ព័ត៌មានជាតិ

ធនាគារ និងទូរATMs ដំណើរការធម្មតា ទោះបីបិទខ្ទប់ ភ្នំពេញ-ក្រុងតាខ្មៅ និងផ្នែកខ្លះនៃខេត្តព្រះសីហនុ

ភ្នំពេញ ៖ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងសមាគមធនាគារនៅកម្ពុជា បានឲ្យដឹងថា គ្រឹះស្ថានធនាគារ និងគ្រឹះស្ថានមី ក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ រួមទាំង ភ្នាក់ងារ (agents) និងសេវាធនាគារហិរញ្ញវត្ថុផ្សេងទៀត រួមមាន ៖ ម៉ាស៊ីនដក ប្រាក់ និងដាក់ប្រាក់ស្វ័យប្រវត្តិ នៅដំណើរការជាធម្មតាក្នុងប្រទេសកម្ពុជា។

តាមសេចក្ដីជូនដំណឹងរបស់ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងសមាគមធនាគារនៅកម្ពុជា នាថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ បានបញ្ជាក់ថា ដោយមានការអនុញ្ញាត ក្រោមការណែនាំពី គណៈកម្មការជាតិគ្រប់គ្រង និងដឹកនាំការអនុវត្ត វិធានការបិទខ្ទប់ (គ.ប.ខ) នៅតំបន់បិទខ្ទប់ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល និងផ្នែកខ្លះនៃខេត្តព្រះសីហនុ ការិយាល័យសាខា របស់ គឹ្រះស្ថានធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទទួលប្រាក់បញ្ញើ និងភ្នាក់ងារធនាគារមួយចំនួន នៅដំណើរការបើកបម្រើសេវាហិរញ្ញវត្ថុ ជូនសាធារណជន និងអតិថិជនជាប្រក្រតី ។

ជាងនេះទៅទៀត សមាគមទាំងពីរ ក៏បានអំពាវនាវឲ្យ អតិថិជនអាចដកប្រាក់ និងដាក់សាច់ប្រាក់ពីគណនី របស់ខ្លួន តាមរយៈម៉ាស៊ីនដក និងដាក់ប្រាក់ស្វ័យប្រវត្តិ (ATMs) ឬភ្នាក់ងារ ដែលមាននៅគ្រប់ ខេត្ត-ក្រុង នៃប្រទេសកម្ពុជា ។ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ។ ជាពិសេសនោះ លើកទឹកចិត្ត ដល់អតិថិជន និងសាធារណជន ធ្វើការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិក ដើម្បីចៀសផុតពីការកាន់ ក្រដាស់ប្រាក់ដោយផ្ទាល់ ដែលអាចបង្កឲ្យមានហានិភ័យ តាមក្រដាសប្រាក់ ដែលមិនបានសម្លាប់មេរោគ ។

ឆ្លៀតក្នុងឱកាសនេះដែរ សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ក៏ថ្លែងអំណរគុណ ចំពោះ រាជរដ្ឋាភិបាល អាជ្ញាធរ នៃគណៈកម្មការជាតិ គ្រប់គ្រង និងដឹកនាំការអនុវត្តវិធានការបិទខ្ទប់ (គ.ប.ខ) ធនាគារជាតិនៃកម្ពុជា អាជ្ញាធរមាន សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដែលបានសម្របសម្រួល ក្នុងការធ្វើដំណើរទៅបំពេញភារកិច្ចការងាររបស់បុគ្គលិកធនាគារ និងហិរញ្ញវត្ថុ ដើម្បីឲ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ នៅបន្តបម្រើ សេវាហិរញ្ញវត្ថុដ៏ចាំបាច់ ជូនអតិថិជន និងសាធារណៈជន ដែលកំពុងចូលរួមប្រយុទ្ធប្រឆាំង នឹងវីរុសកូវីដ-១៩ ជាពិសេស នៅក្នុងតំបន់បិទខ្ទប់ នៃភូមិសាស្រ្តរាជធានីភ្នំពេញ ក្រុងតាខ្មៅនៃខេត្តកណ្តាល និងផ្នែកខ្លះក្នុងក្រុងព្រះសីហនុ នៃខេត្តព្រះសីហនុ ៕

To Top