ព័ត៌មានជាតិ

លោកស្រី ឱ វណ្ណឌីន បញ្ជាក់ថា ឱសថ Lianhua Qingwen Capsules ជាជំនួយរបស់មិត្តចិន មិនមែនជាថ្នាំព្យាបាល ជំងឺកូវីដ១៩ ឲ្យជាសះស្បើយទេ

ភ្នំពេញ ៖ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួង សុខាភិបាល លោកស្រី ឱ វណ្ណឌីន បានពន្យល់អំពីឱសថ បុរាណ Lianhua Qingwen Capsules ដែលកម្ពុជា ទទួលបានពីមិត្តដែកថែបចិន គឺមិនមែនជាឧសថ សម្រាប់ព្យាបាលជំងឺកូវីដ១៩ ឲ្យជាសះស្បើយនោះទេ។

លោកស្រីថា វាគ្រាន់តែជាប្រភេទ ឱសថបុរាណចិន ប៉ុណ្ណោះ ។ នេះបើយោងតាមសារជាសំឡេង របស់លោកស្រីអ្នកនាំពាក្យ នៅក្នុងបណ្តាញសង្គមតេឡេក្រាម នារសៀលថ្ងៃ២៩ មេសា ។

លោកស្រីបន្តថា “ថ្នាំហ្នឹងជាប្រភេទ ឱសថបុរាណចិន ដែលមិនមានដាក់ថា ព្យាបាលជំងឺកូវីដ ជានោះទេ ។ ក្រសួងសុខាភិបាល ទទួលស្គាល់នេះ គឺក្នុងនាមជាឱសថបុរាណផ្សេងៗទៀត ដែលស្នើសុំមកចុះបញ្ជីការ នៅក្រសួង” ។

ផ្ទាំងពាណិជ្ជកម្ម

លោកស្រីឱ វណ្ណឌីនបញ្ជាក់ទៀតថា ក្នុងបញ្ជីការក៏អត់បានដាក់ថា ព្យាបាលជំងឺកូវីដជានោះទេ គឺទទួល ស្គាល់ជាប្រភេទឱស ថបុរាណចិនប៉ុណ្ណោះ ។

បើយោងតាមសេចក្ដីជូនព័ត៌មានរបស់ ក្រសួងសុខា ភិបាលនៅថ្ងៃទី២៩មេសា នេះគឺរដ្ឋាភិបាលចិន បាន ប្រគល់ឱសថបុរាណចិន ឈ្មោះ Lianhua Qingwen Capsules ចំនួន៨៨,០០០ ប្រអប់ ជូនរាជរដ្ឋាភិបាលកម្ពុជា ក្រោមកិច្ចសហប្រតិបត្តិការ ក្នុងភាពជាដៃគូយុទ្ធសាស្ដ្រ គ្រប់ជ្រុងជ្រាយ និងការសម្របសម្រួល យ៉ាងសកម្មរបស់ស្ថានទូតចិន ប្រចាំកម្ពុជា ៕

To Top