នយោបាយ

ចិន នឹងមិនវាយ តៃវ៉ាន់

ភ្នំពេញ ៖ នេះគឺជាចំណងជើង អត្ថបទថ្មីមួយទៀតរបស់ លោក ហើស សិរីធន់ ដែលជាអ្នកស្រាវជ្រាវ និងតាមដានប្រវត្តិសាស្រ្ត ក្នុងតំបន់ និងពិភពលោក។

អត្ថបទស្តីពី«ចិន នឹងមិនវាយ តៃវ៉ាន់» នេះនឹងចេញ ផ្សាយនាពេលឆាប់ៗខាងមុខ បន្ទាប់ពីលោក បញ្ចប់ការស្រាវជ្រាវ ។

ខ្លឹមសារខ្លីៗដូចខាងក្រោមនេះ គឺលោក សយ សុភាព ដែលជាដៃគូពិភាក្សា ជាមួយ លោក ហើស សិរីធន់ ដកស្រង់មកផ្សព្វផ្សាយ ឲ្យសាធារណជនជ្រាបជាបឋម ដើម្បីតាមឲ្យទាន់សភាពការណ៍ វិវត្តន៍ក្នុងតំបន់ដែល យើងត្រូវតែតាមដានឲ្យដឹង និងពិចារណា។

ខ្លឹមសារសង្ខេបមានដូចតទៅនេះ ៖

«ក្នុងឧត្តមប្រយោជន៍ និងទស្សនៈជាតិនិយមខ្ពស់ ចិនមិនវាយប្រហារ មកលើកោះតៃវ៉ាន់ឡើយ!»

នៅក្នុងស្ថានការណ៍អយតនភាព (Dilemma) យ៉ាងនេះ ក៏មានព្រឹត្តិការណ៍នយោបាយមួយ គួរឲ្យកត់សម្គាល់ក្នុងប៉ុន្មានឆ្នាំមុន ដោយមានប្រមុខកង ទ័ពជើងទឹករបស់តៃវ៉ាន់ប្រចាំនៅតំបន់ ប៉ាស៊ីហ្វិកបាន ប្រកាសជាសាធារណៈថា ក្នុងករណីដែលមានការផ្ទុះអាវុធ ជាយោធារវាងចិនប្រជាមានិត និងកងទ័ពបរទេស គឺតៃវ៉ាន់នឹងចេញមុខផ្ដល់ការគាំទ្រ ដល់កងទ័ពប្រជាជនចិន ។

យោងទៅតាមការ ប្រកាស របស់ប្រមុខយោធារូបនេះ គឺក្នុងកាលៈទេសៈមួយដ៏វិសេសយ៉ាងដូច្នោះ គឺកងទ័ព របស់ប្រជាជនចិន និងកងទ័ព របស់តៃវ៉ាន់គួររួមគ្នាទៅជា “សម្ព័ន្ធភាពយោធា” មួយនឹងគ្នា! ហើយចំពោះការប្រឆាំងទៅនឹង កម្លាំងពីខាងក្រៅនោះ ជាប្រការដែលកងទ័ព របស់ប្រជាជនចិន រួមជាមួយនឹងកងទ័ពតៃវ៉ាន់ ដែលកងទ័ពទាំងពីរនេះ សុទ្ធតែជាកងទ័ពរបស់ជាតិចិន តែមួយប៉ុណ្ណោះ!។

ប្រមុខកងទ័ពជើងទឹករបស់តៃវ៉ាន់រូបនេះ បានឲ្យដឹង បន្ថែមទៀតថា ដើម្បីដោះស្រាយនូវបញ្ហាវិវាទ សមុទ្ររវាងចិនជាមួយបណ្ដាប្រទេស នៅក្នុងតំបន់សមុទ្រចិនខាងត្បូងនោះ ប្រការដែលសំខាន់បំផុតនេះ គឺ អាស្រ័យទៅដោយឥរិយាបថ នយោបាយរបស់ចិន ប្រជាមានិតទាំងអស់។ តែបើយោងទៅតាមសេចក្ដី សន្និដ្ឋានរបស់មេទ័ពតៃវ៉ាន់រូបនេះ គឺឥរិយាបថបច្ចុប្បន្នរបស់ចិនប្រជាមានិតមកលើសភាពការណ៍ដែលកំពុងតែតានតឹងទៅលើបញ្ហាវិវាទក្នុងតំបន់សមុទ្រចិនខាងត្បូងនោះ គឺនៅពុំទាន់មានភាពរឹងរូស មោះមុត ដាច់ខាតនៅឡើយទេ!។

ក្នុងបរិបទនៃសភាពការណ៍មួយយ៉ាងដូច្នោះ គឺសាធារណរដ្ឋប្រជាមានិតចិនចាំបាច់ត្រូវធ្វើសេចក្ដីអំពាវនាវដល់កងទ័ពទាំងអស់ទាំងចិនដីគោក ទាំងចិនតៃវ៉ាន់ឱ្យរួបរួមគ្នាការពារ “ទ្រព្យសម្បត្តិរួមរបស់បុព្វបុរស” ការពារនូវអ្វីដែលបុព្វបុរសចិន បាន បន្សល់ទុកឲ្យកូនចៅចិននាពេលនេះ គឺត្រូវរួមគ្នារក្សាការពារឲ្យបានគង់វង្ស។ ដូច្នោះ ទាំងកងទ័ពចិន ប្រជាមានិត ទាំងកងទ័ពចិនតៃវ៉ាន់ មានកាតព្វកិច្ចមួយដ៏ពិសិដ្ឋក្នុងការការពារនូវអ្វីដែលជាកេរមរតកដ៏ឧត្តុង្គឧត្តមរបស់បុព្វបុរសខ្លួនទុកឱ្យនោះ!។

ក្រៅពីនេះ ប្រមុខកងទ័ពជើងទឹកចិនតៃវ៉ាន់ក៏បានអះអាងបន្ថែមទៀតថា បច្ចុប្បន្នក្នុងតំបន់សមុទ្រប៉ាស៊ីហ្វិកកងទ័ពតៃវ៉ាន់មានមូលដ្ឋានយោធាធំៗច្រើន ដូច្នោះនៅពេលដែលមានភាពអាសន្ន ប្រទូស្តរាយជាអាវុធ គឺកងទ័ពប្រជាជនចិនត្រូវអរគុណតៃវ៉ាន់ ដោយមូលដ្ឋានកងទ័ពតៃវ៉ាន់ទាំងនេះជាទីតាំង ជារណសិរ្សក្រោយមួយយ៉ាងរឹងមាំ ក្នុងការផ្គត់ផ្គង់ទឹកស្អាត ប្រេងឥន្ធនៈ សម្ភារចាំបាច់ ល-ល… សម្រាប់សកម្មភាពយោធាទាំងឡាយរបស់កងទ័ពប្រជាជនចិនក្នុងការប្រើប្រាស់ ដើម្បីបុព្វហេតុរំដោះជាតិចិន!

យោងទៅតាមការវិភាគរបស់មជ្ឈដ្ឋានអ្នកនយោបាយក្នុងតំបន់បានសម្គាល់ឃើញថា មុននេះក្នុងបណ្ដាឆ្នាំ៧០ ដល់ឆ្នាំ១៩៩០ តៃវ៉ាន់តែងតែមានគោលនយោបាយ Utmost Restrain និង Mode Rate ជាទីបំផុត មកលើបញ្ហាសមុទ្រចិនខាងត្បូងនេះ។

នៅពេលដែលមានការប៉ះទង្គិចគ្នាម្ដងម្កាលអំពីអធិបតេយ្យភាពមកលើដែនកោះ ដែនសមុទ្រដែលកាន់កាប់ ទៅដោយ អាជ្ញាធររបស់តៃវ៉ាន់នោះ គឺតៃវ៉ាន់ពុំមានទោះបីសកម្មភាពយោធាណាមួយក្នុងការារាំង ទប់ទល់ឡើយ ក្រៅពីការប្រតិកម្មតាមរយៈលិខិតឬកំណត់ទូតចំពោះការបំពារបំពានមកលើបូរណភាពរបស់ពួកគេតែប៉ុណ្ណោះ!។

ក៏ប៉ុន្តែបន្ទាប់ពីមានសភាពការណ៍តានតឹង ពាក់ព័ន្ធច្រើនប្រទេសនៅលើតំបន់សមុទ្រចិនខាងត្បូងនាពេលថ្មីៗនេះ ស្រាប់តែតៃវ៉ាន់ចេញសេចក្ដីប្រកាសអះអាង អធិបតេយ្យភាពរបស់ខ្លួនមកលើប្រជុំមួយចំនួន ក្នុងតំបន់សមុទ្រចិនខាងត្បូងនេះឯងផងដែរ ដែលជាហេតុការណ៍មួយគួរឱ្យកត់សម្គាល់ក្នុងបរិបទថ្មីមួយនេះ!។

ការប្រកាសអះអាងនេះ ធ្វឲ្យគេនឹកឃើញញ ដល់សម័យសង្រ្គាមលោកលើកទី២ ដែលកងទ័ពកុម្មុយនីស្តដឹកនាំ ដោយលោកប្រធានម៉ៅ សេទុង បាន រួបរួមជាមួយកងទ័ពជាតិ គួមីងតាង ដឹកនាំដោយ សេនាប្រមុខ ជៀង កាយជៀក ដោយអ្នកទាំងពីរនេះ សម្រេចដាក់មនោគមន៍ វិជ្ជាទៅម្ខាង លើកកម្ពស់ ឧត្តមប្រយោជន៍ជាតិ ហើយរួមគ្នាប្រយុទ្ធប្រឆាំង ទៅនឹងសត្រូវរួម គឺការឈ្លានពានរបស់កងទ័ពហ្វាក់ស៊ីសជប៉ុន មកលើប្រជាជាតិចិន ក្រោមបាវចនាជាតិចិន តែមួយនោះ ៕

To Top