ព័ត៌មានជាតិ

អភិបាល ខេត្តបន្ទាយមានជ័យ ដាក់ចេញវិធានការ រដ្ឋបាល បណ្ដោះអាសន្ន ក្នុងភូមិសាស្ដ្រ ក្រុងប៉ោយប៉ែត រយៈពេល២សប្ដាហ៍

ភ្នំពេញ ៖ លោក អ៊ុំ រាត្រី អភិបាល ខេត្តបន្ទាយមានជ័យ បានសម្រេចដាក់ចេញវិធានការ រដ្ឋបាលបណ្ដោះអាសន្ន ក្នុងភូមិសាស្ដ្រក្រុងប៉ោយប៉ែត រយៈពេល២សប្ដាហ៍ គិតចាប់ពីថ្ងៃទី២៦ ខែមេសា ដល់ថ្ងៃទី៩ ខែសឧភា ឆ្នាំ២០២១ ខាងមុខ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាល ជំងឺកូវីដ១៩។

យោងតាមសេចក្ដីសម្រេចរបស់ រដ្ឋបាលខេត្តបន្ទាយមានជ័យ នាថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ បានឲ្យដឹថា សម្រាប់វិធានការរដ្ឋបាលបណ្ដោះអាសន្ននេះ ត្រូវបានផ្អាកនូវសកម្មភាព ធ្វើចរាចរណ៍ឆ្លងកាត់ភូមិសាស្ដ្រ ក្រុងប៉ោយប៉ែត ចាប់ពីម៉ោង៨យប់ ដល់ម៉ោង៥ព្រឹក ជាកំហិត តែត្រូវបានលើកលែង ករណីចាំបាច់មួយចំនួន រួមមាន ៖

ទី១-ការដឹកជញ្ជូនទំនិញធុនធ្ងន់ មកពីព្រំដែនថៃ មកព្រំដែនកម្ពុជា និងពីព្រំដែនកម្ពុជា ទៅព្រំដែនថៃ។

ទី២-ការធ្វើដំណើរដោយមូលហេតុ សុខភាពបន្ទាន់ និងមូលហេតុចាំបាច់ក្នុងគ្រួសារ ដែលមានលិខិតបញ្ជាក់ ឬការអនុញ្ញាតពីអាជ្ញាធរមាន សមត្ថកិច្ចដែលនៅជិតបំផុត។

ទី៣-ការធ្វើដំណើរ របស់បុគ្គលិកក្រុមគ្រូពេទ្យទាំងផ្នែករដ្ឋ និងឯកជន មន្ដ្រីរាជការ ក្រុមពន្លត់អគ្គិភ័យ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដើម្បីបំពេញបេសកកម្ម ជូនស្ថាប័ន-អង្គភាព។

ទី៤-ការធ្វើចរាចរណ៍ របស់រថយន្ដកុងតឺនឺ រថយន្ដសម្រាប់បម្រើឲ្យការដឹកជញ្ជូនទំនិញ ផ្គត់ផ្គង់ការដ្ឋានសំណង់ រថយន្ដបាញ់បេតុង រថយន្ដដឹកជញ្ជូនសំរាម សំណល់រឹង និងសំណល់វេជ្ជសាស្ដ្រ

និងទី៥-ការធ្វើដំណើរចាំបាច់ផ្សេងៗទៀត ដែលមានការអនុញ្ញាត ពីអាជ្ញាធរមានសមត្ថកិច្ច៕

To Top