ព័ត៌មានជាតិ

សម្តេចតេជោ អបអរសាទរ ខួប២២ឆ្នាំ កម្ពុជា ចូលជាសមាជិក អាស៊ាន (Video)

ភ្នំពេញ ៖ ក្នុងឱកាសខួប២២ឆ្នាំ (៣០ មេសា ១៩៩៩-៣០ មេសា ២០២១) ដែលកម្ពុជាក្លាយជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅថាអាស៊ាន(ASEAN)សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជាបានសម្តែងការអបអរសាទរ និងបានលើកពីប្រវត្តិកម្ពុជាបានក្លាយជាសមាជិកផងដែរ។

បើតាមហ្វេសប៊ុករបស់សម្តេច ចាប់តាំងពីបានក្លាយជាសមាជិកអាស៊ានមក កម្ពុជាបានធ្វើការយ៉ាងជិតស្និទ្ធជាមួយសមាជិកដទៃទៀត ក្នុងការកសាងសហគមន៍អាស៊ានមួយ ដែលផ្តោតលើប្រជាជន និងយក ប្រជាជនជាស្នូល ក្នុងស្មារតីនៃភាពម្ចាស់ការ និងការទទួលខុសត្រូវរួម។

សម្តេចនាយករដ្ឋមន្ត្រីបន្តថា បន្ទាប់ពីការស្វះស្វែងតាម នយោបាយការទូតយ៉ាងស្វិតស្វាញ និងទន់ភ្លន់ កម្ពុជាត្រូវបានអាស៊ាន សម្រេចឲ្យចូលជាសមាជិកទី១០ ក្នុងកិច្ចប្រជុំកំពូលរបស់ខ្លួននៅទីក្រុងហាណូយ ប្រទេសវៀតណាម នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩។ 

សម្តេចតេជោបន្ថែមថា អាស៊ានបានក្លាយជាស្នូលមួយនៃនយោបាយការបរទេសរបស់កម្ពុជា ដែលអាចឆ្លុះបញ្ចាំងបានតាមរយៈការផ្សារភ្ជាប់ការអភិវឌ្ឍ ផ្នែកនយោបាយ សង្គម សេដ្ឋកិច្ចរបស់កម្ពុជា ទៅនឹងសមាហរណកម្មតំបន់ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។ 

នាយរដ្ឋមន្រ្តីលើកបន្តទៀតថា ការក្លាយទៅជាសមាជិកអាស៊ាននេះ គឺជាជោគជ័យនៃការទូតមួយរបស់ប្រទេសកម្ពុជា ក្នុងកាពង្រីកអនុភាព និងបង្កើនតួនាទីរបស់ខ្លួនកាន់តែសកម្ម នៅក្នុងតំបន់ផងដែរ។

សូមបញ្ជាក់ថា ក្រោយចូលជាសមាជិកអាស៊ាន បាន១០ឆ្នាំកម្ពុជាបានធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ានកាលពីឆ្នាំ២០១២ ហើយនៅឆ្នាំ២០២២ខាងមុខបើតាមគម្រោងកម្ពុជានឹងធ្វើជាម្ចាស់នៃកិច្ចប្រជុំម្តងទៀត៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top