ព័ត៌មានជាតិ

មេប៉ូលិស ដាក់បទបញ្ជា ឱ្យទប់ស្កាត់ និងបង្ក្រាបជាបន្ទាន់ នូវសកម្មភាពឆ្លងដែនខុសច្បាប់ និងលួចនាំជនបរទេស ចេញពីតំបន់បិទខ្ទប់ (Video)

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានធ្វើការណែនាំដល់អគ្គស្នងការរង ប្រធាននាយកដ្ឋាន-អង្គភាព ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ត្រូវអនុវត្តវិធានការបង្ការ ទប់ស្កាត់ និងបង្រ្កាបជាបន្ទាន់ ចំពោះសកម្មភាពឆ្លងដែនដោយខុសច្បាប់ និងការរលួចលាក់នាំជនបរទេសចេញពីភូមិសាស្ដ្របិទខ្ទប់។

ក្នុងសេចក្ដីណែនាំរបស់ អគ្គស្នងការនគរបាលជាតិ កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ នាយឧត្តមសេនីយ៍ នេត សាវឿន បានបញ្ជាក់ថា «ត្រូវកសាងផែនការសកម្មភាព និងចាត់តាំងអនុវត្តជាបន្ទាន់ ដើម្បីបង្ការ ទប់ស្កាត់ និងបង្ក្រាប ប្រកបដោយប្រសិទ្ធភាព ទាន់ពេលវេលា នូវរាល់សកម្មភាពនៃការនាំមនុស្ស ចេញ-ចូល ឆ្លងដែនដោយខុសច្បាប់រួមទាំង ការលួចលាក់នាំជនបរទេសចេញពីភូមិសាស្ត្របិទខ្ទប់ ឬក៏ចល័តបំពានវិធានការបង្ការ ទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ និងវិធានការបិទខ្ទប់ភូមិសាស្ត្ររបស់រាជរដ្ឋាភិបាល»។

នាយឧត្តមសេនីយ៍ បន្ដថា ផែនសន្តិសុខ ផែនយុត្តិធម៌ ផែនការពារព្រំដែន និងផែនជំនាញពាក់ព័ន្ធ ត្រូវកសាងផែនការ ជំនាញ សំដៅចូលរួមចំណែកក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបសកម្មភាពឆ្លងដែនខុសច្បាប់ និងអំពើរត់ពន្ធមនុស្ស ប្រកបដោយប្រសិទ្ធភាពខ្ពស់។

ផ្ទាំងពាណិជ្ជកម្ម

នាយឧត្តមសេនីយ៍ ក៏បានបន្ថែមថា ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ត្រូវពង្រឹងកិច្ចការសំខាន់ៗមួយចំនួនបន្ថែម ទៀតដូចជា ត្រូវធ្វើសេនាធិការជូនគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី-ខេត្ត ក្នុងការជំរុញការងារផ្សព្វផ្សាយ អប់រំប្រជាពលរដ្ឋឲ្យបានយល់ដឹង និងចូលរួមក្នុងការបង្ការ ទប់ស្កាត់សកម្មភាពនាំមនុស្សឆ្លងដែនដោយខុសច្បាប់ និងការលួចនាំជនបរទេសចល័តចេញ-ចូលនៅមូលដ្ឋាន បំពានទៅនឹងវិធានការបង្ការ ទប់ស្កាត់ការឆ្លង រាលដាលជំងឺកូវីដ-១៩។

នាយឧត្តមសេនីយ៍ នេត សាវឿន ក៏បានលើកឡើងថា ចំពោះជនបរទេសគេចវេសពីការធ្វើចត្តាឡីស័ក ឬពីមណ្ឌលចត្តាឡីស័ក ឬក៏បំពានទៅនឹងវិធានការបិទខ្ទប់ ត្រូវឃាត់ខ្លួនបញ្ជូនទៅធ្វើចត្តាឡីស័ក និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមផ្លូវច្បាប់៕

To Top