ព័ត៌មានជាតិ

អាជ្ញាធរខណ្ឌ សហការជា មួយកងទ័ព​បន្តចែកស្បៀង​ ឲ្យពលរដ្ឋ ក្នុងតំបន់បិទខ្ទប់ ជិត២ម៉ឺនគ្រួសារ

ភ្នំពេញ ៖ អាជ្ញាធរខណ្ឌមួយចំនួន ក្នុងរាជធានីភ្នំពេញ បានបន្ត សហការជាមួយ កងទ័ពជើងគោកបន្តដឹកជញ្ជូន ស្បៀងអាហារ ទៅចែកជូនប្រជាពលរដ្ឋ ចំនួន ១៧.៣៥០គ្រួសារ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ នូវការរីករាលដាល ជំងឺកូវីដ-១៩ ។

សកម្មភាពចែកអំណោយនេះ ធ្វើឡើងតាមការណែនាំ របស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដោយដាក់បញ្ជាអាជ្ញាធរខណ្ឌទាំង១៤ សហការឲ្យបានល្អ ជាមួយកងទ័ពជើងគោក ដើម្បីចែកជូនស្បៀងអាហារ ជូនប្រជាពលរដ្ឋ មានជីវភាពខ្វះខាត ក្នុងអំឡុងពេលនៃការបិទខ្ទប់ភូមិសាស្ត្រ ។

មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា កាលពីថ្ងៃទី២៧ មេសា អាជ្ញាធរខណ្ឌនីមួយៗ បានបន្តសហ ការជាមួយកងទ័ពជើងគោកដឹកជញ្ជូនស្បៀង អាហារ ទៅជូនប្រជាពលរដ្ឋ ចំនួន ១៧៣៥០គ្រួសារ ក្នុងនោះ បានដឹកជញ្ជូន ទៅចែកជូនប្រជាពលរដ្ឋក្រីក្រី នៅខណ្ឌមានជ័យ ចំនួន៤៣០០គ្រួសារ នៅពោធិ៍សែនជ័យ ចំនួន៤៥០០គ្រួសារ ខណ្ឌដង្កោ ៥៥០គ្រួសារ ខណ្ឌសែនសុខ ១០០០គ្រួសារ ខណ្ឌព្រែកព្នៅ ១០០០គ្រួសារ ខណ្ឌឬស្សីកែវ ចំនួន១០០០គ្រួសារ ខណ្ឌជ្រោយចង្វា ១០០០គ្រួសារ ខណ្ឌដូនពេញ ចំនួន៧០០គ្រួសារ ខណ្ឌ៧មករា ៥០០គ្រួសារ ខណ្ឌទួលគោក ៥០០គ្រួសារ ខណ្ឌចំការមន ៥០០គ្រួសារ ខណ្ឌបឹងកេងកង ៥០០គ្រួសារ ខណ្ឌច្បារអំពៅ ចំនួន៨០០គ្រួសារ និងខណ្ឌកំបូល ចំនួន៥០០គ្រួសារ។

ក្នុងនោះកងកម្លាំងទ័ពជើងគោក ដោយអនុវត្តតាមបទបញ្ជា របស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងទ័ពជើងគោក បានប្រើប្រាស់ កងកម្លាំងទ័ពជើងគោក ចំនួន២០៦នាក់ និង រថយន្ត៦២គ្រឿង ដឹកជញ្ជូនស្បៀងអាហារ ៕

To Top