ព័ត៌មានជាតិ

ខណៈរកឃើញ អ្នកវិជ្ជមានកូវីដ-១៩ កើនឡើង អាជ្ញាធរខេត្តកំពង់ចាម បានចុះពន្លឿនការជួសជុល មន្ទីពេទ្យមេគង្គកំពង់ចាម

កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម និងជាប្រធាន គណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ លោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២១នេះ រួមជាមួយនឹងមន្ត្រីពាក់ព័ន្ធ បានចុះពិនិត្យ និងពន្លឿនដំណើរការជួសជុល មន្ទីពេទ្យមេគង្គកំពង់ចាម ក្រោយរកឃើញអ្នកវិជ្ជមានកូវីដ-១៩ថ្មី ចំនួន ៣៩នាក់ ។

តាមមន្ត្រីរដ្ឋបាល សាលាខេត្តកំពង់ចាមបានឲ្យដឹងថា ដោយសាររដ្ឋបាលខេត្តរកឃើញអ្នកវិជ្ជមានកូវីដ-១៩ មានការកើនឡើង ហេតុដូច្នេះហើយ ទើបអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ លោក អ៊ុន ចាន់ដា រួមនិងអ្នកពាក់ព័ន្ធ បានចុះពិនិត្យ ដើម្បីពន្លឿនការជួសជុល មន្ទីពេទ្យមេគង្គកំពង់ចាមនេះ ឲ្យបានឆាប់រួចរាល់ ដើម្បីត្រៀមដាក់ព្យាបាលអ្នកជំងឺកូវីដ-១៩ នៅក្នុងខេត្តកំពង់ចាមផង និងមកពីខេត្តត្បូងឃ្មុំផងដែរ ។

មន្ត្រីដដែលបន្តថា មន្ទីពេទ្យមេគង្គកំពង់ចាម មកដល់ពេលនេះ ជួសជុលបាន ៩៥% ហើយ នឹងអាចបញ្ចប់នៅត្រឹមថ្ងៃទី១០ ខែឧសភា ឆ្នាំ ២០២១ ខាងមុខនេះ។

មន្ត្រីរដ្ឋបាលសាលាខេត្ត បានបញ្ជាក់ថា មន្ទីរពេទ្យនេះ ជួសជុលសម្រាប់ព្យាបាល អ្នកជំងឺកូវីដ-១៩ មាន៧០បន្ទប់ និងអាចដាក់ព្យាបាលអ្នកជំងឺ បានរហូតដល់ទៅប្រមាណ ជាជាង ២០០ នាក់ ។

សូមរំលឹកថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានសម្រេច ឲ្យរដ្ឋបាលខេត្តកំពង់ចាម យកសណ្ឋាគារមេគង្គ ធ្វើជាមន្ទីរពេទ្យសម្រាប់ព្យាបាល អ្នកកើតជំងឺកូវីដ-១៩ នៅខេត្តកំពង់ចាម និងមកពីខេត្តត្បូងឃ្មុំ ។

To Top