ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានជំរុញឲ្យមានការចរចា ប្រកបដោយលក្ខណ:ស្ថាបនា ដើម្បីជួយមីយ៉ាន់ម៉ា ដោះស្រាយវិបត្តិ និងទប់ស្កាត់កុំឲ្យស្ថានការណ៍ធ្លាក់កាន់តែដុនដាប ពោលគឺយើងអាចពិចារណា ប្រើយន្តការអាស៊ានត្រីភាគី (ASEAN Troika) ដើម្បីជួយសម្របសម្រួល រវាងភាគីពាក់ព័ន្ធ ដើម្បីជំរុញការចរចាដោយស្ងាត់ៗ រវាងភាគីពាក់ព័ន្ធ។
គេអាចបានដឹងថា ASEAN Troika គឺចង់សំដៅទៅលើ រដ្ឋមន្រ្តីការបរទេសអតីតប្រធានអាស៊ាន រដ្ឋមន្រ្តីការបរទេសអាស៊ានបច្ចុប្បន្ន និងអនាគតរដ្ឋមន្រ្តីការបរទេសអាស៊ាន ។

សូមរំលឹកថា កន្លងមកយន្តការអាស៊ានត្រីភាគី (ASEAN Troika) ធ្លាប់បានយកប្រើរួចមកហើយ លើប្រទេសកម្ពុជា កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ១៩៩៧ ក្រោយពីមានព្រឹត្តិការណ៍ ៥-៦កក្កដា មានការផ្ទុះអាវុធពីសំណាក់ ភាគី សម្ដេចក្រុមព្រះ នរោត្ដម រណឬទ្ធិ នាយករដ្ឋមន្រ្តីទី១ និងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីទី២ ក្នុងអំឡុងឆ្នាំនោះ ។

ក្នុងអំឡុងឆ្នាំ១៩៩៧ រដ្ឋមន្រ្តីការបរទេស៣រូប បានចូលមកជួប សម្របសម្រួល ក្នុងវិបត្តិនៅកម្ពុជា រួមមានលោក Ali Alatas រដ្ឋមន្រ្តីការបរទេសឥណ្ឌូនេស៊ី (អតីតប្រធានប្ដូរវេន) លោក Prachuab Chaiyasarn រដ្ឋមន្រ្តីការបរទេសថៃ (ប្រធានអាស៊ាន) និងលោក Domingo Siazon រដ្ឋមន្រ្តីហ្វីលីពីន (អនាគតប្រធាន)។

ថ្លែងក្នុងកិច្ចប្រជុំពិសេសក្រៅផ្លូវការ មេដឹកនាំអាស៊ាន នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១នេះ សម្តេចតេជោ ថ្លែងថា ក្នុងនាមជាគ្រួសារអាស៊ានតែមួយ កម្ពុជាបានតាមដានយ៉ាងយកចិត្តទុកដាក់ អំពីស្ថានការណ៍ នៅមីយ៉ាន់ម៉ា ដែលកាន់តែមាន សភាពស្រួចស្រាល និងស្មុគ្រស្មាញ គួរឲ្យព្រួយបារម្ភ។ ជាមួយគ្នានេះដែរ កម្ពុជាគាំទ្រសេចក្តីថ្លែងការណ៍ របស់ប្រធានអាស៊ាន កាលពីថ្ងៃទី១ខែកុម្ភះ និងក្រោយពីកិច្ចប្រជុំ រដ្ឋមន្រ្តីការបរទេសអាស៊ាន ថ្ងៃទី២ខែមីនា ដែលអំពាវនាវឲ្យគ្រប់ភាគី រក្សាការអត់ធ្មត់ ចៀសវាងអំពើហឹង្សា និងធ្វើការចរចារកដំណោះស្រាយដោយសន្តិវិធី។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ចាក់ថា «កម្ពុជាគាំទ្រដល់តួនាទី សម្របសម្រួល របស់ប្រធានអាស៊ាន ក៏ដូចជាអគ្គលេខាធិការអាស៊ាន និងសមាជិកអាស៊ានផ្សេងទៀត ដែលអាចដើរតួនាទី ជាបេសកជនពិសេស របស់អាស៊ាន ក្នុងការបង្កើត បរិយាកាសអនុគ្រោះ ដើម្បីជំរុញឲ្យមានការចរចាប្រកបដោយលក្ខណ:ស្ថាបនា ដើម្បីជួយមីយ៉ាន់ម៉ារដោះស្រាយវិបត្តិ និងទប់ស្កាត់កុំឲ្យស្ថានការណ៍ធ្លាក់កាន់តែដុនដាប ពោលគឺយើងអាចពិចារណាប្រើយន្តការអាស៊ានត្រីភាគី (ASEAN Troika) ដើម្បីជួយសម្របសម្រួលរវាងភាគីពាក់ព័ន្ធ ដើម្បីជំរុញការចរចា ដោយស្ងាត់ៗ រវាងភាគីពាក់ព័ន្ធ »។
សម្ដេចបានលើកឡើងថា ផ្ទុយទៅវិញបើមានការជួយ សម្របសម្រួល នោះភាគីដែលកំពុង ប្រឈមមុខដាក់គ្នា អាចងាកមករកការដោះស្រាយដោយសន្តិវិធីវិញ ពោលគឺគ្មានភាគីណាចង់ឃើញការបង្ហូរឈាម និងបាត់បង់ជីវិតប្រជាជននោះទេ៕
