ព័ត៌មានជាតិ

ប្រជាពលរដ្ឋ ៧២គ្រួសារ រងគ្រោះដោយខ្យល់កន្ត្រាក់ បានទទួលអំណោយ សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត

កំពង់ចាម ៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្ត នៅព្រឹកថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០២១នេះ រួមជាមួយក្រុមការងារ បានអញ្ជើញជួបសំណេះសំណាល និងនាំយកអំណោយ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ផ្តល់ជូនប្រជាពលរដ្ឋចំនួន ៧២គ្រួសារ នៅភូមិល្ពាក ឃុំស្រក ស្រុកកំពង់សៀម ដែលរងគ្រោះដោយ ខ្យល់កន្ត្រាក់ បណ្តាល អោយប៉ើង និងរបើកដំបូលផ្ទះ,សាលាឃុំ ព្រះវិហារ,កុដិ, វត្ត ចំនួន២ និងផ្ទះប្រជាពលរដ្ឋចំនួន ៧២ខ្នង កាលពីរសៀល ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១។

ក្នុងឱកាសនោះ លោក អ៊ុន ចាន់ដា បានចូលរួមសម្តែងការ សោកស្តាយជាខ្លាំង ជាមួយក្រុមគ្រួសាររងគ្រោះទាំងអស់ និងបានពាំនាំប្រសាសន៍ ផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខ ប្រជាពលរដ្ឋ គ្រប់រូប ជនរងគ្រោះ ជនងាយរងគ្រោះ ដោយមិនរើសអើងឡើយ ហើយតែងបានចាត់តំណាង អោយចុះអន្តរាគមន៍ ផ្តល់ជំនួយសង្រ្គោះទាន់ ពេលវេលាផងដែរ។

ជាមួយគ្នានោះដែរ លោក អ៊ុន ចាន់ដា បានអំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស់ ឲ្យបង្កើនការថែទាំសុខភាព ការពារសុវត្ថិភាពផ្ទាល់ខ្លួន អោយបានគ្រប់ៗគ្នា ក្នុងការចូលរួមទប់ស្កាត់ ពីការឆ្លងនៃជំងឺកូវីដ-១៩ ដោយត្រូវអនុវត្តអោយខាងតែបាននូវ វិធានការ ” ៣ការពារ ៣កុំ និង ២ចូលរួម ” ពិសេស ត្រូវអនុវត្តអោយបានខ្ជាប់ខ្ជួនតាមសារណែនាំនានា របស់ក្រសួងសុខាភិបាល ដើម្បីកាត់ផ្តាច់ខ្សែចម្លង កុំអោយជម្ងឺកូវីដ-១៩ នេះរាតត្បាតចូលក្នុងគ្រួសារ និងសហគមន៍ ។

អំណោយមនុស្សធម៌ ដែលបានផ្ដល់ជូនជនរងគ្រោះទាំង៧២គ្រួសារ ក្នុង១គ្រួសារ ទទួលបាន ៖ អង្ករ ២៥គក្រ,មី១កេស, ទឹកត្រី១យួរ,ទឹកស៊ីអ៊ីវ១យួរ, ត្រីខ១យួរ, ឃីត ១កញ្ចប់ មាន(មុង១ ភួយ១ សារុង១ ក្រមា១) អាវយឺត ២ ។

ជាមួយគ្នានោះដែរ លោក វេង សាខុន ប្រធានក្រុមការងាររាជរដ្ឋាភិបាលកម្ពុជា ចុះជួយស្រុកកំពង់សៀម-ជើងព្រៃ ក៏បានផ្តល់ថវិកា ជូនចំពោះ អ្នកដែលខូចខាតធ្ងន់ ចំនួន ៩គ្រួសារ – ខូចខាតមធ្យមចំនួន ២៧គ្រួសារ និងអ្នកខូចខាតស្រាល ចំនួន៣៦គ្រួសារ ទទួលបាន ថវិកា តាមទំហំខូចខាតជាក់ស្តែង ដែលអស់ទឹកប្រាក់ សរុប ៣១.៣៧៤.៩០០ រៀលផងដែរ។

To Top