ព័ត៌មានជាតិ

អាជ្ញាធរខេត្តសៀមរាប សម្រេចបិទខ្ទប់ផ្សារកន្រ្តក ក្រោយរកឃើញអ្នកឆ្លងថ្មី ១៥នាក់

ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី៣០ខែមេសា ឆ្នាំ២០២១ នេះ បានសម្រេចបិទខ្ទប់ការចេញ ចូលជាបណ្ដោះ-អាសន្ន ក្នុងបរិវេណផ្សារកន្រ្តក ដែលស្ថិតនៅភូមិកន្រ្តក សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ចាប់ពីកាលបរិច្ឆេទ ជូនដំណឹងនេះតទៅ រហូតដល់មានការជូនដំណឹងជាថ្មីឡើងវិញ។

ការបិទនេះធ្វើឡើងក្រោយ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន១៥នាក់ កាលពីម្សិលមិញ ដែលត្រូវបានក្រុមគ្រូពេទ្យ បានដាក់ឱ្យសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ។

រដ្ឋបាលខេត្តបានឱ្យដឹងថា ក្នុងចំណោមអ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង១៥នាក់ នោះ មានអ្នកជំងឺម្នាក់ឈ្មោះ រិទ្ធ គន្ធី ភេទប្រុស អាយុ១៩ឆ្នាំ មានអាសយដ្ឋាននៅភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ធ្លាប់បានចេញ ចូលផ្សារកន្រ្តក ស្ថិតនៅភូមិកន្រ្តក សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប នៅចន្លោះថ្ងៃទី២៥ ទៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១។

ចំពោះករណីនេះ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត សម្រេចបិទខ្ទប់ការចេញ ចូលជាបណ្ដោះ-អាសន្ន ក្នុងបរិវេណផ្សារកន្រ្តក ដែលស្ថិតនៅភូមិកន្រ្តក សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ចាប់ពីកាលបរិច្ឆេទ ជូនដំណឹងនេះតទៅ រហូតដល់មានការជូន ដំណឹងជាថ្មីឡើងវិញ។

ជាមួយគ្នានេះ រដ្ឋបាលខេត្តសៀមរាប សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋ អំពីមុខសញ្ញាពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោលជាមួយអ្នកវិជ្ជមានខាងលើ ឬទីតាំងដែលបានបិទខ្ទប់ ចាប់ពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ សូមរួសរាន់ធ្វើចត្តាឡីស័ក តាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត។

ប្រសិនបើមានការប្រែប្រួលសុខភាព សូមផ្តល់ព័ត៌មាន មកកាន់លេខទូរស័ព្ទ ០១២ ៩៥៥ ៤៧៤/០៧៧ ៧៨៩ ០០៧ ដើម្បីក្រុមការងារចាត់វិធានការ ក្នុងការយកសំណាកធ្វើតេស្តស្រាវជ្រាវ ។

រដ្ឋបាលខេត្តសៀមរាប សង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តឱ្យបានម៉ឺងមាត់ និងអនុវត្តនូវវិធានការ ការពាររបស់រាជរដ្ឋាភិបាល និងការណែនាំ របស់ក្រសួងសុខាភិបាល ៕

To Top