ព័ត៌មានជាតិ

អភិបាល ខេត្តកំពង់ចាម ចេញបញ្ជាដាច់ខាត មិនឲ្យមានការចេញចូល ឬលក់ដូរ គ្រប់ភូមិ-ឃុំ បិទខ្ទប់ទាំងអស់ក្នុងខេត្ត

កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ លោក អ៊ុន ចាន់ដា នៅថ្ងៃទី ០២ ខែឧសភា ឆ្នាំ២០២១ នេះ ខណៈពេលចុះពិនិត្យ តំបន់មួយចំនួន ពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ នៅក្នុងស្រុកចំការលើ បានចេញបទបញ្ជាដាច់ខាត មិនអនុញ្ញាតឲ្យមានការចេញ-ចូល នៅក្នុងភូមិ-ឃុំ បិទខ្ទប់ទាំងអស់ក្នុងខេត្តកំពង់ចាម ដើម្បីកាត់ផ្ដាច់ខ្សែចម្លងជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍មួយ ទៅសហគមន៍មួយទៀត ។

លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ថា ពាក្យថាបិទខ្ទប់បានន័យថា ហាមមិនអោយចេញ-ចូល ធ្វើចរាចរណ៍ពីកន្លែងមួយទៅកន្លែងមួយទៀតជាដាច់ខាត រួមទាំងប្រជាពលរដ្ឋនៅតាមផ្ទះ មិនអនុញ្ញាតឱ្យចេញ-ចូល ពីផ្ទះមួយទៅផ្ទះមួយទៀតនោះទេ ចំពោះការលក់ដូរមិនអនុញ្ញាតឲ្យលក់ទេ ដោយហេតុថា ប្រសិនបើមានអ្នកលក់ដូរប្រាកដជាមានអ្នកចូលមកទិញពាក់ព័ន្ធគ្នា ។

លោកអភិបាលខេត្ត បានបញ្ជាក់ថា ទន្ទឹមនឹងការហាមឃាត់លក់ដូរ អាជ្ញាធរមូលដ្ឋាន ត្រូវអនុវត្តតាមវិធានការ ២យ៉ាង ៖
ទី១ .ត្រូវឲ្យមានការលក់ដូរ នៅនឹងកន្លែង ព្រំប្រទល់បិទខ្ទប់តែម្ដងដោយអនុញ្ញាត ឲ្យមានអ្នកលក់ដូរ មិនលើសពី ០៥ នាក់ និងប្រជាពលរដ្ឋដែលមកទិញទំនិញ អនុញ្ញាតឱ្យផ្ទះមួយសមាជិកគ្រួសារម្នាក់ មកទិញក្នុងមួយសប្តាហ៍ អាចចេញមកទិញទំនិញបាន ៣ដង។ ក្នុងនោះដែរចំពោះអ្នកលក់អាជ្ញាធរដែនដីត្រូវតែកំណត់ឲ្យពួកគាត់ អនុវត្តវិធានការអនាម័យជាប្រចាំ ដោយត្រូវឲ្យពាក់ម៉ាស ស្រោមដៃ វាស់កំដៅ និងបាញ់អាល់កុល នឹងរក្សាគម្លាត ។ ចៀសវាងទទួលការចម្លង តាមរូបភាពផ្សេងៗ ដូចជាតាមរយៈក្រដាសប្រាក់ ក៏អាចចម្លងជំងឺនេះបានដែរ ដូច្នេះអ្នកលក់ដូរត្រូវប្រើស្រោមដៃ និងប្រើអាល់កុល បាញ់សំអាត ក្រោយពេលប៉ះពាល់ក្រដាសប្រាក់ ។

ទី២ .គឺអាជ្ញាធរត្រូវរៀបចំឲ្យមានការលក់ដូរចល័ត ដឹកជោយម៉ូតូរ៉ឺម៉ក ឬតាមpassapp នឹងត្រូវឲ្យពួកគាត់អនុវត្តអនាម័យ មានពាក់ម៉ាស ពាក់ស្រោមដៃ និងប្រើអាល់កុលឲ្យបានត្រឹមត្រូវ ដោយលក់នៅតាមផ្លូវក្រៅរបងផ្ទះ និងប្រើឧបករណ៍បំពងសម្លេង ។

ដោយឡែកចំពោះមន្ត្រីអាជ្ញាធរដែលបំពេញភារកិច្ចតាមគោលដៅត្រូវ ពាក់កាតជាប្រចាំ ដើម្បីសម្គាល់ឲ្យដឹងថា ជាមន្ត្រីបំពេញភារកិច្ចនៅទីនោះ លើកលែងតែ កម្លាំងនគរបាល និងកម្លាំងអាវុធហត្ថគឺមានឯកសណ្ឋានត្រឹមត្រូវហើយ ។

To Top