Covid-19

កម្ពុជា សម្រេចហាមឃាត់ ការធ្វើដំណើរទាំងអស់ មកពីប្រទេសឥណ្ឌា (Video)

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា សម្រេចហាមឃាត់មិនឱ្យជនជាតិឥណ្ឌា និងជនបរទេសទាំងអស់ ដែលធ្វើដំណើរមកពី ប្រទេសឥណ្ឌា ចូលក្នុងប្រទេសកម្ពុជាឡើយ ដោយត្រូវចាប់អនុវត្តពី៤៨ម៉ោងក្រោយ។

សូមរំលឹកថា រហូតដល់ពេលនេះ ប្រទេសឥណ្ឌា មានអ្នកឆ្លងជំងឺកូវីដ-១៩ កាន់តែខ្លាំងក្លាឡើង ជាង១៧លាននាក់ និងស្លាប់ជិត២សែននាក់ ជាមួយនឹងអត្រាឆ្លងខ្ទង់រាប់សិបម៉ឺននាក់រាល់ថ្ងៃ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានឱ្យដឹងថា ដោយបានទទួលការឯកភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី គឺចាប់តាំងពីព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ការរាតត្បាតនៃជំងឺកូវីដ-១៩ នៅកម្ពុជាមានសភាពខ្លាំង និងលឿនជាងពេលមុនៗ ហើយតាមការសង្កេត មើលនៅលើពិភពលោក ឃើញថា ក្រៅពីការរាតត្បាតជាសកលនៃវីរុសបម្លែងថ្មីប្រភេទ B117 មានប្រភពមកពី ប្រទេសអង់គ្លេស ទើបតែមានលេចចេញនូវវីរុសបម្លែងថ្មីមួយផ្សេងទៀតឈ្មោះថា B1 617 មានប្រភពចេញពី ប្រទេសឥណ្ឌា ដែលមានការឆ្លងខ្លាំង និងមានភាពធ្ងន់ធ្ងរជាងប្រភេទ BIT7 ទៅទៀត។

លោក បញ្ជាក់ថា «ដោយពិនិត្យឃើញស្ថានភាពបែបនេះ ក្រសួងសុខាភិបាលសម្រេចហាមឃាត់ ការធ្វើដំណើរចូលមក ប្រទេសកម្ពុជាមួយរយ:រហូតដល់មានការជូនដំណឹងជាថ្មី ចំពោះជនជាតិឥណ្ឌា និងជនជាតិបរទេសទាំងអស់ ដែលធ្វើដំណើរមកពីប្រទេសឥណ្ឌា ឬឆ្លងកាត់ប្រទេសឥណ្ឌា ឬមានប្រវត្តិធ្វើដំណើរទៅប្រទេសឥណ្ឌា រយៈពេល ៣សប្ដាហ៍មុនចូលមកប្រទេសកម្ពុជា តាមផ្លូវអាកាស ឬតាមផ្លូវគោក ដោយត្រូវចាប់អនុវត្តក្រោយ ៤៨ម៉ោង បន្ទាប់ពីចេញសេចក្តីប្រកាសព័ត៌មាននេះ»៕

To Top