ព័ត៌មានជាតិ

អភិបាលខេត្តព្រះសីហនុ ក្រើនរំលឹកពលរដ្ឋ ដែលមានការសង្ស័យ ប៉ះពាល់ផ្ទាល់ ឬប្រយោល ត្រូវទៅយកសំណាក ឱ្យលឿនបំផុត

ភ្នំពេញ ៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានក្រើនរំលឹកដល់ប្រជាពលរដ្ឋខ្លួនថា ប្រសិនបើមានការសង្ស័យ ឬប៉ះពាល់ផ្ទាល់ និងប្រយោលជាមួយ អ្នកមានផ្ទុកវីរុសកូវីដ-១៩ ត្រូវទៅយកសំណាក ឱ្យបានលឿនជាទីបំផុត នៅតាមទី តាំងដែលរដ្ឋបាលខេត្ត បានជូនដំណឹងកន្លងមក។

យោងតាមគេហទំព័រហ្វេសប៊ុក របស់រដ្ឋបាលខេត្តព្រះសីហនុ នាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ លោក គួច ចំរើន បានឲ្យដឹងថា ការផ្ដល់សំណាក ឱ្យបានលឿនជាទីបំផុត គឺដើម្បីវិភាគរកមេរោគកូវីដ-១៩ ទាន់ពេលវេលា ហើយវាជាវិធានការណ៍មួយដ៏ល្អ សម្រាប់ខ្លួន ក្រុមគ្រួសារ និងសង្គមជាតិ។

លោក បានថ្លែងថា «នៅពេលយើងមានការសង្ស័យ នូវអាការ:ណាមួយ ឬបានប៉ះពាល់ផ្ទាល់ និងប្រយោលជាមួយអ្នកមានវិជ្ជមានកូវីដ-១៩ ត្រូវទៅយកសំណាកវិភាគរកមេរោគកូវីដ និងប្រឹក្សាយោបល់ ជាមួយក្រុមគ្រូពេទ្យភ្លាម អ្នកជំងឺទាំងអស់ នឹងព្យាបាលជាសះស្បើយ១០០ភាគរយ។ ប្រសិនបើយើងទុកដល់ពេលវីរុសកូវីដ-១៩ វាយលុកធ្ងន់ធ្ងរ ទើបយើងចូលពេទ្យ វាពិបាកក្នុងការព្យាបាល ហើយមានហានិភ័យ ដល់អាយុជីវិតខ្ពស់បំផុត»។

លោកអភិបាលខេត្ត ក៏បានបញ្ជាក់ថា ការធ្វេសប្រហែស ការបណ្តែតបណ្តោយ ឬការភ័យខ្លាចវាជាដើមចមមួយ ដែលធ្វើឱ្យខ្លួន ក្រុមគ្រួសារ ជួបហានិភ័យធ្ងន់ធ្ងរ រហូតបាត់បង់អាយុជីវិត ថែមទៀតផង ។

លោកថា យ៉ាងណាម៉ិញ នៅខេត្តព្រះសីហនុ មានមនុស្សប្រុស-ស្រី ចំនួន ៥នាក់ហើយ ដែលបានបាត់បង់អាយុជីវិតដោយសារតែជំងឺកូវីដ-១៩ កើតឡើងក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភ: ។

លោករៀបរាប់ថា មូលហេតុដែលបង្កឱ្យមានមនុស្សស្លាប់នេះ គឺបណ្តាលមកពីកត្តាធំៗ ចំនួន២ រួមមាន ៖ ទី១-ការធ្វេសប្រហែស មិនព្រមទៅយកសំណាក វិភាគរកមេរោគកូវីដ-១៩ និងទី២-ការតក់ស្លុត នៅពេលដឹងថា ខ្លួនមានវីរុសកូវីដ-១៩ ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top