ា និងជាក្រុមសម្រាប់ជួយជ្រោមជ្រែង ដល់ភាគីជម្លោះនៅមីយ៉ានម៉ា ក្នុងការស្វែងរកដំណោះស្រាយ ។
អាស៊ាន គឺជាក្តីសង្ឃឹមរបស់ពិភពលោក ក្នុងការដោះស្រាយវិបត្តិនយោបាយ នៅមីយ៉ានម៉ា ដោយសារតែអាស៊ានគឺជាខ្នងបង្អែកផ្នែកការទូត នយោបាយ និងសេដ្ឋកិច្ចរបស់របបសឹក និងមានសម្ពាធគ្រប់គ្រាន់ ក្នុងការដាក់បន្ទុកលើរបបសឹក ។

ចំណែកសម្ពាធ របស់អង្គការសហប្រជាជាតិ សហភាពអឺរ៉ុប សហរដ្ឋអាមេរិក និង សម្ព័ន្ធមិត្ត ហាក់ដូចជាមិនមានទម្ងន់គ្រប់គ្រាន់ ក្នុងការដាក់បន្ទុកលើរបបសឹកទេ ដោយសារតែស្ថាប័ន និងប្រទេសខាងលើ មិនមានទំនាក់ទំនងការទូត នយោបាយ និងសេដ្ឋកិច្ច ស៊ីជម្រៅជាមួយ របបសឹកមីយ៉ានម៉ា ៕
ដោយ ៖ អ៊ី ជិន

To Top