Covid-19

លោក ពេជ្រ ស្រស់ ជូនយោបល់ឱ្យដាក់ប៉ុស្តិ៍ពិនិត្យ រកមេរោគកូវីដ១៩ នៅតាមព្រំប្រទល់ ខេត្តនីមួយៗ

ភ្នំពេញ៖ ក្រោយរាជរដ្ឋាភិបាល បញ្ចប់ការហាមឃាត់ ធ្វើដំណើរនិងបញ្ចប់ ការបិទរមណីយដ្ឋាន ទេសចរណ៍ នៅទូទាំងប្រទេស លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានជូនជាយោបល់ថា ត្រូវដាក់ប៉ុស្តិ៍ពិនិត្យ មេរោគកូវីដ១៩ នៅតាមព្រំប្រទល់ ខេត្តនីមួយៗ ហើយធ្វើតេសរកមេរោគកូវីដ លើពលរដ្ឋ ដែលចេញពីទីតាំងហានិភ័យ ជាមុនសិន ចាំឲ្យចូលខេត្តនីមួយៗ។

តាមរយៈគេហទំព័រហ្វេសប៊ុក នៅថ្ងៃទី២៥ ខែ មេសា នេះ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានលើកឡើងថា”រាជរដ្ឋាភិបាលកម្ពុជា ចេញសេចក្តី សម្រេចបញ្ចប់ការហាមឃាត់ ធ្វើដំណើរនិងបញ្ចប់ការបិទ រមណីយដ្ឋានទេសចរណ៍ នៅទូទាំងប្រទេស។ ខ្ញុំសូមជូនជាយោបល់មួយ នៅក្នុងការធ្វើដំណើរ របស់ពលរដ្ឋដែលចេញ ពីភូមិសាស្រ្ត ដែលឆ្លងមេរោគកូវីដខ្លាំង គឺតាមបណ្តាខេត្តត្រូវដាក់ប៉ុស្តិ៍ពិនិត្យ មេរោគកូវីដ19 នៅតាមព្រំប្រទល់ខេត្តនីមួយៗ ហើយធ្វើតេសរកមេរោគកូវីដ លើពលរដ្ឋ ដែលចេញពីទីតាំងហានិភ័យជាមុនសិន ចាំឲ្យចូលខេត្តនីមួយៗ”។

សូមរំលឹកថា នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១នេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានចេញសេចក្តីសម្រេច បញ្ចប់ការហាមឃាត់ធ្វើដំណើរ និងបញ្ចប់ការបិទ រមណីយដ្ឋានទេសចរណ៍ នៅទូទាំងប្រទេស។

ជាមួយគ្នានេះ លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានពន្យល់បន្ថែមថា ការធ្វើដំណើរចេញចូលឆ្លងកាត់ រាជធានីភ្នំពេញ និងក្រុងតាខ្មៅខេត្តកណ្តាល ដែលជាតំបន់បិទខ្ទប់ ត្រូវបានហាមឃាត់ដដែល រួមទាំងតំបន់បិទខ្ទប់ ផ្សេងទៀតដែលសម្រេចដោយ រដ្ឋបាលខេត្តនានា លើកលែងតែការធ្វើដំណើរ ដើម្បីបំពេញមុខងារ ក្នុងការផ្តល់សេវា សង្គ្រោះបន្ទាន់ សេវាសាធារណៈ ចាំបាច់និងបន្ទាន់ សេវាពាក់ព័ន្ធនឹង ការងារសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ឬសេវាដឹកជញ្ជូនទំនិញ និងករណីចាំបាច់ផ្សេងទៀតដោយមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច ដោយអនុវត្តតាមសេចក្តីសម្រេចលេខ ៤៩ សសរ ចុះថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាល៕

To Top