Covid-19

អភិបាលរាជធានីភ្នំពេញ បញ្ជាក់បន្ថែមថា តំបន់ក្រហម មិនអនុញ្ញាតឲ្យដំណើរការអាជីវកម្ម សូម្បីតែលក់អីវ៉ាន់ចាប់ហួយ

ភ្នំពេញ៖ ក្នុងពេលដែលរាជធានីភ្នំពេញ បែងចែកជា៣តំបន់ គឺតំបន់លឿង លឿងទុំ និងតំបន់ក្រហមនោះ លោក​ ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំតាមរយៈ video conference នារសៀលថ្ងៃទី២៨ មេសា បានបញ្ជាក់ថា តំបន់ក្រហម មិនអនុញ្ញាត​ឲ្យដំណើរការអាជីវកម្ម សូម្បីតែលក់ឥវ៉ាន់ចាប់ហួយ និងមិនឲ្យចេញ-ចូលដាច់ខាត ។

លោក ឃួង ស្រេង លើកឡើងថា តំបន់ក្រហមជាតំបន់​ ដែលមិនអនុញ្ញាតឲ្យធ្វើអាជីវកម្មដាច់ខាត សូម្បីតែការលក់ដូរ អីវ៉ាន់ចាប់ហួយ ហើយការធ្វើដំណើរចេញ-ចូល ក៏ត្រូវបានហាមដាច់ខាតផងដែរ ទោះជាដើរពីផ្ទះមួយ​ ទៅផ្ទះមួយក៏ដោយ និងត្រូវអនុវត្ត ឲ្យបានម៉ឺងម៉ាត់បំផុត​ ចាប់ពីថ្ងៃទី២៩ មេសានេះតទៅ ។

លោកឃួង ស្រេង មានប្រសាសន៍ថា កិច្ចប្រជុំនេះធ្វើឡើង ដើម្បីអនុវត្តនូវវិធានការ​ បិទខ្ទប់តំបន់ដែលត្រូវបិទខ្ទប់ ពិសេសតំបន់ពណ៌លឿងទុំ និងតំបន់ក្រហម ។ ក្នុងតំបន់ទាំង២នេះ អាជ្ញាធរខណ្ឌត្រូវចុះល្បាត ក្នុងមូលដ្ឋាននេះជាប្រចាំ ដើម្បីទទួលបាន ព័ត៌មាន ដោយមិនឲ្យមាន ការជួបជុំ ឬផឹកស៊ី ជាដាច់ខាត បើមានត្រូវតែចាប់យក មកអនុវត្តទោស ។

លោកអភិបាលរាជធានីភ្នំពេញ បានបន្តទៀតថា ការទប់ស្កាត់ការរីករាលដាល ជំងឺកូវីដ-១៩ បើមិនមានការចូលរួម សហការពីប្រជាពលរដ្ឋទេ គឺមិនអាច លុបបំបាត់បាននោះទេ ដូច្នេះត្រូវតែផ្សព្វផ្សាយ និងធ្វើចលនាឲ្យពួកគាត់ បានចូលរួម អនុវត្តនូវវិធានការ របស់ក្រសួងសុខាភិបាល និងវិធានការរបស់អាជ្ញាធរយើង ។

ក្នុងកិច្ចប្រជុំនោះ លោក ឃួង ស្រេង ក៏បានជម្រុញឲ្យបន្ត ការចែកអំណោយ ជូនប្រជាពលរដ្ឋក្រីក្រ ពិសេសការផ្តល់អំណោយ ជូនបងប្អូន កម្មករ កម្មការិនី ទៅដល់តាមបន្ទប់ជួល ។ មកដល់ពេលនេះ បានចែកអំណោយ ទៅប្រជាពលរដ្ឋ និងកម្មករ កម្មការិនី បានប្រមាណ ១០ម៉ឺនគ្រួសារហើយ តែក៏នៅតែមានការស្រែក រកជំនួយទៀត ដែលការងារនេះ ត្រូវតែធ្វើបន្ត និងឲ្យចំគោលដៅ ចំអ្នកដែលខ្វះខាតជាងគេ៕

To Top