ព័ត៌មានជាតិ

បញ្ជូនផ្កាយ២ និងបក្ខពួក៦នាក់ ហ៊ានលួចដឹកចិន ២៨នាក់ ក្នុងពេលបិទខ្ទប់ ទៅស្នងការខេត្តស្វាយរៀង (Video)

ភ្នំពេញ ៖ មន្ត្រីយោធាផ្កាយ២ ថ្នាក់ឧត្តមសេនីយ៍ទោ ម្នាក់ និងបក្ខពួក៦នាក់ ដែលចាប់ខ្លួនពីបទបំពានបញ្ជា របស់រាជរដ្ឋាភិបាល ពីការបិទខ្ទប់ក្នុងករណី លួចដឹកជនជាតិចិន ២៨នាក់ ពីបាវិតទៅភ្នំពេញត្រូវសមត្ថកិច្ចបញ្ជូន ទៅស្នងការខេត្តស្វាយរៀង ដើម្បីកសាងសំណុំ រឿងទៅសាលាដំបូងខេត្ត។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក លោក ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន ។

បើតាមការរៀបរាប់ របស់លោករដ្ឋមន្រ្តីព័ត៌មាន យោធាផ្កាយ២ និងបក្ខពួក៦នាក់ ត្រូវសមត្ថកិច្ចខេត្តស្វាយរៀង ចាប់ខ្លួនពីបទបំពាន បទបញ្ជារបស់រាជរដ្ឋាភិបាល ស្តីពីការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ មិនឲ្យធ្វើដំណើរចេញ-ចូលឆ្លងពីរាជធានីភ្នំពេញទៅខេត្ត ទូទាំងប្រទេស ដើម្បីទប់ស្កាត់ការ ឆ្លងរីករាលដាលជំងឺកូវីដ-១៩ ។

ក៏ប៉ុន្តែលោកផ្កាយ២ និងបក្សពួកហ៊ានប្រឆាំង បទបញ្ជាលួចដឹកជនជាតិចិន ចំនួន២៨នាក់ ពីក្រុងបាវិត ខេត្ត ស្វាយរៀង ទៅរាជធានីភ្នំពេញ ដោយខុសច្បាប់ កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ នៅខាងមុខ សណ្ឋាគារ TTP1 ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់ បាវិត ក្រុងបាវិត ។

ប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុ សមត្ថកិច្ចដើរល្បាត បានប្រទះឃើញរថយន្តសង្ស័យ ចំនួន៤គ្រឿង នៅខាងមុខសណ្ឋាគារTTP1 ក្រុងបាវិត និងកំពុងនាំជនជាតិចិនទាំងនោះ ឡើងចូលក្នុងរថយន្ត ដោយសង្ស័យក៏ឃាត់សាកសួរនាំ ទើបបែកធ្លាយរឿង រត់ពន្ធដឹកចិន ទៅរាជធានីភ្នំពេញ ទើបចាប់ឃាត់ខ្លួនតែម្តង ។

ក្រោយពីសាកសួររួច ជនជាតិចិនទាំង២៨នាក់នោះ ត្រូវឲ្យធ្វើចត្តាឡីស័ក នៅសណ្ឋាគារខាងលើ បណ្តោះអាសន្នសិន រង់ចាំយកសំណាកពិនិត្យ ចេញលទ្ធផល បានរកទីតាំងដាក់ជាក្រោយ ៕

To Top