ព័ត៌មានជាតិ

ឧកញ៉ា ម៉ុង ឬទ្ធី និងសប្បុរសជន នាំយកថវិកា ជាង៣០ម៉ឺនដុល្លារ ប្រគល់ជូន រដ្ឋបាលរាជធានី សម្រាប់ជួយពលរដ្ឋ ខ្វះខាត នៅតំបន់ក្រហម

ភ្នំពេញ៖ អ្នកឧកញ៉ាបណ្ឌិត ម៉ុង ឬទ្ធី សមាជិកព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងសប្បុរជននានា ប្រមាណជា៧០នាក់ ប្រមូលថវិកា ៣០២.២៥០ដុល្លារ មកប្រគល់ជូន រដ្ឋបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១នេះ ដើម្បីជួយដល់ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត នៅតំបន់ក្រហម នៅក្នុងរាជធានីភ្នំពេញ ។

ក្នុងឱកាសនោះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើងថា នេះជាគំរូដ៏ល្អមួយ សម្រាប់កូនចៅជំនាន់ក្រោយទៀត ដើម្បីឱ្យពួកគេបានរៀនសូត្រ ក្នុងការចែករំលែកជួយគ្នា ក្នុងពេលដែលជួប នូវការលំបាកបែបនេះ ។ ថវិកាទាំងនេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងចាត់ចែងយកទៅទិញ ស្បៀងអាហារជាបន្ទាន់ ដើម្បីចែកជូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត នៅតំបន់បិទខ្ទប់ ក្នុងរាជធានីភ្នំពេញ។

ផ្ទាំងពាណិជ្ជកម្ម

ក្នុងនោះដែរ អ្នកឧកញ៉ាបណ្ឌិតម៉ុង ឫទ្ធី បានឲ្យដឹងថា ការកៀងគរថវិកានេះ ជាសកម្មភាពលើកទីមួយហើយ ដែលកៀងគរបានថវិកា សរុប ចំនួន ៣០២.២៥០ដុល្លារសហរដ្ឋអាមេរិក ប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ នាពេលនេះ ដើម្បីជួយបងប្អូន ដែលមានការជីវភាពខ្វះខាត ក្នុងដំណាក់កាលជម្ងឺកូវីដ-១៩នេះ ។ ដោយសារជឿទុកចិត្ត មកលើអាជ្ញាធររាជធានីភ្នំពេញ ដោយជឿជាក់ថា អំណោយខាងលើនេះ អភិបាលរាជធានីភ្នំពេញ នឹងធ្វើការចាត់ចែង ជូនទៅដល់ដៃ បងប្អូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត នៅតំបន់បិទខ្ទប់នេះមិនខាន។

អ្នកឧកញ៉ាម៉ុង ឬទ្ធី បានបញ្ជាក់ទៀតដែរថា ក្រោយពីរួមគ្នា គ្រប់គ្រង ទប់ស្កាត់នូវការរីករាលដាល នៃជំងឺកូវីដ-១៩ បានហើយនោះ អ្នកឧកញ៉ា លោកឧកញ៉ានឹងមានឱកាស បានរកស៊ីឡើងវិញ៕

To Top