ព័ត៌មានជាតិ

អភិបាល​ខេត្តកំពង់ចាម ចុះពង្រឹងមន្ត្រីឲ្យ អនុវត្តបានម៉ឺងម៉ាត់ នូវភូមិដែលបិទខ្ទប់ ដើម្បីកាត់ផ្ដាច់ ខ្សែចម្លងជំងឺកូវីដ-១៩

កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ លោក អ៊ុន ចាន់ដា រួមដោយថ្នាក់ដឹកនាំ កងកម្លាំងប្រដាប់ អាវុធទាំង ៣ប្រភេទ នៅថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០២១នេះ បានអញ្ជើញ ចុះប្រជុំណែនាំ ដល់មន្ត្រីឃុំរកាគយ ស្រុកកងមាស និងមន្ត្រីឃុំបារាយណ៍ ស្រុកស្រីសន្ធរ ក្នុងគោលបំណង ដើម្បីពង្រឹងការ អនុវត្តវិធានការ កាត់ផ្ដាច់ខ្សែចម្លង ជំងឺកូវីដ-១៩ ចេញពីភូមិ ដែលបានបិទខ្ទប់ ។

លោកអភិបាលខេត្ត បានមានប្រសាសន៍ថា ការផ្អាកធ្វើដំណើរឆ្លងកាត់ គឺ មានន័យផ្សេងពីការបិទខ្ទប់ ដែលការបិទខ្ទប់ ភូមិបានន័យថា មិនអនុញ្ញាត ឱ្យប្រជាពលរដ្ឋចេញ ចូលក្នុងភូមិនោះតែម្ដង ។ សូម្បីតែប្រជាពលរដ្ឋ រស់នៅតាមខ្នងផ្ទះនីមួយៗ ក៏មិនត្រូវបាន អនុញ្ញាត ឲ្យដើរឆ្លងកាត់ពីផ្ទះមួយ ទៅផ្ទះមួយផងដែរ ។ លើកលែងតែមន្ត្រីសមត្ថកិច្ច មានភារកិច្ចពាក់ព័ន្ធតែប៉ុណ្ណោះ ទើបអនុញ្ញាតឲ្យ ចេញចូលភូមិនោះបាន ។

លោកអភិបាលខេត្ត បានថ្លែងបន្តថា ការប្រើខ្សែចងជារនាំង បិទខ្ទប់ភូមិ ឬបិទជុំវិញផ្ទះពួកគាត់ គឺចាំបាច់ត្រូវប្រើ នឹងចងជាសញ្ញាណាមួយ ឬសរសេរថា ភូមិបិទខ្ទប់ មិនអនុញ្ញាតឲ្យលក់ដូរ ឬចេញ-ចូលទេ ងាយពួកគាត់បានឃើញ ហើយដឹងថា តំបន់នោះត្រូវបានបិទខ្ទប់ ។ ជាមួយគ្នានេះដែរ ចំពោះផ្ទះអ្នកកើតជំងឺកូវីដ-១៩ ត្រូវហាមឃាត់ដាច់ខាត មិនអនុញ្ញាត ឱ្យអ្នកណាចូលទីនោះទេ សូម្បីតែមន្ត្រីក៏ដោយ ពោល គឺគ្រាន់តែយាមការពារ កុំឱ្យមានចោរចូលលួច ទ្រព្យសម្បត្តិ របស់គាត់តែប៉ុណ្ណោះ ។

ជាមួយគ្នានេះ អាជ្ញាធរមូលដ្ឋានត្រូវមានយន្តការ២ សម្រាប់ជួយសម្រួលដល់ប្រជាពលរដ្ឋ ក្នុងភូមិបិទខ្ទប់ ក្នុងការទិញបន្លែ ត្រី សាច់ ៖
ទី១ ចំពោះការលក់ដូរ បន្លែ ត្រី សាច់ ក្នុងភូមិបិទខ្ទប់នេះ ត្រូវធ្វើក្នុងរូបភាពចល័ត ដឹកលក់តាមម៉ូតូ និងប្រកាស តាមឧបករណ៍បំពងសម្លេង ដោយឲ្យអាជីវករ ពាក់ម៉ាសឲ្យបានត្រឹមត្រូវ និងប្រើស្រោមដៃជាប្រចាំផងដែរ ។

ទី២ រៀបចំលក់ នៅនឹងកន្លែងព្រំប្រទល់ភូមិ ដែលត្រូវបិទនោះតែម្ដង ដោយអនុញ្ញាតឲ្យមានអាជីវករ ៤-៥ នាក់ និងអនុញ្ញាត ឲ្យប្រជាពលរដ្ឋក្នុងភូមិ ក្នុងមួយផ្ទះចេញបានម្នាក់ ដើម្បីមកទិញត្រី សាច់ បន្លែ នៅកន្លែងដាក់របាំងការពារនោះ ដោយ ១សប្តាហ៍ ឲ្យចេញតែ ៣ដងប៉ុណ្ណោះ ក្នុងសមាជិកផ្ទះ១ ។

លោកអភិបាលខេត្ត បានក្រើនរំលឹកផងដែរថា អាជ្ញាធរមូលដ្ឋានត្រូវបន្តអនុវត្ត វិធានការចាក់ផ្សាយ សារអប់រំណែនាំ របស់ក្រសួងសុខាភិបាលជាប្រចាំ គឺ ៣ ការពារ និង៣កុំ ចាក់ផ្សាយក្នុងមួយថ្ងៃ ឱ្យបាន៣ពេល គឺពេលព្រឹក ពេលថ្ងៃ ត្រង់ និងពេលរសៀល ដោយតម្រូវឲ្យមន្ត្រី ជិះម៉ូតូចាក់ផ្សាយឲ្យបាន គ្រប់ច្រកល្ហកជារៀងរាល់ថ្ងៃ ដើម្បីបញ្ជ្រាបឲ្យបង ប្អូនប្រជាពលរដ្ឋ ក្នុងភូមិបិទខ្ទប់បានយល់ដឹងនឹងចេះការពារខ្លួនទាំងអស់គ្នា គេចផុតអំពីការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ។

សូមរំលឹកផងដែរថា ខេត្តកំពង់ចាម បានប្រកាសបិទបណ្តោះអាសន្នភូមិចំនួន ៤ ដែលពាក់ព័ន្ធនិងជំងឺកូវីដ-១៩ ក្នុងនោះ ៖
១.ភូមិទ្រា ស្ថិតក្នុងឃុំស្វាយពោធិ៍ ស្រុកស្រីសន្ធរ ។
២. ភូមិកំផ្លាក់ ស្ថិតក្នុងឃុំបារាយណ៍ ស្រុកស្រីសន្ធរ ។
៣. ភូមិថ្មីខ ស្ថិតក្នុងឃុំរកាគយ ស្រុកកងមាស ។
៤. ភូមិសំបូរ ស្ថិតក្នុងឃុំសំបូរ ស្រុកបាធាយ ។

To Top