ព័ត៌មានជាតិ

ក្រសួងការពារជាតិ គ្រោងចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋ រស់នៅតំបន់ក្រហម ឱ្យចប់រួចរាល់ត្រឹមខែឧសភា

ភ្នំពេញ ៖ សម្តេច ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានថ្លែងថា ក្រុមការងារអនុគណៈកម្មការ ចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ របស់ក្រសួងការពារជាតិ គ្រោងចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ រស់នៅតំបន់ក្រហម ឱ្យរួចរាល់ត្រឹម ខែឧសភា ឆ្នាំ២០២១។

ថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា បញ្ជាឱ្យក្រសួងការពារជាតិរៀបចំចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋរស់ នៅតំបន់ក្រហម ដោយត្រៀមវ៉ាក់សាំង ចំនួន៩០ម៉ឺនដូស។

ក្នុងឱកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនដល់ប្រជាពលដ្ឋនៅតំបន់ក្រហម ធ្វើឡើងនៅបញ្ជាការដ្ឋានកងពល លេខ៧០ នាថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ សម្តេច ទៀ បាញ់ បានប្រាប់ក្រុមអ្នកសារព័ត៌មានថា យុទ្ធនាការចាក់វ៉ាក់សាំ ង នឹងចាប់ផ្តើមពីថ្ងៃទី១ ឧសភា ស្អែកនេះតទៅ ដោយមាន ប្រជាពលរដ្ឋ កម្មករ និយោជិតនិងជនបរទេស រស់នៅខណ្ឌ មានជ័យ ពោធិ៍សែនជ័យ កំបូល និងដង្ការ ជាង៤៥ម៉ឺននាក់។

សម្ដេច មានប្រសាសន៍ថា «យើងគ្រោងចាក់ក្នុងខែឧសភាហ្នឹងឱ្យហើយ ទាំង២ដូស ដូច្នេះពីថ្ងៃទី១ ឧសភា ដល់ថ្ងៃទី១៦ ឧសភា បានមកចាក់ម្ជុលទី២ហើយ យើងដឹងស្រាប់ហើយ ម្ជុលទី២នេះ គឺចាក់លឿនជាងម្ជុលទី១ យើងគិតគូរហើយ អាចនឹង១ខែចប់ហើយ»។

សម្ដេច រៀបរាប់ថា រាជធានីភ្នំពេញ មានអ្នកឆ្លងជំងឺកូវីដ-១៩ខ្លាំង ហើយរដ្ឋាភិបាលដាក់ចេញជាតំបន់ក្រហម តំបន់លឿង និងតំបន់លឿងទុំ។ ជាមួយគ្នានេះដែរ រាជរដ្ឋាភិបាល ក៏បានយកវ៉ាក់សាំងទៅចាក់ជូនប្រជាពលរដ្ឋរស់នៅ នៅតំបន់ក្រហម ដើម្បីធ្វើយ៉ាងណាទប់ទល់ជំងឺកូវីដ-១៩ ឱ្យមានប្រសិទ្ធភាព នៅតាមតំបន់ក្រហម។

សូមរំលឹកថា ក្រុមការងារអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ របស់ក្រសួងការពារជាតិ បានចាត់កម្លាំងចូលរួម យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋរស់នៅតំបន់ក្រហម ចំនួន១,៤៩០នាក់ ក្នុងនោះ ៖ ក្រុមការងារចាក់វ៉ាក់សាំង ចំនួន៤៥០នាក់ ,ក្រុមបម្រើការ និងសណ្តាប់ធ្នាប់ ចំនួន៩០០នាក់, ក្រុមដឹកជញ្ជូន ចំនួន ៥០នាក់ និងក្រុមធ្វើប័ណ្ណចាក់វ៉ាក់សាំង ចំនួន២៧០នាក់៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top