នយោបាយ

វិភាគ ៖ ពិភពលោក​បារម្ភខ្លាំង ពីការឆ្លង រាលដាលវីរុស Covid-19 បម្លែងខ្លួនថ្មី នៅប្រទេសឥណ្ឌា (Video)

បច្ចុប្បន្នភាព

អង្គការសុខភាពពិភពលោក (WHO) រួមទាំងប្រទេស ជាង២០ នៅលើពិភពលោក បានបង្ហាញក្តីបារម្ភយ៉ាងខ្លាំង ចំពោះវិបត្តិ Covid-19 នៅប្រទេសឥណ្ឌា ដែលជាការឆ្លង រាលដាលរលកទី២ និង ជាការឆ្លងរាលដាលដោយវីរុស Covid-19 ចម្លែងខ្លួនថ្មី មានសណ្ឋានប្រហាក់ប្រហែល នឹងវីរុសCovid-19 បម្លែងខ្លួនថ្មី នៅអាហ្រ្វិកខាងត្បូងផង និងមានសណ្ឋាន ប្រហាក់ប្រហែល នឹងវីរុសCovid-19 បម្លែងខ្លួនថ្មី នៅរដ្ឋកាលពីហ្វ័រនីញ៉ា សហរដ្ឋអាមេរិកផង ។

លោក Mike Ryan អ្នកជំនាញ ផ្នែកសុខភាព និងជាប្រធានគ្រប់គ្រង គ្រាអាសន្ន របស់អង្គការសុខភាពពិភពលោក បាននិយាយថា វីរុសCovid-19 បម្លែងខ្លួនថ្មី នៅប្រទេសឥណ្ឌា មានច្រើនប្រភេទ ប៉ុន្តែមានវីរុស Covid -19 បម្លែងខ្លួនថ្មីមួយប្រភេទ ដែលមានឥទ្ធិពលឆ្លងទ្វេដង បើប្រៀបធៀបនឹងវីរុស Covid-19 បម្លែងខ្លួនថ្មីផ្សេងទៀត នៅលើពិភពលោក ។

លោក Mike Ryan បានបន្ថែមថា វីរុសCovid-19 បម្លែងខ្លួនថ្មី នៅឥណ្ឌានេះ មិនទាន់ត្រូវបានសិក្សា លំអិតអំពីឥទ្ធិពលឆ្លង និងផលប៉ះពាល់ ដល់អ្នកជំងឺនោះទេ ដោយគ្រាន់តែដឹងថា វីរុសបម្លែងខ្លួនថ្មី នៅឥណ្ឌានេះ មានឥទ្ធិពលខ្លាំងលើការឆ្លង និងមានផលប៉ះពាល់ខ្លាំង ដល់អ្នកជំងឺជាងវីរុស Covid-19 បម្លែងខ្លួនថ្មីនៅប្រទេសផ្សេងទៀត ។

ក្នុងរយៈពេលជាង៦ សប្តាហ៍កន្លងមកនេះ ប្រទេសឥណ្ឌា បានជួបប្រទះវិបត្តិ Covid-19 ធ្ងន់ធ្ងរបំផុត (Serious Covid-19 crisis) ដោយកំណើន នៃការវីរុស Covid-19 បានកើនឡើងខ្ពស់ជាលំដាប់ និង នាំមុខគេនៅលើពិភពលោក ទាំងកំណើន នៃការឆ្លងថ្មីប្រចាំថ្ងៃ និងទាំងកំណើន នៃការបាត់បង់ជីវិតមនុស្ស ប្រចាំថ្ងៃដោយសារវីរុសផ្លូវ ដង្ហើមមួយនេះ ។

ក្នុងរយៈពេល៦ថ្ងៃចុងក្រោយ គិតត្រឹមថ្ងៃអង្គារ ទី២៧ ខែមេសានេះ ចំនួនមនុស្សឆ្លងថ្មី និងមនុស្សស្លាប់ថ្មី ប្រចាំថ្ងៃដោយសារវីរុសCovid-19 បានហក់ឡើងខ្ពស់ ជាលំដាប់រហូតដល់ មានមនុស្សឆ្លងថ្មីជាង៣០ម៉ឺននាក់ ក្នុងមួយថ្ងៃ និងមនុស្សស្លាប់ថ្មី ជាង២ពាន់នាក់ក្នុងមួយថ្ងៃ ដែលជាចំនួនច្រើនបំផុត បើប្រៀបធៀបនឹងប្រទេសផ្សេងទៀត នៅលើពិភពលោក ។

ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ គិតត្រឹមថ្ងៃចន្ទសប្តាហ៍នេះ ប្រទេសឥណ្ឌាមានមនុស្សឆ្លងថ្មី នៃវីរុសចំនួន ៣៥៤ ៥៣១នាក់ និង មានមនុស្សស្លាប់ថ្មី ដោយសារវីរុសនេះ ចំនួន ២៨០៦នាក់ ខណៈដែលនៅថ្ងៃអង្គារ សប្តាហ៍ដដែលនេះ ឥណ្ឌា មានមនុស្សឆ្លងថ្មីប្រចាំថ្ងៃចំនួន ៣១៩ ៤៨២នាក់ និងអ្នកស្លាប់ថ្មីចំនួន ២៧៦៤នាក់ ។

វេជ្ជបណ្ឌិត Giridhara.R.Babu ប្រធានមូលនិធិសុខភាព សាធារណៈរបស់ប្រទេសឥណ្ឌា បាននិយាយថា គិតត្រឹមថ្ងៃអង្គារនេះ ចំនួនមនុស្សឆ្លងវីរុស Covid-19 សរុបនៅប្រទេសឥណ្ឌា បានកើនឡើងដល់ជាង១៧ ៦២៥ ៧០០នាក់ និងមនុស្សស្លាប់សរុបដោយសារវីរុសផ្លូវដង្ហើមមួយនេះ បានកើនឡើងដល់ជាង ១៩៧ ៨៨០នាក់ហើយ ។
វេជ្ជបណ្ឌិត Giridhara.R.Babu បានបន្ថែមថា នៅតាមមន្ទីរពេទ្យនានាទូទាំងប្រទេស បានជួបប្រទះកង្វះបំពង់ឧកស៊ីសែន ជំនួយដង្ហើមអ្នកជំងឺCovid-19កាលពីដើមខែមេសានេះ ប៉ុន្តែក្រោយមក ប្រទេសនានា នៅលើពិភពលោក បានផ្តល់ជំនួយគ្រប់បែបយ៉ាង ដែលជាតម្រូវការនៅតាមមន្ទីរពេទ្យ សម្រាប់ព្យាបាលអ្នកជំងឺCovid-19 ។

ប្រទេស១០ នៅលើពិភពលោក ដែលបានផ្តល់ជំនួយមុនគេ ដល់ប្រទេសឥណ្ឌា ខណៈដែលប្រទេសនេះកំពុង ជួបវិបត្តិ Covid-19 គឺមានប្រទេសអូស្ត្រាលី ចិន អាល្លឺម៉ង់ បារាំង ប៉ាគិស្ថាន អារ៉ាប៊ី សាអ៊ូឌីត សិង្ហបុរី ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក និង ប្រទេសជប៉ុន ដែលជំនួយទាំងនោះ មានឧបករណ៍ វេជ្ជសាស្ត្រ និងគ្រូពេទ្យជំនាញ ។

សូមបញ្ជាក់ជូនថា វីរុសCovid-19 បម្លែងខ្លួនថ្មីនៅប្រទេសឥណ្ឌា បានឆ្លងរាលដាល ទៅដល់ប្រទេសប្រមាណ ជាង២០ប្រទេសហើយនៅលើពិភពលោក មានប្រទេសបែលហ៊្សិក និងប្រទេសស្វីសជាដើម ដែលមូលហេតុនេះហើយ ទើបប្រទេសមួយចំនួន បានដាក់បម្រាមអ្នកដំណើរចូលពីប្រទេសឥណ្ឌា ក្នុងវិធានការទប់ស្កាត់វីរុស បម្លែងខ្លួនថ្មីនេះ ។

ប្រទេសឥណ្ឌា ជាប់លេខ២ នៅលើពិភពលោកបន្ទាប់ពីសហរដ្ឋអាមេរិក ដែលមានមនុស្សឆ្លងវីរុស Covid-19 សរុបច្រើនជាងគេ និងមានមនុស្សស្លាប់សរុប ដោយសារវីរុសនេះច្រើនជាងគេ នៅលើពិភពលោក ដែលលំដាប់លេខ៣គឺប្រទេសប្រេស៊ីល ។

ដើមចមនាំអោយកើតរឿង

លោក Antony Fauci អ្នកជំនាញផ្នែកជំងឺឆ្លង របស់សហរដ្ឋអាមេរិក បាននិយាយថា ដើមចមដែលនាំអោយមានវីរុសCovid-19បម្លែងខ្លួនថ្មីដ៏កាចសាហាវ ជាងគេនៅប្រទេសឥណ្ឌា គឺដោយសារការវិវឌ្ឍន៍ខ្លួននៃវីរុសCovid-19ដែលត្រូវបានប្រកាសជាផ្លូវការដោយក្រុមអាជ្ញាធររបស់ប្រទេសចិន កាលពីថ្ងៃទី៣១ ខែធ្នូ ចុងឆ្នាំ២០១៩កន្លងទៅ ។

លោក Antony Fauci បានបន្ថែមថា វាជារឿងធម្មតា របស់ជំងឺឆ្លងភាគច្រើន នៅលើពិភពលោក ដែលតែងតែវិវឌ្ឍន៍ ខ្លួនពីឥទ្ធិពល ឆ្លងខ្សោយទៅជាមានឥទ្ធិពលឆ្លងខ្លាំង និងពីផលប៉ះពាល់តិច ទៅជាមានផលប៉ះពាល់ខ្លាំង ដល់អាយុជីវិតរបស់អ្នកជំងឹ ដូចជាជំងឺ សារ និងជំងឺអេបូឡា ដែលត្រូវបានរកឃើញ នៅតំបន់អាហ្វ្រិកជាដើម ។

ចំណែកអ្នកជំនាញផ្នែក វេជ្ជសាស្ត្ររបស់ប្រទេសចិន បាននិយាយថា ជំងឺឆ្លងភាគច្រើន នៅលើពិភពលោក គឺមាននៅលើខ្លួនសត្វកាលពីដំបូង ហើយជំងឺនោះបានវិវឌ្ឍន៍ខ្លួន អោយមានកម្លាំងខ្លាំង និងអាចឆ្លងពីសត្វទៅមនុស្សបាន ហើយជំងឺឆ្លងនោះបន្តវិវឌ្ឍន៍ខ្លួនបន្ថែមទៀត ដែលនាំអោយកម្លាំងឆ្លង និងមានផលប៉ះពាល់កាន់តែខ្លាំង ដល់មនុស្សនៅលើភពផែនដីនេះ ៕
ដោយ ៖ អ៊ី ជិន

To Top