Covid-19

លោក ពេជ្រ ស្រស់៖ រដ្ឋាភិបាល គួរចុះយកសំណាក តាមភូមិក្នុងតំបន់ក្រហម និងបែងចែកពេលវេលា ឲ្យច្បាស់លាស់ ចៀសវាងប្រជ្រៀតគ្នា

ភ្នំពេញ៖ ប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ បានលើកជាយោបល់ថា រដ្ឋាភិបាលគួរចុះយកសំណាក ពីប្រជាពលរដ្ឋ តាមភូមិក្នុងតំបន់ក្រហម ហើយកំណត់ចំនួនមនុស្ស ត្រូវទៅផ្តល់សំណាក និងបែងចែកពេលវេលា ឲ្យមនុស្ស ទៅកន្លែងយកសំណាក ដោយមិនប្រជ្រៀតគ្នា និងមិនបង្កឲ្យមាន មនុស្សច្រើនកកកុញនោះទេ ។

ការលើកជាយោបល់ របស់លោក ពេជ្រ ស្រស់ ធ្វើឡើងបន្ទាប់ពីលោក បានឃើញ រូបភាពបង្ហោះ លើបណ្ដាញសង្គមហ្វេសប៊ុក ដែលបង្ហាញពីប្រជាពលរដ្ឋ ជាច្រើនកកកុញ នាំគ្នាសម្រុកទៅផ្ដល់សំណាក ដើម្បីធ្វើតេស្តរកវីរុសកូវីដ១៩ ។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នារសៀលថ្ងៃទី២៤ មេសានេះ លោក ពេជ្រ ស្រស់ បានបញ្ជាក់ថា «បើសិនជាការចុះយកសំណាក អ្នករស់នៅតំបន់ក្រហម ដូចនៅក្នុងរូបភាពនេះមែន គឺពុំគួរធ្វើ ល្អជាងធ្វើ ដោយសារការប្រមូលផ្តុំ មនុស្សបែបនេះ នាំឲ្យមានការឆ្លងនូវ មេរោគ COVID-19 ដល់អ្នកមិនទាន់ឆ្លងមេរោគ ទៅវិញក្នុងន័យនេះ ខ្ញុំជូនជាយោបល់មួយ គឺរដ្ឋាភិបាលគួរចុះយក តាមភូមិក្នុងតំបន់ក្រហម ហើយកំណត់អំពីចំនួន មនុស្សត្រូវទៅផ្តល់សំណាក និងបែងចែកពេលវេលា ឲ្យមនុស្ស ទៅកន្លែងយកសំណាក ដោយមិនប្រជ្រៀតគ្នា និងមិនបង្ករឲ្យមាន មនុស្សច្រើនកកកុញនោះទេ» ។

សូមរំលឹកផងដែរថា កាលពីថ្ងៃទី១៩ មេសា រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេច ដាក់សង្កាត់ចោមចៅទី១ នៃខណ្ឌពោធិ៍សែនជ័យ, សង្កាត់ស្ទឹងមានជ័យ១ ស្ទឹងមានជ័យ២ និងស្ទឹងមានជ័យ៣ នៃខណ្ឌមានជ័យ និងភូមិ១៤ ភូមិ១៦ និងភូមិ១៧ របស់សង្កាត់បឹងសាឡាង នៃខណ្ឌទួលគោក ដែលមានការឆ្លងរាលដាល ធ្ងន់ធ្ងរ នៃជំងឺកូវីដ១៩ ជាតំបន់ក្រហម៕

To Top